រាជធានីគួឡាឡាំពួរ ៖ ក្រោយពេលនាយករដ្ឋមន្រ្ដីមុនលាលែងពីតំណែងនោះមក រហូតមកដល់ពេលនេះ លោក Ismail Sabri បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដីទី៩ នៃប្រទេសម៉ាឡេស៊ី។
បើតាមសារព័ត៌មាន CNA បានផ្សាយ កាលពីថ្ងៃទី២០ ខែសីហា ថា លោក Ismail Sabri Yaakob មកពី UMNO បានតែងតាំងជានាយករដ្ឋមន្រ្ដីទី៩ របស់ប្រទេសអាស៊ានមួយនេះ។ លោក Ismail Sabri Yaakob មានវ័យ៦១ឆ្នាំ ជាអ្នកនយោបាយជើងចាស់ និងជាសមាជិកសភា មកពីរដ្ឋ Bera និង Pahang ចាប់តាំងពីឆ្នាំ២០០៤មក។ ការតែងតាំងលោក Sabri Yaakob ជានាយករដ្ឋមន្ត្រីទី៩របស់ម៉ាឡេស៊ីនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីតំណាងរាស្ត្រ។
នៅក្នុងការបោះឆ្នោត លោក Sabri Yaakob ទទួលបានសំឡេងគាំទ្រ រហូតដល់ទៅ ១១៤នាក់ក្នុងចំណោមតំណាងរាស្ត្រ២២០នាក់។ ប៉ុន្ដែកាលពីល្ងាច ថ្ងៃទី២០ ខែសីហា ព្រះបរមរាជវាំងម៉ាឡេស៊ី បានប្រកាសតែងតាំងលោក Sabri Yaakob ជា អនុប្រធានគណបក្សប្រជាជនម៉ាឡេស៊ី (UMNO) ធ្វើជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសនេះ។ ការសម្រេចខាងលើកើតឡើង ក្រោយពេលព្រះមហាក្សត្រ Al-Sultan Abdullah បានប្រជុំជាមួយក្រុមប្រឹក្សាព្រះបរមរាជវាំង ។

រដ្ឋសភាម៉ាឡេស៊ី មានចំនួន២២២កៅអី ប៉ុន្តែនៅពេលនេះ មានតំណាងរាស្ត្រតែ២២០នាក់ប៉ុណ្ណោះ ដោយសារតែមិនទាន់បោះឆ្នោតបំពេញបន្ថែម ជំនួសតំណាងរាស្ត្រពីររូប ដែលបានស្លាប់ កាលពីឆ្នាំ២០២០។ បើតាមច្បាប់រដ្ឋធម្មនុញ្ញម៉ាឡេស៊ី ចែងថា ការក្លាយជានាយករដ្ឋមន្ត្រី ត្រូវទទួលបានការគាំទ្រ ពីតំណាងរាស្ត្រ១១១នាក់ ។
ក្រោយពេលបាត់បង់ការគាំទ្រពីសមាជិករដ្ឋសភាយ៉ាងច្រើន ធ្វើឲ្យលោក Muhyiddin Yassin នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រេចចិត្តប្រកាសលាលែងចេញពីតំណែង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១៕រក្សាសិទ្ធិដោយ៖សារាយSN





