Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីប្រឹក្សាជាន់ខ្ពស់ ប្រធានាធិបតីអាហ្វហ្គនីស្ថាន៖ លោក Ashraf Ghani ភៀសខ្លួន មានតែសម្លៀកបំពាក់ជាប់ខ្លួន

បរទេស ៖ ក្រោយពេលពួកតាលីបង់ បានចូលកាន់កាប់រដ្ឋធានីកាប៊ូល ប្រទេសអាហ្វហ្គានីស្ថានរួចមក មានបណ្ដាញផ្សព្វផ្សាយជាច្រើន បានផ្សាយថា ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានរត់ភៀសខ្លួនទៅជាមួយនឹងរថយន្ដ៤គ្រឿង ដែលមានលុយពេញរថយន្ដទាំងនោះ ប៉ុន្ដែទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក Ashraf Ghani បានច្រានចោល ហើយបានអះអាងថា លោកប្រធានាធិបតី បានរត់ភៀសខ្លួន មានតែសម្លៀកបំពាក់ នៅជាប់នឹងខ្លួនតែប៉ុណ្ណោះ។

បើតាមសារព័ត៌មាន CNN បានផ្សាយ កាលពីថ្ងៃទី២០ ខែសីហា ថា មន្រ្ដីជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលត្រូវបណ្ដេញចេញពីអំណាច លោក Ashraf Ghani បានរត់ភៀសខ្លួន ចេញពីក្រុងកាប៊ូល ដោយមានតែសម្លៀកបំពាក់ជាប់នឹងខ្លួនតែប៉ុណ្ណោះ។ លោក Ghani បានរត់ភៀសខ្លួន នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ មុនពេលពួកតាលីបង់ ចូលដល់រដ្ឋធានីកាប៊ូល។

មន្រ្ដីជាន់ខ្ពស់រូបនេះ បានប្រាប់ដល់ CNN ថា នៅម៉ោងចុងក្រោយ សមាជិកជាន់ខ្ពស់ម្នាក់ នៃរដ្ឋបាលរបស់លោក Ghani បានជួបប្រជុំ នៅក្នុងរដ្ឋធានីកាប៊ូល ជាមួយនឹងសមាជិកលេចធ្លោម្នាក់ នៃក្រុមសម្ព័ន្ធមិត្តជាមួយនឹងតាលីបង់ និង អាល់កៃដា បានប្រាប់គាត់ ដោយត្រង់ថា រដ្ឋាភិបាលត្រូវតែចុះចាញ់។

ទីប្រឹក្សាដដែល បានបញ្ជាក់ថា «នៅក្នុងថ្ងៃដែលនាំឱ្យពួកតាលីបង់មកដល់ទីក្រុងកាប៊ុល យើងបាននិងកំពុងធ្វើការលើកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដើម្បីប្រគល់រដ្ឋាភិបាលដោយសន្តិវិធី និងដើម្បីឱ្យប្រធានាធិបតីអាហ្វហ្គានីស្ថាន លាលែងពីតំណែង។ កិច្ចពិភាក្សាកំពុងតែដំណើរការ ខណៈក្រុមតាលីបង់ ចូលមកដល់ទីក្រុង។ ពួកតាលីបង់ ចូលក្នុងទីក្រុង មកពីគ្រប់ទិសទី។ យើងទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់ អស់រយៈពេលជាង១ឆ្នាំមកហើយថា ប្រធានាធិបតីនឹងត្រូវសម្លាប់ចោល នៅក្នុងព្រឹតិ្ដការណ៍វាយដណ្ដើមអំណាចនេះ។

ដោយឡែក លោក Amrullah Saleh អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន បានរត់ភៀសខ្លួន កាលពីព្រឹក ថ្ងៃអាទិត្យ ទី១៥ ខែសីហា។ ចំណែកមន្រ្ដីដទៃទៀត ក៏បានរត់គេចខ្លួន ចេញពីវិមានប្រធានាធិបតី ក្រោយពេលមានការបំផ្ទុះអាវុធមួយប្រាវ នៅខាងក្រៅវិមាននេះ។

ទីប្រឹក្សារូបនេះ បានអះអាងថា លោក Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានរត់ភៀសខ្លួនទៅកាន់ទីក្រុង ប្រទេសអ៊ុយប៊ែគីស្ថាន (Uzbekistan) ហើយគាត់ចំណាយពេលនៅទីនោះមួយយប់ មុននឹងទៅកាន់ប្រទេសអារ៉ាប់អេមីរ៉េត (United Arab Emirates)។ លោកប្រធានាធិបតីរត់ទៅដោយមិនមានលុយកាក់នោះទេ។

ដោយឡែកប្រភពព័ត៌មានផ្សេងទៀតថា លោក Ashraf Ghani ត្រូវបានកងទ័ពសហរដ្ឋអាមេរិក ជម្លៀសទៅកាន់ប្រទេសតាជីគីស្ថាន។ បន្ទាប់មក គាត់បានបន្ដដំណើរទៅកាន់ប្រទេសអារ៉ាប់រួម៕រក្សាសិទ្ធិដោយ៖សារាយSN

×