រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយការដួលរលំរបបគ្រប់គ្រងនៅអាហ្វហ្គានីស្ថាន នោះមក ប្រធានាធិបតីសហរដ្ឋអាមេរិក បានទទួលស្គាល់ថា ការជម្លៀសពលរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងសេតវិមានថា សហរដ្ឋអាមេរិក បានជម្លៀសប្រជាពលរដ្ឋ ១៣ ០០០នាក់ តាមកាលកំណត់។ នេះជាចំនួន នៃការជម្លៀសពលរដ្ឋមួយដ៏ច្រើនបំផុត ដែលដឹកជញ្ជូនតាមអាកាសដ៏លំបាកបំផុត នៅក្នុងប្រវត្ដិសាស្រ្ដ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកសន្យាថា នឹងនាំពលរដ្ឋអាមេរិកាំង ដែលនៅសេសសល់ទាំងអស់ រួមជាមួយនឹងពលរដ្ឋអាហ្វហ្គានីស្ថាន ចន្លោះពី៥០០០០-៦៥ ០០០នាក់ ដែលជួយកងទ័ពសហរដ្ឋអាមេរិក មកកាន់ទឹកដីសហរដ្ឋអាមេរិក។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ពីអន្ដរជាតិ ជុំវិញការសម្រេចចិត្ដរបស់លោក ដកកងទ័ពសហរដ្ឋអាមេរិក ចេញពីទឹកដីអាហ្វហ្គានីស្ថាន។ ការសម្រេចរបស់លោក មិនខុសពីការផ្ដល់ឱកាសដល់ពួកតាលីបង់ ទទួលបានជ័យជម្នះយ៉ាងឆាប់រហ័ស ក្នុងការគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថាននោះឡើយ។
លោក ចូ បៃដិន បានបន្ថែមថា ពលរដ្ឋអាមេរិកាំងណាម្នាក់ចង់ធ្វើមាតុភូមិនិវត្ដន៍ យើងនឹងជួយពួកគេឲ្យវិលត្រឡប់មកផ្ទះសម្បែងវិញ។ ជាមួយគ្នានេះ កងទ័ពសហរដ្ឋអាមេរិក នឹងអនុវត្ដដូចគ្នានេះដែរ ដើម្បីជួយដល់សម្ព័ន្ធមិត្តអាហ្វហ្គនីស្ថាន ដែលចង់ចាកចេញ ដែលដំបូង គឺការជម្លៀសពលរដ្ឋអាមេរិក គឺជាអាទិភាព៕រក្សាសិទ្ធិដោយ៖សារាយSN






