Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពួកតាលីបង់ ធ្វើទារុណកម្ម និងធ្វើឃាត លើជនជាតិភាគតិចហាហ្សារ៉ា

រដ្ឋធានីកាប៊ូល ៖ រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ថា ពួកតាលីបង់ កាលពីពេលថ្មីៗនេះ បានសម្លាប់ និងធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើបុរសជនជាតិភាគតិចហាហ្សារ៉ា (Hazara) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ថ្វីបើពួកប្រដាប់អាវុធនេះ បានប្រកាសនឹងលើកលែងទោស នៅទូទាំងប្រទេស ក្រោយពេលផ្ដួលរំលំរដ្ឋាភិបាលក្ដី តែពលរដ្ឋនៅតែប្រឈមនឹងគ្រោះថ្នាក់ដដែល។

សារព័ត៌មាន BBC បានផ្សាយ កាលពីថ្ងៃទី២០ ខែសីហា ថា អង្គការសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តជាតិ បានថ្លែងថា ពួកឧទ្ទាមតាលីបង់ កាលពីពេលថ្មីៗនេះ បានបាញ់សម្លាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃទៅលើសមាជិកជនជាតិភាគតិចហាហ្សារ៉ា នៅក្នុងប្រទេសអាហ្វហ្គនីស្ថាន។ រីឯសាក្សីបានផ្ដល់កំណត់ហេតុ ពីការសម្លាប់យ៉ាងឃោរឃៅ នៅដើមខែកក្កដា នៅក្នុងខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន។

ប្រភពដដែល បានបន្ដថា ចាប់តាំងពីការវាយចូលលុកលុយដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ (ទី១៥ ខែសីហា ឆ្នាំ២០២១) នោះមក ពួកតាលីបង់បានបង្ហាញពីរូបភាពមានការរឹតត្បិតខ្លាំង។ ដោយឡែក អង្គការ Amnesty International បានបញ្ជាក់ថា ព្រឹត្ដិការណ៍នេះ ជាការបង្ហាញនូវរូបភាពដ៏រន្ធត់ នៃរបបគ្រប់គ្រងរបស់តាលីបង់។

សហគមន៍ហាហ្សារ៉ា ជាក្រុមជនជាតិភាគតិចធំលំដាប់លេខ៣ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ពួកគេ ភាគច្រើន ប្រកាន់យកសាសនាអ៊ិស្លាមនិកាយ Shia ហើយត្រូវប្រឈមនឹងការរើសអើង ហើយការធ្វើទុក្ខបុកម្នេញ អស់រយៈពេលជាយូរមកហើយ ពីអ្នកប្រកាន់សាសនាអ៊ិស្លាម ភាគច្រើន និយកាយស៊ុននី ទាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។

នៅក្នុងរបាយការណ៍ ត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃព្រស្បតិ៍ (ទី១៩ ខែសីហា ឆ្នាំ២០២១) អង្គការ Amnesty International បានបញ្ជាក់ថា បុរសជនជាតិភាគតិចហាហ្សារ៉ា (Hazara) ចំនួន៩នាក់ ត្រូវបានពួកតាលីបង់សម្លាប់ ចន្លោះពីថ្ងៃទី៤ និងថ្ងៃទី៦ ខែកក្កដា នៅក្នុងស្រុក Malistan ភាគខាងកើត ខេត្តហ្គាស្នី (Ghazni) ប្រទេអាហ្វហ្គានីស្ថាន។ ក្រុមអង្គការសិទ្ធិមនុស្សបានសម្ភាសន៍សាក្សីឃើញផ្ទាល់ភ្នែក និងត្រួតពិនិត្យភស្ដុតាងជារូបភាព ក្រោយការសម្លាប់។

ដោយឡែកអ្នកភូមិ បានអះអាងថា ពួកគេបានរត់គេចខ្លួនទៅលើភ្នំ ខណៈមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រយុទ្ធតាលីបង់។ ប៉ុន្ដែនៅពេលពួកគេវិលត្រឡប់ចូលភូមិ Mundarakht វិញ ដើម្បីរកអាហារ ក៏ឃើញពួកតាលីបង់ បានលួចចូលទៅក្នុងផ្ទះ ហើយរង់ចាំពួកគេ។ ដោយឡែកបុរសខ្លះដើរឆ្លងកាត់ភូមិ Mundarakht តម្រង់ទៅផ្ទះរបស់ពួកគេ ក៏ត្រូវបានពួកតាលីបង់ស្ទាក់ចាប់។ បុរស៦នាក់ ត្រូវបានពួកតាលីបង់សម្លាប់ ដោយ៣នាក់បាញ់ចំក្បាល ហើយបុរស៣នាក់ផ្សេងទៀត ធ្វើទារុណកម្ម រហូតដល់ស្លាប់។

លោក Agnès Callamard អគ្គលេខាធិការអង្គការ Amnesty International បានបញ្ជាក់ថា «អំពើឃាតកម្មដ៏ឃោរឃៅ ត្រូវស្ថិតក្នុងកំណត់ត្រា ពីអតីតកាលរបស់តាលីបង់ ហើយជាសូចនាករដ៏រន្ធត់មួយ ចំពោះអ្វីដែលរបបគ្រប់គ្រងតាលីបង់ អាចនឹងអនុវត្ដ។ ឃាតកម្មដែលកំណត់គោលដៅទាំងនេះ ជាភស្ដុតាង ដែលជនជាតិភាគតិច និងនិកាយសាសនាភាគតិច នៅតែជាការប្រឈមនឹងគ្រោះថ្នាក់ ក្រោមរបបតាលីបង់ នៅអាហ្វហ្គានីស្ថាន។ ជាមួយគ្នានេះ អង្គការ Amnesty International ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិឲ្យស៊ើបអង្កេត និងការពារជនងាយរងគ្រោះទាំងនេះ៕រក្សាសិទ្ធិដោយ៖សារាយSN

×