Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ធ្វើសមយុទ្ធយោធាបាញ់ប្រហារ នៅជិតកោះតៃវ៉ាន់ ចំពេលអាមេរិក បរាជ័យនៅអាហ្វហ្គានីស្ថាន

រដ្ឋធានីប៉េកាំង ៖ កងទ័ពចិន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានធ្វើសមយុទ្ធបាញ់ប្រហារ នៅជិតកោះតៃវ៉ាន់ ដោយមាននាវាចម្បាំងជាច្រើន និងយន្ដហោះប្រឆាំងនាវាមុជទឹក ហើយយន្ដហោះប្រយុទ្ធ ធ្វើសមយុទ្ធ នៅភាគនិរតី និងអាគ្នេយ៍ នៃកោះមួយនេះ តាមអ្វីដែលកងទ័ពចិន អះអាងថា ជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែកពីខាងក្រៅ និងការបង្កហេតុនានា។

សារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី១៧ ខែសីហា ថា កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថា ជាដែនដីរបស់ចិន បានត្អូញត្អែរ ពីការធ្វើសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ម្តងហើយម្តងទៀត នៅក្បែរកោះនេះ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ នេះជាផ្នែកមួយ នៃយុទ្ធនាការដាក់សម្ពាធ បង្ខំឲ្យដែនកោះតៃវ៉ាន់ ឲ្យទទួលស្គាល់ពីអធិបតេយ្យភាពរបស់ចិន។

ការធ្វើសមយុទ្ធរបស់ចិន នៅជិតដែនកោះតៃវ៉ាន់នេះ បានកើតឡើង ស្របពេលនឹងការដួលរលំ នៃប្រទេសអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយលោកខាងលិច ហើយប្រទេសអាស៊ីកណ្ដាលមួយនេះ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកតាលីបង់ជាអ្នកគ្រប់គ្រង។

នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយ មេបញ្ជាការភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះ មានការចូលរួមពីនាវាចម្បាំងជាច្រើនគ្រឿង នាវាប្រឆាំងនឹងនាវាមុជទឹកមួយគ្រឿង និងយន្ដហោះប្រយុទ្ធជាច្រើនគ្រឿងទៀត។ នាវាច្បាំង និងយន្ដហោះទាំងនោះ បានចូលទៅជិតដែនកោះតៃវ៉ាន់ ដើម្បីអនុវត្ដនូវការបាញ់រួមគ្នា ហើយសមយុទ្ធដទៃទៀត ក៏ប្រើប្រាស់កងទ័ពពិតដែរ។

ដោយឡែក ក្រសួងការពារជាតិតៃវ៉ាន់ បានផ្តល់ការឆ្លើយតប ដោយនៅស្ងាត់ស្ងៀម ហើយនិយាយថា «យោធារបស់ដែនកោះតៃវ៉ាន់នេះ បានយល់ច្បាស់ ហើយបានវាយតម្លៃពេញលេញ អំពីស្ថានភាព នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជា ស្ថានភាពអភិវឌ្ឍពាក់ព័ន្ធ នៅសមុទ្រ និងលើអាកាស ហើយត្រូវបានរៀបចំ សម្រាប់ការឆ្លើយតបផ្សេងៗគ្នា»។

មន្រ្តីជាន់ខ្ពស់ម្នាក់ ដែលដឹងពីផែនការសន្តិសុខរបស់តៃវ៉ាន់ បានប្រាប់រ៉យទ័រថា កងទ័ពអាកាសចិន បានធ្វើសមយុទ្ធ «ចាប់យកឧត្តមភាពផ្លូវអាកាស» ដោយប្រើយន្តហោះចម្បាំង J-16 ដ៏ទំនើបរបស់ពួកគេ។ ក្រៅពីស្វែងរកឧត្តមភាព តាមផ្លូវអាកាស នៅលើកោះតៃវ៉ាន់ នេះ កងទ័ពចិនក៏បានធ្វើប្រតិបត្តិការ ឈ្លបយកការណ៍តាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិកជាញឹកញាប់ និងប្រតិបត្តិការជ្រៀតជ្រែកតាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក»។

ប្រភព បានបញ្ជាក់ថា ដោយផ្អែកទៅលើយន្ដហោះចម្បាំងបំបាំងកាយ ដែលប្រតិបត្ដិការដោយអាមេរិក តៃវ៉ាន់ជឿថា ចិនកំពុងតែព្យាយាម ប្រមូលសញ្ញាតាមប្រព័ន្ធអេឡិកត្រូនិក ពីយន្ដហោះរបស់សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីឲ្យពួកគេអាចធ្វើឲ្យយន្ដហោះទាំងនោះ មិនអាចសញ្ញាបាន នៅក្នុងសង្រ្គាម រួមទាំងយន្ដហោះ F-35 ។

បើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពរំដោះប្រជាជនចិន (PLA) បានកត់សម្គាល់ថា កាលពីថ្មីៗនេះ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានឃុបឃិតគ្នាម្តងហើយម្តងទៀត ក្នុងការបង្កហេតុនិងបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរ រំលោភលើអធិបតេយ្យភាពរបស់ចិនយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់សន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។

សមយុទ្ធនេះ ជាសកម្មភាពចាំបាច់ ដោយផ្អែកលើស្ថានភាពសន្តិសុខបច្ចុប្បន្ន នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងតម្រូវការ ដើម្បីការពារអធិបតេយ្យភាពជាតិ។ នេះជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការជ្រៀតជ្រែកពីខាងក្រៅ និងការបង្កហេតុ ដោយកងកម្លាំងឯករាជ្យតៃវ៉ាន់៕រក្សាសិទ្ធិដោយ៖សារាយSN

×