Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីតៃវ៉ាន់ ច្រានចោលការប្រៀបធៀប ពីអាហ្វហ្គានីស្ថាន ជាមេរៀនសម្រាប់កោះនេះ

រដ្ឋធានីតៃប៉ិ ៖ ក្រោយពេលដួលរលំ នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គាំទ្រដោយលោកខាងលិច ធ្វើឲ្យគេលើកយកមេរៀននេះ មកប្រៀបធៀបនឹងកោះតៃវ៉ាន់ ខណៈចិនកំពុងតែបង្កើនឥទ្ធិពល ចង់ប្រើប្រាស់កម្លាំងទ័ព ដណ្ដើមយកមកគ្រប់គ្រងវិញ ប៉ុន្ដែរដ្ឋាភិបាលទីក្រុងតៃប៉ិ បានអះអាងថា ស្ថានការណ៍ទាំង២នេះ គឺផ្ទុយស្រឡះពីគ្នា។

លោក Su Tseng-chang នាយករដ្ឋមន្រ្ដីតៃវ៉ាន់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានធ្វើការឆ្លើយតបនឹងការអត្ថាធិប្បាយ នឹងអ្វីដែលបានកើតឡើង នៅអាហ្វហ្គានីស្ថាន នឹងក្លាយជាមេរៀនដល់កោះតៃវ៉ាន់ ដោយលោកចាត់ទុក អ្វីដែលអ្នកនិយាយនោះ ដូចជាកំពុងតែធ្វើឲ្យសត្រូវខ្លាំងក្លាទៅវិញទេ។

លោក Jaw Shaw-kong នាយកសាជីវកម្មផ្សព្វផ្សាយរបស់ចិន បានថ្លែងថា ការដកកងទ័ពរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថាន និងការដួលរលំយ៉ាងឆាប់រហ័ស នៃប្រទេសអាស៊ីកណ្ដាល ធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់ពួកតាលីបង់ បង្ហាញពីការមិនទុកចិត្តទៅលើអាមេរិកាំង។ លោកបានលើកជាសំណួរ ថាតើអ្វីដែលបានកើតឡើង ចំពោះប្រទេសអាស៊ីកណ្ដាលនេះ នឹងកើតឡើង ទៅលើកោះតៃវ៉ាន់ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិក សម្រាប់ការពារជាតិខ្លួនដែរឬទេ។

លោក Jaw Shaw-kong បានគូសបញ្ជាក់ថា លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានជ្រើសរើសការភៀសខ្លួន ចេញពីប្រទេស ដោយសារពួកតាលីបង់ ចូលទៅជិតដល់ទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។ លោកសួរថា តើលោកស្រី សៃ អ៊ីងវ៉ិន Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ និងលោក Su នាយករដ្ឋមន្រ្ដី អាចភៀសខ្លួនបានដូចគ្នាដែរទេ បើកោះតៃវ៉ាន់ត្រូវបានឡោមព័ទ្ធអស់។

លោក Su Tseng-chang នាយករដ្ឋមន្រ្ដីកោះតៃវ៉ាន់ បានឆ្លើយតបថា Kuomintang (KMT) បានរក្សាកោះតៃវ៉ាន់ ក្រោមការគ្រប់គ្រងផ្តាច់ការ អស់រយៈពេល៣៨ឆ្នាំ ដែលក្នុងអំឡុងពេលនោះ សកម្មជនតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ មិនខ្លាចជាប់គុក ឬត្រូវគេសម្លាប់ឡើយ។ បច្ចុប្បន្ន នៅក្នុងប្រឈមមុខដាក់ចិន ដែលចង់ដាក់បញ្ចូលកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ដោយកម្លាំងទ័ព ក៏យើងមិនខ្លាចជាប់គុក ឬត្រូវគេសម្លាប់ដែរ ព្រោះយើងត្រូវតែការពារទឹកដីនេះ មិនដូចប្រទេសខ្លះ ដែលតែងតែចុះចាញ់ដោយខ្លួនឯង និងធ្វើឱ្យសត្រូវក្លាហាននោះឡើយ។

លោកនាយករដ្ឋមន្រ្ដីតៃវ៉ាន់ បានបន្ថែមថា មេរៀនត្រូវរៀន ពីអាហ្វហ្គានីស្ថាន គឺភាពវឹកវរកើតចេញពីខាងក្នុង មិនមានអ្នកខាងក្រៅជួយកើតទេ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី បានជំរុញឲ្យជនជាតិតៃវ៉ាន់ ត្រូវតាំងចិត្ដ និងជឿជាក់ថា «មានតែយើងទេ ទើបអាចការពារទឹកដីនេះបាន យើងនឹងរារាំងអ្នកដទៃ មិនឱ្យចូលលុកលុយ និងដណ្តើមយកបានទេ។ មានតែយើងទេ ជួយខ្លួនឯង ទើបអ្នកដទៃនឹងជួយយើង»។

លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា ចាប់តាំងពីការឡើងកាន់តំណែងមក លោកប្រធានាធិបតីតៃវ៉ាន់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសប្រជាធិបតេយ្យ ចែករំលែកគុណតម្លៃដូចគ្នា និងផលប្រយោជន៍ ដូចតៃវ៉ាន់។ បន្ថែមពីលើនេះ ទាំងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថិរភាព នៅក្នុងច្រកសមុទ្រតៃវ៉ាន់នេះ។

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានប្ដេជ្ញាចិត្តថា លោកស្រីនឹងការពារដែនកោះនេះឲ្យបាន មិនឲ្យធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់ចិនប៉េកាំង បើទោះជាត្រូវចំណាយ និងបូជាយ៉ាងណាក៏ដោយ។ ការប្រកាសរបស់ប្រធានាធិបតីតៃវ៉ាន់បែបនេះ ធ្វើឲ្យរដ្ឋាភិបាលបង្កើនការទិញគ្រឿងសព្វាវុធរាប់ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក ដើម្បីត្រៀមធ្វើសង្គ្រាមជាមួយនឹងចិន៕ រក្សាសិទ្ធិដោយ៖សារាយSN

×