រដ្ឋធានីកាប៊ូល ៖ បន្ទាប់ពីដណ្ដើមគ្រប់គ្រងអាហ្វហ្គានីស្ថាន បានទាំងស្រុង ដោយមិនមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ ពួកតាលីបង់ បានប្រកាស កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ថា ពួកគេនឹងលើកលែងទោសជាទូទៅដល់មន្រ្ដីរដ្ឋាភិបាលទាំងអស់។

សារព័ត៌មាន The Times of Indias បានផ្សាយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដោយដកស្រង់ចេញពី AFP ថា ពួកតាលីបង់ បានចេញសេចក្ដីប្រកាស លើកលែងទោសជាទូទៅ ដល់មន្រ្ដីរដ្ឋាភិបាលទាំងអស់។ ជាមួយគ្នានេះដែរ ពួកគេបានជំរុញឲ្យមន្រ្ដីរដ្ឋាភិបាលទាំងអស់ ត្រូវវិលត្រឡប់មកធ្វើការវិញ ដោយមានទំនុកចិត្តក្នុងខ្លួនពេញលេញ។ ការលើកលែងទោសទូទៅនេះ ត្រូវបានប្រកាស សម្រាប់មនុស្សទាំងអស់គ្នា… ដូច្នេះអ្នកគួរតែចាប់ផ្ដើមដំណើរការជីវិតធម្មតា ដោយមានទំនុកចិត្តបំផុត។
បើទោះជាពួកឧទ្ទាមតាលីបង់ បានប្រកាសបែបនេះក្ដី ប៉ុន្ដែប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន នៅតែមានការភ័យខ្លាច ព្រោះពួកតាលីបង់ ត្រូវបានគេស្គាល់ថា តែងតែអនុវត្តការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ និងព្រៃផ្សៃជាទីបំផុត។ ក្រុមនេះត្រូវបានចោទប្រកាន់ ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមថែមទៀតផង។

ស្រមោល នៃការភ័យខ្លាចរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន នៅតែដិតដាមជាប់ក្នុងអារម្មណ៍ ដោយសារពួកគេធ្លាប់បម្រើការងារ នៅក្នុងរដ្ឋាភិបាល ឬអង្គការនានា ដែលគាំទ្រ ដោយលោកខាងលិច។ ក្នុងចំណោមអ្នកទាំងនោះ មានទាំងអ្នកធ្វើការងារ ជាអ្នកបកប្រែ សម្រាប់កងទ័ពអាមេរិក ជាដើម ហើយមុននឹងការដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានបានឡើងវិញនោះ ពួកគេតែកំណត់គោលដៅវាយប្រហារទៅលើពលរដ្ឋ កម្លាំងរដ្ឋាភិបាល និងយកផ្ទះរបស់ប្រជាពលរដ្ឋ សម្រាប់ជាជម្រកវាយប្រហារផងដែរ៕ រក្សាសិទ្ធិដោយ៖សារាយSN





