Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើសហរដ្ឋអាមេរិក ធ្វើសង្គ្រាម រយៈពេល២០ឆ្នាំ នៅអាហ្វហ្គានីស្ថាន ទទួលបានអ្វីខ្លះមកវិញ?

បរទេស ៖ ក្រោយពេលមានព្រឹត្ដិការណ៍ ក្រុមភេរវករចាប់យន្ដហោះដឹកអ្នកដំណើរ បើកបំបុកទៅលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១រួចមក សហរដ្ឋអាមេរិក បានដឹកនាំកម្លាំងសម្ព័ន្ធមិត្ត ធ្វើសង្រ្គាម ប្រឆាំងនឹងរដ្ឋាភិបាលតាលីបង់ ដែលលាក់ទុកលោក អូសាម៉ា ប៊ិនឡាដិន មេដឹកនាំអង្គការភេវរកម្មអាល់កៃដា ដោយបានបណ្ដេញរដ្ឋាភិបាលនេះចេញ រួចហើយបានបង្កើតរដ្ឋាភិបាលថ្មី និងបន្ដធ្វើសង្គ្រាម នៅលើទឹកដីអាហ្វហ្គានីស្ថាន អស់រយៈពេល២០ឆ្នាំ តើសហរដ្ឋអាមេរិក ទទួលបានអ្វីមកវិញ?

បើរំឭកថយក្រោយ កាលពី២០ឆ្នាំមុន រដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ចច ដាប់ប៊ែល្យូ ប៊ូស ប្រធានាធិបតីសហរដ្ឋអាមេរិក មានព្រឹត្ដិការណ៍អំពើភេរវកម្ម ចាប់យន្ដហោះដឹកអ្នកដំណើរ បើកបំបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ពិភពលោក នៅក្នុងបុរីញូវយ៉ក នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដោយបានសម្លាប់មនុស្ស និងរបួសរាប់ពាន់នាក់។ បន្ទាប់មក លោកប្រធានាធិបតី ប៊ូស ក៏បានបញ្ជាឲ្យកងទ័ពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត វាយលុកលុយ ចូលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្ដេញរដ្ឋាភិបាលតាលីបង់ ដែលលាក់ទុកអង្គការភេរវកម្មអាល់កៃដា ចេញពីអំណាច ហើយបង្កើតរដ្ឋាភិបាលថ្មី។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅបន្ដជួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងបន្ដធ្វើសង្គ្រាម នៅលើទឹកដីអាស៊ីមួយនេះ អស់រយៈពេល២០ឆ្នាំ។

ដោយឡែក ពលរដ្ឋអាមេរិក អាចនឹងបំភ្លេចសង្គ្រាម នៅអាហ្វហ្គានីស្ថាន ក្នុងពេលដ៏ខ្លី ព្រោះសង្គ្រាមនេះ មិនសូវមានការយកចិត្តទុកដាក់ ពីសភាអាមេរិក ដោយខុសគ្នាស្រឡះទោនឹងសង្គ្រាម នៅវៀតណាម ។ សហរដ្ឋអាមេរិក បានជាប់ផុង នៅក្នុងសង្គ្រាម នៅអាហ្វហ្គានីស្ថាន នេះ អស់រយៈពេល២០មកនេះ បានធ្វើឲ្យបាត់បង់អាយុជីវតិមនុស្ស អស់រាប់ពាន់នាក់ ហើយចំណាយថវិកា អស់រាប់ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានអូសបន្លាយ ចាប់តាំងពីលោកប្រធានាធិបតី ប៊ូស បន្ដមកលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបមានកិច្ចព្រមព្រៀងជាមួយពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតារ។ កិច្ចព្រមព្រៀងនោះ ពួកតាលីបង់ ទាមទារឲ្យសហរដ្ឋអាមេរិក ដកកងទ័ពទាំងអស់ ចេញពីទឹកដីអាហ្វហ្គានីស្ថាន ដោយក្រុមឧទ្ទាម បានសន្យា មិនវាយប្រហារទៅលើកងកម្លាំងបរទេស ដឹកនាំដោយសហរដ្ឋអាមេរិក កម្លាំងរដ្ឋាភិបាល និងជនស៊ីវិល។ ប៉ុន្ដែជាញឹកញាប់ ពួកឧទ្ទាមតាលីបង់ នៅតែបន្ដវាយប្រហារទៅលើពលរដ្ឋ និងកម្លាំងរដ្ឋាភិបាល។

នៅទីបញ្ចប់ ចូលមកដល់អាណត្ដិលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន បានប្រកាសដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ឲ្យអស់ទាំងស្រុង នៅត្រឹមដំណាច់ ខែសីហា ឆ្នាំ២០២១។ ប្រធានាធិបតី បៃដិន បានអះអាងថា រឿងសង្គ្រាម នៅអាហ្វហ្គានីស្ថាន លោកមិនបន្ដ រហូតប្រធានាធិបតីផ្សេងទៀត ត្រូវដោះស្រាយនោះឡើយ។

ក្រោយពេលប្រធានាធិបតី លោក ចូ បៃដិន ប្រកាសយ៉ាងដូច្នេះ ពួកតាលីបង់ បានបង្កើនការវាយប្រហារ ចូលដណ្ដើមកាន់កាប់ដែនដី ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ជាបន្ដបន្ទាប់។ ក្នុងរយៈពេលមិនបានប៉ុន្មានសប្ដាហ៍ ក្រុមតាលីបង់ បានវាយដណ្តើមគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានស្ទើរតែទាំងស្រុង។ ដោយសារតែជោគជ័យ នៅលើសមរភូមិយ៉ាងលឿន ដូចផ្លេកបន្ទោរ ក្រុមសកម្មប្រយុទ្ធរបស់តាលីបង់ បានរុលចូលទៅគ្រប់គ្រងរដ្ឋធានីកាប៊ូល និងគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន ក្រោយពេលគាត់រត់ភៀសខ្លួនទៅក្រៅប្រទេស។

នៅក្នុងសង្រ្គាម ដែលបានអូសបន្លាយ អស់រយៈពេល២០ឆ្នាំ នៅលើទឹកដីអាហ្វហ្គានីស្ថាន បានបណ្ដាលឲ្យខាតបង់អាយុជីវិតមនុស្សយ៉ាងច្រើន រួមមាន៖
ទី១-កងទ័ពអាមេរិកស្លាប់ ២ ៤៤៨នាក់ (គិតត្រឹមខែមេសា ឆ្នាំ២០២១) និងចំនួនមេបញ្ជាការជនជាតិអាមេរិក ស្លាប់៣ ៨៤៦នាក់។
ទី២-ទាហាន និងប៉ូលិសអាហ្វហ្គានីស្ថាន ស្លាប់៦៦ ០០០នាក់ ។
ទី៣-ចំនួនកងទ័ពសម្ព័ន្ធមិត្តណាតូ ស្លាប់១ ១៤៤នាក់។
ទី៤-ពលរដ្ឋអាហ្វហ្គានីស្ថាន ៤៧ ២៤៥នាក់ស្លាប់។
ទី៥-ក្រុមតាលីបង់ និងក្រុមប្រឆាំង ស្លាប់ ៥១១៩១នាក់។
ទី៦-បុគ្គលិកក្រុមផ្តល់ជំនួយស្លាប់ ចំនួន ៤៤៤នាក់។
ទី៧-អ្នកសារព័ត៌មានស្លាប់ចំនួន៧២នាក់។

ដោយឡែក ថវិកា សម្រាប់ធ្វើសង្គ្រាម នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់វិញ ដោយគិតត្រឹមឆ្នាំ២០២០ សហរដ្ឋអាមេរិក បានចំណាយ រហូតដល់ ២លានលានដុល្លារ។ ថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ នៅមិនទាន់គិតទៅលើការចំណាយជាច្រើនទៀត រួមមាន វិស័យសុខាភិបាល ការផ្តល់ជំនួយដល់អតីតទាហាន ចំនួន៤លាននាក់ នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ដែលមានរហូតដល់ជាង ២លានលានដុល្លារសហរដ្ឋអាមេរិក។

ការធ្វើសង្គ្រាមរបស់សហរដ្ឋអាមេរិក អស់រយៈពេល២០ឆ្នាំមកនេះ បានចំណាយថវិកាជាតិរបស់ខ្លួនរាប់លានលានដុល្លារ ទាំងនៅលើទឹកដីអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ បានត្រឹមតែចាប់ខ្លួនលោក សាដាម ហ៊ូសេន មេដឹកនាំអ៊ីរ៉ាក់ មកកាត់ទោស និងផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ ហើយបានសម្លាប់លោក អូសាម៉ា ប៊ិនឡាដិន មេដឹកនាំអាល់កៃដា និងអ្នកពាក់ព័ន្ធមួយចំនួនតែប៉ុណ្ណោះ។ ប៉ុន្ដែទីបំផុត ពួកតាលីបង់ ក៏បានបង្កើនល្បឿនវាយលុកយ៉ាងលឿនដូចផ្លេកបន្ទោរ ចូលគ្រប់គ្រងរដ្ឋធានីកាប៊ូល ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ប្រកាសដកកងទ័ពរបស់ខ្លួនឲ្យអស់ពីទឹកដីអាហ្វហ្គានីស្ថាន។

ទោះជាយ៉ាងណា គេមិនទាន់ដឹងថា ក្រោយការគ្រប់គ្រងរបស់ពួកតាលីបង់នេះ អាហ្វហ្គានីស្ថាន នឹងក្លាយទៅជាយ៉ាងណានោះដែរ? ព្រោះសារជាតិរបស់ក្រុមតាលីបង់ ពោរពេញទៅដោយអំពើហិង្សា និងព្រៃផ្សៃ។ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ជាពិសេស ស្រ្ដី និងក្មេងស្រី តែងតែភ័យខ្លាចនឹងពួកនេះ ហើយឥឡូវសម្រោលដ៏ខ្មៅងងឹត កាលពីជាង២០ឆ្ន៉ាំមុន កំពុងតែចូលមកបាំងពន្លឺព្រះអាទិត្យ នៅក្នុងទឹកដីអាស៊ីកណ្ដាលមួយនេះបន្ដទៀត៕ រក្សាសិទ្ធិដោយ៖សារាយSN

×