Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រមោលដ៏ខ្មៅងងឹត កាលពីជាង២០ឆ្នាំមុន វិលមករកពលរដ្ឋអាហ្វហ្គានីស្ថាន ក្រោយតាលីបង់ទទួលជ័យជម្នះ

រដ្ឋធានីកាប៊ូល ៖ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ធ្លាប់ភ្លក្សរសជាតិ នៃការគ្រប់គ្រងរបស់ពួកតាលីបង់ ប៉ុន្ដែស្រមោលដ៏ខ្មៅងងឹតនោះ បានវិលត្រឡប់មកវិញ ក្រុមសកម្មប្រយុទ្ធរបស់ឧទ្ទាមតាលីបង់ កាលពីព្រឹក ថ្ងៃទី១៥ ខែសីហា បានដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ូល និងគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន។

សារព័ត៌មាន Aljazeera បានផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែសីហា ថា លោក Mullah Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់ឧទ្ទាមតាលីបង់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ នៅក្នុងឃ្លីបវីដេអូខ្លីមួយ កាលពីថ្ងៃទី១៥ ខែសីហា ថា ការធ្វើតេស្តនេះ នឹងចាប់ផ្តើម ដោយបំពេញតាមការរំពឹងទុករបស់ជនជាតិអាហ្វហ្គានីស្ថាន និងដោះស្រាយបញ្ហារបស់ពួកគេ។ មេដឹកនាំកំពូលរបស់ក្រុមប្រដាប់អាវុធតាលីបង់ ថែ្លងបែបនេះ បានកើតឡើង ក្រោយពេលក្រុមប្រយុទ្ធរបស់ពួកឧទ្ទាម ដណ្ដើមកាន់កាប់បានរដ្ឋធានីកាប៊ូល និងគ្រប់គ្រងវិមានរដ្ឋាភិបាល ក្រោយពេលលោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានភ្លៀសខ្លួនចេញពីប្រទេស។

ការវាយលុកដណ្ដើមកាន់កាប់ទឹកដីអាហ្វហ្គានីស្ថាន ល្បឿនដូចផ្លេកបន្ទោរនោះ ពួកតាលីបង់ បានកាន់កាប់ទីក្រុងតាមខេត្តចំនួន២៦ ក្នុងចំណោម៣៤ នៅក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង។ រហូតមកដល់ពេលនេះ ទឹកដីអាហ្វហ្គានីស្ថានស្ទើរតែទាំងអស់ ត្រូវធ្លាក់ទៅក្នុងដៃរបស់ពួកតាលីបង់។

លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលកំពុងរត់ភៀសខ្លួននោះ បានថ្លែង តាមបណ្ដាញសង្គមហ្វេសប៊ុក ថា «លោកចាកចោលប្រទេស នាពេលនេះ ដោយសារមិនឃើញការបង្ហូរឈាម។ ពួកតាលីបង់ បានឈ្នះលើរដ្ឋាភិបាល ដោយអាវុធរបស់ពួកគេ។ ដូច្នេះពួកគេត្រូវទទួលខុសត្រូវ ចំពោះកិត្តិយស ទ្រព្យសម្បត្តិ និងការពារជនរួមជាតិរបស់ពួកគេ»។

លោក Mohammad Naeem អ្នកនាំពាក្យតាលីបង់ បានបញ្ជាក់ថា ឥឡូវពួកយើងបានទទួលជ័យជម្នះលើសង្រ្គាម នៅអាហ្វហ្គានីស្ថាន។ ប៉ុន្ដែតាលីបង់ មិនចង់រស់នៅឯកោនោះដែរ តាលីបង់ចង់ឲ្យមានទំនាក់ទំនង ដោយសន្ដិភាពជាមួយនឹងសហគមន៍អន្ដរជាតិ ហើយថា បែបបទ នៃការគ្រប់គ្រង និងការផ្លាស់ប្ដូររបប នឹងបង្ហាញយ៉ាងច្បាស់ នាពេលឆាប់ៗខាងមុខនេះ។ តាលីបង់គោរពសិទ្ធិស្រ្ដី និងសិទ្ធិរបស់ជនជាតិភាគតិច ហើយសេរីភាពក្នុងការសម្ដែងមតិ តាមច្បាប់ Sharia (ច្បាប់សាសនាអ៊ិស្លាម) ។

ដោយឡែក ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានវិញ ជាពិសេស ស្រ្ដី និងក្មេងស្រីកំពុងភ័យខ្លាចនឹងក្រុមប្រដាប់អាវុធតាលីបង់នេះយ៉ាងខ្លាំង។ តាលីបង់ កាលពីជាង២០ឆ្នាំមុន ធ្លាប់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ដោយអំពើឃោរឃៅព្រៃផ្សៃ ហើយត្រូវបានកងទ័ពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បណ្ដេញចេញពីអំណាច កាលពីឆ្នាំ២០០១ ដោយសារពាក់ព័ន្ធការវាយប្រហារមន្ទីរពាណិជ្ជពិភពលោក នៅលើទឹកដីសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ស្រមោលដ៏ខ្មៅងងឹតពីអតីតកាល ដែលប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ភ័យខ្លាច បានវិលមករកវិញហើយ៕ រក្សាសិទ្ធិដោយ៖សារាយSN

×