រដ្ឋធានីកាប៊ូល ៖ ក្រុមអ្នកប្រយុទ្ធរបស់តាលីបង់ កាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានចូលកាន់កាប់ទីក្រុងកាប៊ូល និងចូលដល់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន ហើយមេដឹកនាំក្រុមប្រដាប់អាវុធនេះ នឹងប្រកាសដាក់ឈ្មោះប្រទេសអាហ្គានីស្ថានបច្ចុប្បន្ន ទៅជាអ៊ិស្លាមអេមីរ៉េតអាហ្វហ្គានីស្ថាន ក្នុងពេលដ៏ឆាប់ៗ។

សារព័ត៌មាន Aljazeera បានផ្សាយ កាលពីថ្ងៃទី១៥ ខែសីហា ថា ក្រោយពេលពួកតាលីបង់ បានវាយដណ្ដើមកាន់កាប់ទីក្រុង Jalalabad រួចហើយ ពួកបះបោរប្រដាប់អាវុធ បានបន្ដបង្កើនល្បឿនយ៉ាងលឿន ឆ្ពោះទៅកាន់កាប់រដ្ឋធានីកាប៊ូល ប្រទេសអាហ្គានីស្ថាន។ ក្រុមប្រយុទ្ធរបស់តាលីបង់បានតម្រង់ទិសដៅ ចូលទៅកាន់វិមានរដ្ឋាភិបាល ក្រោយពេលលោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានភៀសខ្លួន ចេញពីប្រទេស។
បើតាមសាក្សី បានបញ្ជាក់ថា កងជីវពលមានការវាយប្រយុទ្ធគ្នាតិចណាស់ នៅតាមដងផ្លូវរបស់តាលីបង់ ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។ ពួកឧទ្ទាមតាលីបង់ បានកាន់កាប់តំបន់ជាច្រើន រួមទាំងអតីតអាកាសយានដ្ឋានសហរដ្ឋអាមេរិក នៅ Bagram និងនៅកណ្ដាលខេត្ត Bamiyan ។ ដោយឡែកសហរដ្ឋអាមេរិកវ ក៏បានជម្លៀសបុគ្គលិករបស់ខ្លួន ចេញពីស្ថានទូតនានា នៅក្នុងទីក្រុងកាប៊ូលហើយដែរ។

សារព័ត៌មាន BBC បានផ្សាយថា មេដឹកនាំរបស់ពួកឧទ្ទាមតាលីបង់ បានប្រាប់ដល់ក្រុមប្រយុទ្ធរបស់ខ្លួន ត្រូវទប់ស្កាត់នូវអំពើហិង្សា ហើយអនុញ្ញាតឲ្យមានការធ្វើដំណើរ ដោយសារសុវត្ថិភាព សម្រាប់អ្នកណាចង់ចាកចេញ។ កាលពី១ថ្ងៃមុននេះ មេដឹកនាំតាលីបង់ បានអះអាងថា នឹងមិនមានការសងសឹកទៅលើបុគ្គលណាមួយនោះឡើយ បើទោះជាពួកគេបម្រើការងារជាយោធា និងស៊ីវិលឲ្យរដ្ឋាភិបាលកាប៊ូលក្ដី។
ស្របពេលប្រទេសអាហ្វហ្គានីស្ថានធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ ហើយត្រូវពួកតាលីបង់បានដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ូល និងគ្រប់គ្រងវិមានប្រធានាធិបតីនោះ លោក Boris Johnson នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានអំពាវនាវដល់ប្រទេសមហាអំណាចលោកខាងលិច ត្រូវធ្វើការរួមគ្នា ស្ដីពីស្ថានភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ជាមួយគ្នានេះដែរ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្សី បានទាមទារឲ្យក្រុមប្រឹក្សាសន្ដិសុខាអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន។
ពួកឧទ្ទាមតាលីបង់ បានបង្កើនល្បឿនវាយកាន់កាប់ទឹកដីអាហ្វហ្គានីស្ថាន យ៉ាងលឿនបំផុត រហូតធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៊ូលដូលរលំនេះ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់ដកកងទ័ពរបស់ខ្លួនឲ្យអស់ពីទឹកដីប្រទេសអាស៊ីមួយនេះ នៅត្រឹមដំណាច់ ខែសីហា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖សារាយSN



















