រដ្ឋធានីកាប៊ូល ៖ ក្នុងរយៈពេលជាង១សប្ដាហ៍កន្លងមកនេះ ពួកតាលីបង់ បានវាយដណ្ដើមកាន់កាប់បានទីក្រុង Mazar-i-Sharif ដែលជាតំបន់ដ៏រឹងមាំចុងក្រោយរបស់រដ្ឋាភិបាល និងជាទីក្រុងពាណិជ្ជកម្មដ៏ធំមួយ នៅភាគខាងជើងអាហ្វហ្គានីស្ថាន ជាប់នឹងប្រទេសអ៊ុយប៊ែគីស្ថាន (Uzbekistan) និងតាជីគីស្ថាន (Tajikistan) ។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ថា ក្រោយពេលឧទ្ទាមតាលីបង់ ទទួលបានជ័យជម្នជាបន្ដបន្ទាប់ ចូលកាន់កាប់ទីក្រុងធំៗចំនួន៣រួចមក ឥឡូវកងជីវពលរបស់ក្រុមបះបោរនេះ បានវាយដណ្ដើមកាន់កាប់បានទីក្រុង Mazar-i-Sharif ជាទីក្រុងធំចុងក្រោយ នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ទីក្រុង Mazar-i-Sharif នេះ ក៏ជាតំបន់ដ៏រឹងមាំចុងក្រោយរបស់រដ្ឋាភិបាល និងជាទីក្រុងពាណិជ្ជកម្មដ៏ធំមួយ នៅភាគខាងជើងអាហ្វហ្គានីស្ថាន ជាប់នឹងប្រទេសអ៊ុយប៊ែគីស្ថាន (Uzbekistan) និងតាជីគីស្ថាន (Tajikistan) ។ ការដួលរលំ នៃមូលដ្ឋានប្រឆាំងនឹងតាលីបង់ បានបង្ហាញពីផលចំណេញដ៏ធំធេងមួយ សម្រាប់ក្រុមសកម្មប្រយុទ្ធ ដែលបាន និងកំពុងឈានទៅមុខយ៉ាងលឿន ក្រោយពេលសហរដ្ឋអាមេរិកដកកងទ័ពចេញ។
ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមតាលីបង់ បានជំរុញឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន ជាង១លាននាក់រត់ចោលផ្ទះសម្បែង និង ភៀសខ្លួនទៅកាន់ទីក្រុងកាប៊ូល ដោយក្ដីសង្ឃឹមនឹងស្វែងរកទីមានសុវត្ថិភាព។ ចំណែកស្ដ្រីជាច្រើន នៅក្នុងតំបន់នោះ ក៏ត្រូវបានពួកតាលីបង់ចាប់ខ្លួន ហើយបង្ខំឲ្យពាក់សម្លៀកបំពាក់ឃ្លុំបិទបាំងរាងកាយជិត (Burkas) ។ ជាមួយគ្នានេះ កងជីវពលរបស់ក្រុមតាលីបង់ ក៏បានវាយធ្វើបាបដល់ប្រជាពលរដ្ឋ ដែលប្រឆាំងនឹងច្បាប់សង្គមរបស់ពួកគេថែមទៀតផង។ រីឯស្រ្ដីអាហ្វហ្គានីស្ថានជាច្រើនបានអះអាងថា ពួកនាងសុខចិត្តស្លាប់ប្រសើរជាងពួកនាងត្រូវបង្ខំឲ្យរៀបការជាមួយនឹងតាលីបង់។

លោក Ashraf Ghani បានធ្វើដំណើរទៅកាន់ទីក្រុង Mazar-i-Sharif ដើម្បីប្រមូលកម្លាំងកងទ័ពរបស់រដ្ឋាភិបាល កាលពីប៉ុន្មានថ្ងៃ មុនពេលក្រុមឧទ្ទាមតាលីបង់ វាយដណ្ដើមគ្រប់គ្រងបាន។ រហូតមកដល់ថ្ងៃទី១៤ ខែសីហា ពួកតាលីបង់ កំពុងតែគ្រប់គ្រងតំបន់ភាគច្រើនបំផុត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនឹងវាយលុក ឈានជិតទៅដល់ទីក្រុងកាប៊ូល។
លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានថ្លែងតាមការថត យកមកចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ កាលពីល្ងាច ថ្ងៃសៅរ៍ (ទី១៤ ខែសីហា ឆ្នាំ២០២១) ថា អាទិភាពចម្បងតែមួយគត់ គឺការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធអាហ្វហ្គានីស្ថានឡើងវិញ ដើម្បីការពាររាល់ការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅរបស់ប្រជាជន។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា អង្គការសហប្រជាជាតិ បានអំពាវនាវដល់ប្រទេសជិតខាង ត្រូវតែរក្សាការបើកចំហព្រំដែនរបស់ពួកគេ ដើម្បីឱ្យជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ដែលផ្លាស់ទីលំនៅ អាចទៅដល់ទីសុវត្ថិភាព។ បច្ចុប្បន្ន ស្ថានការណ៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មិនអាចគ្រប់គ្រងបានទេ។

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បញ្ជាក់ថា កងទ័ពរបស់សហរដ្ឋអាមេរិក ចំនួន៥០០០នាក់កំពុងតែដាក់ពង្រាយ ដើម្បីធ្វើឱ្យប្រាកដថា យើងអាចរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់បុគ្គលិកអាមេរិក និងបុគ្គលិកសម្ព័ន្ធមិត្តដទៃទៀត ព្រមទាំងការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ដែលបានជួយដល់កងទ័ពរបស់យើង នៅក្នុងបេសកកម្មរបស់យើង និងអ្នកដែលមានហានិភ័យខ្លាំង ពីតាលីបង់ ដើម្បីឲ្យពួកគេមានសុវត្ថិភាព។
ជាមួយគ្នានេះដែរ អង់គ្លេសបានបញ្ជូនកងទ័ពប្រហែល៦០០នាក់ ក៏បានទៅដល់ទីក្រុងកាប៊ូល ដើម្បីជម្លៀសដល់មន្រ្ដីស្ថានទូត និងពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈតំបនភាគច្រើនបំផុត ត្រូវបានក្រុមតាលីបង់ វាយដណ្ដើមកាន់កាប់បាន៕
សូមបញ្ជាក់ថា អាហ្វហ្គានីស្ថាន មានពលរដ្ឋ ជាង៣២,២លាននាក់ ដោយមានដង់ស៊ីតេ៤៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ ប្រទេសអាហ្វហ្គានីស្ថាន មានផ្ទៃដី ៦៥២ ២៣០គីឡូម៉ែត្រការ៉េ ហើយផលិតផលក្នុងស្រុកសរុប GDP) របស់ប្រទេសអាស៊ីកណ្ដាលមួយនេះ មានត្រឹមតែជាង២១,៦ពាន់លានដុល្លារតែប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ៖សារាយSN


















