រដ្ឋធានីកាប៊ូល ៖ ក្នុងការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយនឹងកងទ័ពរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១សប្ដាហ៍កន្លងមកនេះ ពួកឧទ្ទាមប្រដាប់អាវុធតាលីបង់ បានដណ្ដើមកាន់កាប់បានទីក្រុងតាមខេត្តចំនួន១៨ និងចាប់ខ្លួនមេញ្ជាការតាមតំបន់ម្នាក់ នៅក្នុងទីក្រុង Herat ដែលជាទីក្រុងធំទី៣របស់ប្រទេសនេះ។

អ្នកនាំពាក្យម្នាក់របស់លោក Ismail Khan មេបញ្ជាការដែលត្រូវចាប់ខ្លួន បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទីក្រុង Herat ជាទីក្រុងធំទី៣ នៃប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ពួកឧទ្ទាមតាលីបង់ ក្រោយពីមានការវាយប្រយុទ្ធគ្នាយ៉ាខ្លាំង ហើយមេបញ្ជាការក្នុងតំបន់ម្នាក់របស់កងទ័ពរដ្ឋាភិបាល គឺលោក Ismail Khan ក៏ត្រូវបានក្រុមប្រដាប់អាវុធឧទ្ទាមចាប់ខ្លួន។ ប៉ុន្ដែក្រោយពេលមានការចរចាជាច្រើនលើកជាមួយនឹងពួកតាលីបង់ ទើបលោកមេបញ្ជាការ ត្រូវបានដោះលែងឲ្យវិលត្រឡប់មកផ្ទះវិញ។
លោក Ghulam Habib Hashimi សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ថា ក្រុមបះបោរបានបង្កើនការវាយសន្ធាប់ ចូលកាន់កាប់ទីក្រុង Herat ហើយថែមទាំងចាប់ខ្លួនបានលោក Ismail Khan មេបញ្ជាការអចិន្រ្ដៃយ៍ក្នុងតំបន់ ដែលប្រយុទ្ធក្នុងនាមជារដ្ឋាភិបាល នៅក្នុងទីក្រុងនេះ។ លោក Khan ជាមេបញ្ជាការជាន់ខ្ពស់មួយរបស់អាហ្វហ្គានីស្ថាន ដែលកាន់តំណែងជាអភិបាលខេត្ត និងមន្រ្ដីសន្ដិសុខ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយនឹងតាលីបង់។

បើតាមសារព័ត៌មាន Aljazeera បានផ្សាយ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ថា ទីក្រុងHerat បានក្លាយទៅជាសមរភូមិ នៅភាគខាងលិចទីក្រុង កាលពីខែមុន ចំពេលមានការគំរាមកំហែង ដែលចេះតែកើនឡើង ពីក្រុមឧទ្ទាមតាលីបង់។
លោក Zabihullah Mujahid អ្នកនាំពាក្យរបស់តាលីបង់ បានអះអាងថា ក្រុមប្រយុទ្ធរបស់ខ្លួន បានចាប់ខ្លួនលោក Ismail Khan នៅក្នុងមានការវាយប្រយុទ្ធគ្នាដ៏ខ្លាំងមួយ នៅក្នុងទីក្រុងHerat ។ រហូតមដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រុមប្រយុទ្ធរបស់ខ្លួន បានដណ្ដើមកាន់កាប់ទីក្រុងតាមខេត្ត ចំនួន១៨ ពីរដ្ឋាភិបាលទីក្រុងកាប៊ូល ក្នុងរយៈពេលជាង១សប្ដាហ៍កន្លងមកនេះ៕ រក្សាសិទ្ធិដោយ៖សារាយSN






