Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់ តែងតាំងជើងខ្លាំង ប្រឆាំងលោកខាងលិច ជាប្រមុខការទូត

រដ្ឋធានីតេអ៊ីរ៉ង់ ៖ ក្រោយពេលឡើងកាន់តំណែងមិនបានប៉ុន្មានថ្ងៃផង ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ បានសម្រេចតែងតាំងបុរសជើងខ្លាំង ប្រឆាំងនឹងមហាអំណាចលោកខាងលិចជាប្រមុខការទូតរបស់ខ្លួន។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា លោក Ebrahim Raisi ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី១១ ខែសីហា បានតែងតាំងលោក Hossein Amirabdollahian ជារដ្ឋមន្រ្ដីក្រសួងការបរទេស ចំពេលមានការចរចាជាមួយ នឹងប្រទេសមហាអំណាចពិភពលោក ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ការតែងតាំងលោក Hossein Amirabdollahian ជាប្រមុខការទូតនោះ ក៏ដោយសារអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ចង់ស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ឡើងវិញ។

លោក Ebrahim Raisi ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់រូបនេះ ក៏ជាអ្នកប្រឆាំងនឹងលោកខាងលិចមួយរូប ជុំវិញការដាក់ទណ្ឌកម្ម របស់លោកខាងលិច ហើយញការចោទប្រកាន់ ពីការរំលោភសិទ្ធិមនុស្ស។ លោក Raisi បានចូលស្បថឡើងកាន់តំណែង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ នៅក្នុងអាណត្ដិរបស់លោក Raisi រួមជាមួយនឹងមេដឹកនាំសាសនារបស់រដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នាបច្ចុប្បន្ន កំពុងតែប្រឈមុខនឹងវិបត្ដិជាច្រើនទាំងក្នុង និងក្រៅប្រទេស។

អ៊ីរ៉ង់ និងមហាអំណាចពិភពលោក កំពុងតែស្វះស្វែងរកការចរចាគ្នា ចាប់តាំងពីខែមេសា ឆ្នាំ២០២១មក ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ កាលពីឆ្នាំ២០១៨ ហើយបន្ដដាក់ទណ្ឌកម្មដល់ប្រទេសអ៊ីរ៉ង់ ឡើងវិញ។ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះ បាននាំឲ្យខូចខាតដល់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ តាមរយៈការរឹតបន្តឹងដល់ការនាំចេញប្រេង។

ដោយឡែក អ៊ីរ៉ង់វិញក៏បានរំលោភទៅលើការហាមឃាត់ការចម្រើន (Enrichment) ជាតិអ៊ុយរ៉ានីញ៉ូម ដែលជាផ្លូវអាចឈានទៅដល់ការផលិតអាវុធនុយក្លេអ៊ែរ ចាប់តាំងពីឆ្នាំ២០១៩មក។ រីឯភាគីពាក់ព័ន្ធនៅក្នុងការចរចានៅមិនទាន់បានកំណត់ពេល សម្រាប់ការចរចាឡើងវិញនៅឡើយ។

ជាមួយគ្នានេះ អតីតមន្រ្ដីអ៊ីរ៉ង់ បានបញ្ជាក់ថា ជម្រើសរបស់លោកប្រធានាធិបតី Raisi បង្ហាញថា លោកនឹងដើរតួនាទីយ៉ាងសំខាន់ ចំពោះបញ្ហានានា នៅក្នុងតំបន់មជ្ឈិមបូព៌ា នៅក្នុងគោលនយោបាយការបរទេសរបស់លោក។ លោក Amirabdollahian ធ្លាប់ពីអតីតឯកអគ្គរដ្ឋទូតប្រចាំ នៅប្រទេសបារ៉ែន ជាអនុរដ្ឋមន្រ្ដីការបរទេស ប្រចាំអារ៉ាប់ និងកិច្ចការអាហ្វ្រិក ចន្លោះពីឆ្នាំ២០១១និង២០១៦ ហើយក៏ធ្លាប់ជាអនុប្រធានបេសកកម្ម នៅឯស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ចន្លោះពីឆ្នាំ១៩៩៧-២០០១៕ រក្សាសិទ្ធិដោយ៖សារាយSN

×