Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ទាមតាលីបង់ វាយដណ្ដើមគ្រប់គ្រង២ភាគ៣ នៃទឹកដីអាហ្វហ្គានីស្ថាន

រដ្ឋធានីកាប៊ូល ៖ រហូតមកដល់ពេល ក្រុមឧទ្ទាមតាលីបង់ កំពុងតែទទួលបានជោគជ័យជាបន្ដបន្ទាប់ នៅលើសមរភូមិប្រយុទ្ធជាមួយនឹងកងទ័ព របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយក្រុមចលនាបះបោរនេះ បានវាយកាន់កាប់២ភាគ៣ នៃប្រទេសដែលហែកហួរដោយសារសង្គ្រាម អស់រយៈពេល២០ឆ្នាំកន្លងមកនេះ។

បើតាមសារព័ត៌មាន Arab News បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា ក្រុមបះបោរតាលីបង់ កាលពីថ្ងៃទី១២ ខែសីហា បានវាយដណ្ដើមកាន់កាប់ទីក្រុង Ghazni ជាទីក្រុង នៅតាមខេត្តទី៩ ត្រូវបានធ្លាក់ចូលទៅក្រោម ការគ្រប់គ្រងរបស់ក្រុមចលនាប្រដាប់អាវុធ។ ស្របគ្នានេះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក បានព្យាករថា ក្នុងរយៈពេល៩០ថ្ងៃខាងមុខនេះ រដ្ឋធានីកាប៊ូល នៃប្រទេសអាហ្វហ្គានីស្ថាន ដែលមានចម្ងាយ១៥០គីឡូម៉ែត្រ នាភាគឦសានទីក្រុង Ghazni នឹងធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម។

សារព័ត៌មាន Arab News បានបន្ដថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រុមប្រដាប់អាវុធរបស់ឧទ្ទាមតាលីបង់ បានវាយលុកដណ្ដើមកាន់កាប់ បានប្រហែល២ភាគ៣ នៃទឹកដីអាហ្វហ្គានីស្ថាន។ ក្រុមឧទ្ទាមបានបង្កើនល្បឿន វាយលុកកាន់តែខ្លាំងក្លាឡើង ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានកំណត់ពេលត្រូវដកកងទ័ពរបស់ខ្លួន ចេញឲ្យអស់ពីប្រទេសនេះ នៅត្រឹមដំណាច់ខែសីហា ឆ្នាំ២០២១នេះ។

ការវាយប្រយុទ្ធគ្នាកាន់តែមានសភាពខ្លាំងក្លាឡើង រវាងក្រុមប្រដាប់អាវុធតាលីបង់ និងកងទ័ពរដ្ឋាភិបាលទីក្រុងកាប៊ូល។ ជាមួយគ្នានេះ ពលរដ្ឋរាប់ពាន់គ្រួសារ បានរត់ភៀសខ្លួនទៅកាន់ខេត្តនានា និងរដ្ឋធានីកាប៊ូល ដើម្បីស្វែងរកទីមានសុវត្ថិភាព។

មន្រ្ដីសន្ដិសុខជាន់ខ្ពស់ម្នាក់ បានបញ្ជាក់ថា ក្រុមតាលីបង់បានកាន់ទីក្រុង Ghazni ដែលជាផ្លូវដ៏សំខាន់ រវាងរដ្ឋធានីកាប៊ូល និង Kandahar ជាទីក្រុងធំទី២ នៃប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមឧទ្ទាមបានគ្រប់គ្រងទីស្នាក់ការកណ្ដាល របស់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ក្រោយពេលមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង។ ដោយឡែក មន្រ្ដីរបស់រដ្ឋាភិបាលក្នុងតំបន់ទាំងអស់ រួមទាំង អភិបាលខេត្ត ផងដែរ ក៏បានរត់ភៀសខ្លួនទៅកាន់ទីក្រុងកាប៊ូល។

លោកវេជ្ជបណ្ឌិតម្នាក់ បានបញ្ជាក់ថា ការវាយប្រយុទ្ធកាន់តែមានភាពសាហាវឃោរឃៅ នៅភាគខាងត្បូងទីក្រុង Kandahar ។ រីឯមន្ទីរពេទ្យរបស់ទីក្រុងនេះ ក្លាយជាគោលដៅទទួលសាកសពរបស់កងទ័ពរដ្ឋាភិបាល និងទទួលក្រុមប្រយុទ្ធតាលីបង់ដែលរងរបួស។ ចំណែការវាយប្រយុទ្ធគ្នា រហូតដល់ម៉ោង៤ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅមិនទាន់បានបញ្ចប់ នៅឡើយ។

ដោយឡែក លោក Hulusi Akar រដ្ឋមន្រ្ដីក្រសួងការពារជាតិតួកគី បានថ្លែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា ការបើកទ្វារចំហអាកាសយានដ្ឋានទីក្រុងកាប៊ូល គឺមានសារសំខាន់ខ្លាំងណាស់ ហើយថាបញ្ហាផុយស្រួយ នឹងកើតឡើង នាពេលខាងមុខនេះ។ លោករដ្ឋមន្រ្ដីបានថ្លែងបែបនេះ នៅឯស្ថានទូតតួកគី ប្រចាំនៅទីក្រុងអ៊ិស្លាមបាដ ប្រទេសប៉ាគីស្ថាន ដោយសារកងកម្លាំងរដ្ឋាភិបាល កំពុងតែប្រយុទ្ធគ្នាជាមួយនឹងក្រុមប្រយុទ្ធតាលីបង់ ទាំងនៅក្នុង និង នៅជុំវិញទីក្រុងផ្សេងៗទៀត នៃប្រទេសអាហ្វហ្គានីស្ថាន។

មន្រ្ដីការពារជាតិអាមេរិក បានថ្លែងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ជឿថា ក្នុងរយៈពេល៩០ថ្ងៃខាងមុខនេះ ក្រុមឧទ្ទាមតាលីបង់នឹងដណ្ដប់បានរដ្ឋធានីកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។

តួកគីបានដាក់ពង្រាយកងទ័ព នៅឯអាកាសយានដ្ឋានទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលណាតូដកកងទ័ពចេញ ហើយចរចាជាមួយនឹងសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនសប្ដាហ៍។ នៅក្នុងការផ្លាស់ប្ដូរនោះ លោក Tayyip Erdogan ប្រធានាធិបតីតួកគី ក៏បានស្នើសុំហិរញ្ញវត្ថុ ភស្ដុភារ និងលក្ខខណ្ឌការទូត។

ទោះជាយ៉ាងណា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ថា លោកមិនមានការសោកស្ដាយ ចំពោះការសម្រេចចិត្តដកកងទ័ពរបស់ខ្លួន ហើយជំរុញឲ្យមេដឹកនាំអាហ្វហ្គានីស្ថាន វាយប្រយុទ្ធ ដើម្បីមាតុភូមិរបស់ពួកគេ៕រក្សាសិទ្ធិដោយ៖សារាយSN

×