រដ្ឋធានីវ៉ាស៊ីតោន ៖ ក្រោយព្រឹទ្ធសភាបានអនុម័តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធមានទឹកប្រាក់ទំហំ១លានលានដុល្លាររួចមក លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានស្ដីបន្ទោសដល់ប្រធានាធិបតីមុន លោក ដូណាល់ ត្រាំ រឿងប្រាក់បំណុល កើនដល់៨លានលានដុល្លារ ( $8 trillion) ហើយប្រធានាធិបតីបច្ចុប្បន្នបានសន្យាថា គណបក្សប្រជាធិបតេយ្យ នឹងដោះស្រាយលើគម្រោងចំណាយរបស់ពួកគេ ដោយការយកពន្ធ ពីអ្នកមាន។

សារព័ត៌មាន Insider បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា អស់រយៈពេលជាច្រើនខែ បន្ទាប់ចរចាគ្នារួចមក ទីបំផុតព្រឹទ្ធសភាអាមេរិក បានអនុម័តទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ មានទំហំទឹកប្រាក់១លានលានដុល្លារ ($1Trillion =1000 000 000 000) របស់ប្រធានាធិបតី លោក ចូ បៃដិន។ មួយថ្ងៃក្រោយមក លោកប្រធានាធិបតី បានធ្វើឲ្យប្រាកដថា ពលរដ្ឋអាមេរិកាំង បានដឹង អំពីគោលនយោបាយសេដ្ឋកិច្ចរបស់លោក នឹងផ្ដល់នូវភាពខុសគ្នាស្រឡះ ពីប្រធានាធិបតីមុន លោក ដូណាល់ ត្រាំ។
លោកប្រធានាធិបតី ចូ បៃដិន បានថ្លែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា «នេះនឹងមិនមានអ្វីដូចអ្នកកាន់តំណែងមុនរបស់ខ្ញុំទេ ដោយការកាត់បន្ថយពន្ធមិនបានបង់ និងការចំណាយផ្សេងទៀត បានបន្ថែមជិត៨លានលានដុល្លារ ក្នុងរយៈពេលបួនឆ្នាំ នៃការកាន់តំណែងរបស់គាត់ ហើយបំណុលជាតិ បានកើនដល់៨លានលានដុល្លារ»។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសុន្ទរកមួយថា របៀវារៈ (Build Back Better Agenda) នេះ នឹងកាត់បន្ថយនូវការចំណាយ សម្រាប់គ្រួសារដែលកំពុងធ្វើការ បង្កើនកំណើនសេដ្ឋកិច្ច និងបង្កើតការងារ។ ចំណែកការអនុម័តគម្រោងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈព្រឹទ្ធសភា គឺជោគជ័យដ៏ធំ សម្រាប់របៀបវាររបស់លោក បៃដិន។ នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថានោះ លោកប្រធានាធិបតី ចូ បៃដិន ក៏បានលើកឡើង ពីគម្រោងជាច្រើន សម្រាប់ការបង្កើតការងារ និងការជំរុញសេដ្ឋកិច្ច។ លោកប្រធានាធិបតី បានប្រើប្រាស់ជោគជ័យទាំងនេះ រិះគន់ដល់ប្រធានាធិបតីមុន លោក ដូណាល់ ត្រាំ ជុំវិញបំណុលជាតិ ដែលកើនឡើង ពីការកាត់ពន្ធរបស់លោក ត្រាំ ដោយសារ ត្រាំ មិនមានបំណងបង់ទៅលើពន្ធទាំងនោះ។

បើតាមទិន្នន័យរបស់ធនាគារកណ្ដាលអាមេរិក បានឲ្យដឹងថា ប្រាក់បំណុលជាតិបានកើនឡើង ជិត៧,៩លានលានដុល្លារ នៅក្នុងអំឡុងពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នៅក្នុងអំឡុងពេលនេះ គណបក្សសាធារណរដ្ឋ បានអនុម័តកាត់បន្ថយពន្ធសាជីវកម្មធំៗ ដែលបានបន្ថែមទៅលើបំណុលជាតិ ចំនួន២លានលានដុល្លារ ($ 2 Trillion) ។ វិធានការមួយនេះ សមាជិកគណបក្សប្រជាធិបតេយ្យ និងសេដ្ឋវិទូជាច្រើន ក៏បានគាំទ្រដល់ជនជាតិអាមេរិកាំង ដែលមានទ្រព្យសម្បត្ដិច្រើន។
ក្នុងពេលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោកត្រាំ នោះ ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានព្រមព្រៀងគ្នាលើការចំណាយមួយចំនួន សម្រាប់ផ្តល់ថវិកាដល់រដ្ឋាភិបាល ខណៈទឹកប្រាក់ចំនួន៣លានលានដុល្លារ ត្រូវបានបន្ថែមទៅក្នុងបំណុលជាតិ ជាពិសេស សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ពីកូវីដ-១៩ ជាមួយនឹងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ដែលផ្តល់ជំនួយដល់អាជីវកម្មខ្នាតតូច បង្កើនការធានារ៉ាប់រងការអត់ការងារធ្វើ និងការទូទាត់ដោយផ្ទាល់៕ រក្សាសិទ្ធិដោយ៖សារាយSN




