Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋភូមា សុខចិត្តលោតពីលើអគារ មិនឲ្យពួកយោធាចាប់ទៅធ្វើទារុណកម្ម

រដ្ឋធានីណៃពិដោរ ៖ ក្រោយពេលដឹងថា អ្នកត្រូវបានកងសន្ដិសុខមីយ៉ាន់ម៉ាចាប់ទៅត្រូវធ្វើទារុណកម្មយ៉ាងឃោរឃៅនោះមក យុវជនភូមាមួយក្រុម បានសម្រេចចិត្ត នាំគ្នាលោត ពីលើអគារ បណ្ដាលឲ្យមានមនុស្ស២នាក់បាត់បង់ជីវិត ហើយ៣នាក់ផ្សេងទៀតរងរបួស។

សារព័ត៌មាន CNA ដែលមានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានផ្សាយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា យុវជនមីយ៉ាន់ម៉ាមួយក្រុម មានគ្នាចំនួន៥នាក់ បានសម្រេចចិត្តលោត ចេញពីអគារផ្ទះល្វែង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ នៅក្នុងខណ្ឌ Botahtaung ទីក្រុងយ៉ាងហ្គូន។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោច២នាក់បាត់បង់ជីវិត។ ដោយឡែកអ្នករងរបួសផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សកម្មភាពទាំងនេះ បង្កឲ្យមានការថ្កោលទោសពីក្រុមប្រឆាំងទៅលើរបបយោធាមីយ៉ាន់ម៉ាផងដែរ។

លោក Tin Zaw ឪពុករបស់ជនរងគ្រោះម្នាក់ ក្នុងចំណោម២នាក់ បានបញ្ជាក់ថា កូនប្រុសរបស់គាត់ ត្រូវបានកងសន្ដិសុខមីយ៉ាន់ម៉ាចាប់ខ្លួន កាលពីខែកុម្ភៈកន្លងទៅ។ ប៉ុន្ដែក្រោយពេលមានការជួយអន្ដរាគមន៍ពីគាត់ ទើបពួកគេដោះលែងមកវិញ។ កូនប្រុសរបស់គាត់ បានចាប់អារម្មណ៍នឹងរឿងនយោបាយ ចាប់តាំងពីមុនរដ្ឋប្រហារមកម៉្លេះ។ លុះក្រោយកងទ័ពរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលនោះមក គេក៏បានព្យាយាមតស៊ូនឹងរបបគ្រប់គ្រងនេះ។

លោក Thinzar Shunlei Yi មេដឹកនាំ និងជាសកម្មជនមីយ៉ាន់ បានបញ្ជាក់ថា យុវជនទាំង៥នាក់ ដែលលោតពីលើអគារនោះ ដោយសារពួកគេគិតថា បើលោតបែបនេះ គឺប្រសើរជាងការប្រឈមមុខនឹងការឃុំឃាំង ឬត្រូវធ្វើទារុណកម្ម ប្រសិនបើពួកយោធាចាប់ខ្លួនបាន។ បើជនរងគ្រោះលោតទៅមិនស្លាប់ ពួកគេនឹងរួចខ្លួន។

សមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានបញ្ជាក់ថា ចាប់តាំងពីការធ្វើរដ្ឋប្រហារនោះមក កម្លាំងសន្ដិសុខ នៃរបបយោធាមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋយ៉ាងតិច ៩៦៥នាក់។ ដោយឡែក ក្រុមអ្នកតវ៉ាជាង៥០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។

ប្រទេសភូមាបានធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលពួកយោធារឹបអូសអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន់ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយរដ្ឋប្រហារនេះ បានបង្កឲ្យមានការតវ៉ាពាសពេញប្រទេស និងមានការបង្ក្រាបយ៉ាងឃោរឃៅ ហើយមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ព និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតាមរដ្ឋផ្សេងៗ។

ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ពលរដ្ឋភូមាជាង៦លាននាក់ កំពុងតែប្រឈមនឹងការខ្វះខាត ស្បៀងអាហារយ៉ាងខ្លាំង ហើយពលរដ្ឋ ជិតពាក់កណ្ដាល នឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ នៅដើមឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ៖សារាយSN

×