ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយថា ប្រទេសចិននឹងបញ្ចូនទឹកប្រាក់ចំនួនជាង ៦ លានដុល្លារអាមេរិក ទៅឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ចំនួន ២១ ក្នុងសញ្ញាបន្តកិច្ចសហប្រតិបត្តិការ ក្រោមការផ្តួលរំលំរបស់មេយោធា ចំពោះមេដឹកនាំជាប់ឆ្នោតកាលពីថ្ងៃទី០១ ខែកុម្ភៈ។
មិនដូចបណ្តាប្រទេសលោកខាងលិចដែលបានថ្កោលទោស របបយោធាចំពោះការកាត់ផ្តាច់ លទ្ធិប្រជាធិបតេយ្យខ្លីនិងការសម្លាប់ និងការដាក់គុកគូប្រជែងរបស់ខ្លួន ចិនបានប្រកាន់យកបន្ទាត់ទន់ភ្លន់ ហើយនិយាយថាអាទិភាពរបស់ខ្លួន គឺស្ថិរភាពនិងមិនជ្រៀតជ្រែកជាមួយប្រទេសជិតខាង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា មូលនិធិនេះនឹងត្រូវផ្ទេរពីប្រទេសចិន សម្រាប់គម្រោងនានានៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ សេចក្តីប្រកាសបាននិយាយថា ជំនួយទាំងនោះរួមមាន វ៉ាក់សាំងសត្វ វប្បធម៌ កសិកម្ម វិទ្យាសាស្ត្រ ទេសចរណ៍និងការការពារគ្រោះមហន្តរាយ។ សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃច័ន្ទទី ៩ ខែសីហាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា។
ក្រុមប្រឆាំងរបបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ប្រទេសចិនថា កំពុងគាំទ្រការកាន់កាប់ដោយយោធា ដែលក្នុងនោះមេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុង សានស៊ូជី ត្រូវបានបណ្តេញចេញនិងឃុំខ្លួន។ ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់បែបនេះ ហើយនិយាយថា ខ្លួនគាំទ្រការទូតតំបន់ចំពោះវិបត្តិនេះ។
បណ្តាប្រទេសលោកខាងលិច បានបន្តផ្តល់ជំនួយគ្រាអាសន្នមួយចំនួន ដល់មីយ៉ាន់ម៉ារួមទាំងទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិកដែលប្រកាស ដោយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់ក្រុមជួយសង្គ្រោះនៅមីយ៉ាន់ម៉ា ក្នុងការដោះស្រាយជាមួយ ការចាក់វ៉ាក់សាំងពីការកើនឡើងនៃការឆ្លងជំងឺកូវីដ ១៩ ។
ឥទ្ធិពលរបស់ចិនបានកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយ នឹងការបើកបំពង់បង្ហូរប្រេងនិងឧស្ម័ន ដែលឆ្លងកាត់ប្រទេស និងផែនការសម្រាប់តំបន់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍កំពង់ផែដ៏សំខាន់មួយ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

