Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងនិងអង្គការសុខាភិបាលថៃ ជំរុញឲ្យរដ្ឋាភិបាល បង្កើតច្បាប់ការពារដល់គ្រូពេទ្យជួរមុខ

រាជធានីបាងកក ៖ ដើម្បីបង្កើនូវប្រសិទ្ធភាពក្នុងការព្យាបាលដល់អ្នកជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលសាធារណៈ និង អង្គការសុខាភិបាលនានា នៅក្នុងប្រទេសថៃ បានឯកភាពគ្នាជំរុញដល់រដ្ឋាភិបាល ឲ្យអនុម័តជាបន្ទាន់នូវកិច្ចការពារតាមផ្លូវច្បាប់ សម្រាប់ក្រុមគ្រូពេទ្យជួរមុខ។

សារព័ត៌មាន The Nation បានផ្សាយ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ថា ក្រសួងសុខាភិបាលថៃ និង សមាគមវេជ្ជសាស្រ្ដនានា នៅក្នុងប្រទេសថៃ កាលពីថ្ងៃពុធ (ទី១១ ខែសីហា) បានជំរុញដល់រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ឲ្យអនុម័តជាបន្ទាន់នូវកិច្ចការពារស្របច្បាប់ សម្រាប់បុគ្គលិកសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩។
ការចេញសេចក្ដីថ្លែងការណ៍រួមគ្នា បានកើតឡើង មួយថ្ងៃ ក្រោយពេលរដ្ឋាភិបាលបាននិយាយពីសេចក្ដីព្រាងក្រឹត្យមួយ ស្ដីពីសិទ្ធិស្របច្បាប់ សម្រាប់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតែពិចារណា។ សេចក្ដីថ្លែងការណ៍នោះ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្ដីក្រសួងសុខាភិបាល, រដ្ឋបាលចំណីអាហារ និង ឱសថថៃ (FDA), សមាគមគ្រូពេទ្យថៃ, វិទ្យាសា្ថនវ៉ាក់សាំងជាតិ, អង្គការឱសថរដ្ឋាភិបាល និង អង្គការវេជ្ជសាស្រ្ដជាច្រើនទៀត នៅក្នុងប្រទេសថៃ។

លោក Kiatiphum Wongrajit រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាលសាធារណៈថៃ បានញ្ជាក់ថា ក្រសួងសុខាភិបាល និង អង្គការជំនាញសុខាភិបាលជាច្រើន បានព្រមព្រៀងគ្នាថា កូវីដ-១៩ ជាជំងឺដ៏ធ្ងន់ធ្ងរបំផុត ធ្វើឲ្យផលប៉ះពាល់យ៉ាងធំទូលាយ ដោយបណ្ដាលឲ្យមនុស្សជាច្រើនធ្លាក់ខ្លួនឈឺ ហើយគ្រួសារខ្លះ បានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

សេចក្ដីថ្លែងការណ៍រួមរបស់ស្ថាប័នសុខាភិបាលរបស់រដ្ឋ និងឯកជន ក៏បានបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលសាធារណៈ កំពុងតែប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ អស់រយៈពេលជិត២កន្លងមកហើយ ទាំងការគ្រប់គ្រងជំងឹ ការផ្ដល់ឱសថ និងវ៉ាក់សាំង ដែលគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល វិស័យឯកជន អ្នកស្ម័គ្រចិត្ត សង្គមស៊ីវិល និងប្រជាពលរដ្ឋ។ ស្ថានភាពបន្ទាន់នេះ រួមផ្សំជាមួយនឹងការកំណត់នូវចំណេះដឹង និងធនធាននានា ក៏អាចបណ្តាលឱ្យមានការខ្វះចន្លោះ ឬកំហុសឆ្គង ក្នុងការសម្រេចចិត្តព្យាបាលអ្នកជំងឺ។

ដោយាសារតែបញ្ហាទាំងនេះ ទើបបុគ្គលិកក្រសួងសុខាភិបាលថៃ និង ដៃគូបណ្ដាញសុខាភិបាលជាច្រើន បានឯកភាពគ្នាជំរុញដល់រដ្ឋាភិបាលត្រូវតែអនុម័តនូវវិធានការតាមផ្លូវច្បាប់ ដើម្បីការពារដល់បុគ្គលិកសុខាភិបាលជួរមុខ។ ច្បាប់នេះ ក៏អាចលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងព្យាបាលជំងឺកូវីដ-១៩ មិនឲ្យថុញថប់ និងកសាងនូវទំនុកចិត្តរបស់ក្រុមគ្រូពេទ្យផងដែរ៕ រក្សាសិទ្ធិដោយ៖សារាយSN

×