Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ពាន់គ្រួសារ រត់ចូលទីក្រុងកាប៊ូល គេចពីការវាយប្រយុទ្ធ របស់តាលីបង់

រដ្ឋធានីកាប៊ូល ៖ ក្រោយពេលសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត បានសម្រេចចិត្តដកកងទ័ពរបស់ខ្លួនជាបណ្ដើរៗ ស្ទើរតែអស់ទាំងស្រុង ពីប្រទេសអាហ្វហ្គានីស្ថាន ក្រុមឧទ្ទាមតាលីបង់ បានបង្កើនការវាយប្រហារ ចូលកាន់កាប់ទីក្រុងជាច្រើន ហើយការប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាម កាន់តែមានសភាពខ្លាំងក្លាឡើង បណ្ដាលឲ្យពលរដ្ឋរាប់ពាន់គ្រួសារ រត់គេចខ្លួន ចូលទៅកាន់រដ្ឋធានីកាប៊ូល។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ បានរត់គេចចេញ ពីការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដែលកំពុងតែបន្ដកើតមានឡើង រវាងក្រុមប្រយុទ្ធរបស់តាលីបង់ និងកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ូល នៅក្នុងខេត្តជាច្រើន នៃប្រទេសអាហ្វហ្គានីស្ថាន។

អ្នកស្រី Samia បាននៅរួមគ្នាជាមួយនឹងកូនៗរបស់អ្នកស្រី ចំនួន៧នាក់ នៅក្នុងតង់ក្រណាត់មួយ ក្រោយពេលពួកគេ បានរត់ចោលផ្ទះសម្បែង នៅក្នុងខេត្ត Takhar កាលពីពាក់កណ្ដាលអធ្រាត្រ ចូលមកកាន់ទីក្រុងកាប៊ុល ជារដ្ឋធានី នៃប្រទេសអាហ្វហ្គានីស្ថាន។ ពេញមួយថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១ គ្រួសាររបស់អ្នកស្រីឮថា ក្រុមឧទ្ទាមតាលីបង់ បានវាយកាន់កាប់ខេត្ត Kunduz ដែលនៅជិតខាង ហើយឆាប់ៗនេះ នឹងចាប់ផ្ដើមវាយកាន់កាប់ទីក្រុង Taluqan ជាទីរួមខេត្តរបស់ខេត្ត Takhar ។

អ្នកស្រី Samia បានឲ្យដឹងថា ក្រុមឧទ្ទាមតាលីបង់ បានប្រើប្រាស់ផ្ទះរបស់ពលរដ្ឋស៊ីវិល សម្រាប់វាយប្រយុទ្ធទៅលើគោលដៅ របស់រដ្ឋាភិបាល ខណៈកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក និង អាហ្វហ្គានីស្ថាន បានបង្កើនការវាយប្រហារតាមអាកាស តម្រង់គោលដៅនានា របស់ក្រុមឧទ្ទាមប្រដាប់អាវុធ។

ទោះជាយ៉ាងនេះក្ដី រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅតែកំណត់ផែនការយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ដកកងទ័ពអាមេរិក ចេញពីទឹកដីអាហ្វហ្គានីស្ថាន ឲ្យអស់ នៅត្រឹមចុងខែសីហា ឆ្នាំ២០២១ បើទោះជាក្រុមឧទ្ទាមតាលីបង់ បានសម្រេចគោលដៅយុទ្ធសាស្រ្ដរបស់ពួកគេ បង្កើនការវាយលុក ចូលកាន់កាប់ទីក្រុងជាច្រើនរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្ដី។ ប៉ុន្ដែរដ្ឋបាលលោក ចូ បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងនៅតែបន្ដគាំទ្រដល់យោធាអាហ្វហ្គានីស្ថាន ទាំងហិរញ្ញវត្ថ និងភស្ដុភារ រួមទាំង ជួយរក្សាទ័ពអាកាសរបស់រដ្ឋាភិបាល ពីខាងក្រៅអាហ្វហ្គានីស្ថាន បន្ទាប់ពីដកចេញអស់។

ស្របគ្នានេះដែរ ប្រេសិតចរចាសន្ដិភាពរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានវិលត្រឡប់ទៅកាន់ទីក្រុងដូហា (Doha) រដ្ឋធានី នៃប្រទេសកាតារ ដើម្បីព្រមានដល់ក្រុមតាលីបង់ មិនឲ្យស្វែងរកជ័យជម្នះ តាមកម្លាំងប្រដាប់អាវុធនោះឡើយ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក Zalmay Khalilzad ប្រេសិតរបស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងទីក្រុងដូហា ប្រទេសកាតារ ជាកន្លែងដែលក្រុមតាលីបង់ រក្សាការិយាល័យនយោបាយ សម្រាប់ជួយបង្កើតការឆ្លើយតប ជាមួយអន្តរជាតិយ៉ាងឆាប់រហ័ស ចំពោះស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន នៅអាហ្វហ្គានីស្ថាន។

បើតាមអ្នករាយការណ៍របស់សារព័ត៌មាន Aljazeera បានឲ្យដឹងថា ការចរចាគ្នានេះ មានការចូលរួមពីប្រេសិត និងអ្នកការទូតជាច្រើន រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សភាពអឺរ៉ុប អង្គការសហប្រជាជាតិ ចិន ប៉ាគីស្ថាន និងអ៊ូសប៊ែគីស្ថាន (Uzbekistan) ។ ប៉ុន្ដែគេមិនទាន់ដឹងច្បាស់ អំពីជំហររបស់រុស្ស៊ី នៅឡើយ។ រីឯអ្នកការទូតនានាចង់ស្វែងរកវិធីសាស្រ្ដ សម្រាប់បង្កើតនូវផែនការអន្តរជាតិរួមគ្នា ដើម្បីធ្វើឱ្យអ្វីៗដំណើរការឡើងវិញ ខណៈនិយាយអំពីដំណើរការ និងការសន្ទនាពីសន្តិភាព នៅអាហ្វហ្គានីស្ថាន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមប្រយុទ្ធរបស់តាលីបង់ បានវាយលុក ចូលកាន់កាប់ទីក្រុងជាច្រើន នៃខេត្តចំនួន៣៤របស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលមិនដល់១សប្ដាហ៍ផង។ ក្រុមឧទ្ទាមតាលីបង់ កំពុងតែវាយប្រយុទ្ធគ្នាជាមួយនឹងរដ្ឋាភិបាលកាប៊ូល ដែលគាំទ្រដោយលោកខាងលិច ដើម្បីគ្រប់គ្រងទីក្រុងចំនួន៣ផ្សេងទៀត រួមមាន ទីក្រុង Lashkar Gah នាភាគខាងត្បូង ខេត្ត Helmand និងទីក្រុង Kandahar ខេត្ត Kandahar ដែលនៅជិតខាងគ្នានោះ។

លោក Zalmay Khalilzad ប្រេសិតអាមេរិក បានសង្កត់ធ្ងន់ថា តាលីបង់ត្រូវតែបញ្ឈប់នូវការវាយប្រហារ ដោយយោធារបស់ពួកគេ ហើយត្រូវតែចរចាសម្របសម្រួលខាងនយោបាយ ដែលជាផ្លូវនាំទៅរកស្ថិរភាព និងការអភិវឌ្ឍន៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ដោយឡែក ប្រធានយោធាតាលីបង់ បានបញ្ចេញសារសំឡេងទៅកាន់ក្រុមប្រយុទ្ធរបស់ខ្លួន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដោយបញ្ជាឲ្យពួកគេ មិនត្រូវបៀតបៀនដល់កងកម្លាំងអាហ្វហ្គានីស្ថាន និងមន្រ្ដីរដ្ឋាភិបាល នៅក្នុងដែនដីនានា ដែលពួកគេកាន់កាប់។ រីឯសារនេះក៏បានចែកចាយ តាមបណ្ដាញសង្គមធ្វីធើរ ដោយលោក Mohammad Naim អ្នកនាំពាក្យ តាលីបង់ នៅក្នុងទីក្រុងដូហា រដ្ឋធានី នៃប្រទេសកាតារ។

នៅក្នុងសារជាសំឡេង មានរយៈពេលជិត៥នាទី លោក Mohammad Yaqoob កូនប្រុស នៃ លោក Mullah Mohammad Omar មេដឹកនាំតាលីបង់ចុងក្រោយ ក៏បានប្រាប់ដល់ក្រុមប្រយុទ្ធរបស់ខ្លួនឲ្យស្នាក់នៅខាងក្រៅអគារបស់រដ្ឋាភិបាល ដែលបានបោះបង់ចោល និងមន្រ្ដីសន្ដិសុខ ដែលបានរត់គេចខ្លួន ហើយនៅការពារកន្លែងពាណិជ្ជកម្ម ដោយរួមទាំ ងធនាគារផងដែរ។

ស្របពេល ក្រុមតាលីបង់ បានប្រកាសពីការវាយកាប់បានទីក្រុងចំនួន៦ នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន កងទ័ពអាកាសសហរដ្ឋអាមេរិក ក៏បានប្រើប្រាស់យន្ដហោះទម្លាក់គ្រាប់បែក B-52 វាយប្រហារទៅលើគោលដៅនានារបស់ក្រុមឧទ្ទាម បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងច្រើនផងដែរ។

សូមជម្រាបថា រដ្ឋាភិបាលតាលីបង់ ត្រូវបានផ្ដួលរំលំ ក្រោយពេលរដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ចច ដាប់ប៊ែលយ្យូ ប៊ូស បញ្ជាឲ្យកងទ័ព ចូលវាយលុកលុយប្រទេសអាហ្វហ្គានីស្ថាន ដោយសារពាក់ព័ន្ធនឹងការវាយប្រហារដោយក្រុម al-Qaeda ទៅលើអគារពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ បច្ចុប្បន្ន ក្រុមនេះបានក្លាយជាឧទ្ទាម ក្រោយពេលសហរដ្ឋអាមេរិកវាយចូលកាន់កាប់ ហើយបង្កើតរដ្ឋាភិបាលថ្មី ចាប់តាំងពីពេលនោះមក៕
រក្សាសិទ្ធិដោយ៖សារាយSN
https://www.aljazeera.com/news/2021/8/9/residents-of-afghanistans-kunduz-recount-taliban-takeover

×