រដ្ឋធានីអាថែនស៍ ៖ ក្រោយពេលកើតមានគ្រោះមហន្ដរាយ ពីភ្លើងឆេះព្រៃ បណ្ដាលឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ត្រូវបានជម្លៀស ចេញពីលំនៅឋាននោះមក នាយករដ្ឋមន្រ្ដីក្រិក បានចេញមុខ មកសុំអភ័យទោស ចំពោះការបរាជ័យ ក្នុងការទប់ស្កាត់គ្រោះកំណាចនេះ ហើយលោកបានស្ដីបន្ទោសទៅលើអាកាសធាតុ ទើបនាំឲ្យមានហេតុការណ៍ ដ៏អាក្រក់បែបនេះកើតឡើង។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ថា លោក គីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) នាយករដ្ឋមន្រ្ដីក្រិក បានសុំអភ័យទោសដល់ប្រជាពលរដ្ឋរបស់ខ្លួន ជុំវិញការបរាជ័យ លើការដោះស្រាយបញ្ហាភ្លើងឆេះព្រៃ នៅទូទាំងប្រទេសនេះ។
រហូតមកដល់ពេលនេះ ក្រុមពន្លត់អគ្គិភ័យរាប់រាយនាក់ កំពុងតែប្រយុទ្ធនឹងគ្រោះមហន្ដរាយពីភ្លើងឆេះព្រៃនេះ។ រីឯអាជ្ញាធរបានបង្ខំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ចាកចេញពីផ្ទះសម្បែង ខណៈភ្លើងកំពុងតែឆេះទ្រព្យសម្បត្ដិរបស់ពួកគេ។
លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្ដីក្រិក បានបញ្ជាក់ថា «យើងអាចធ្វើនូវអ្វីដែលយើងអាចធ្វើបាន។ ប៉ុន្ដែក្នុងករណីជាច្រើន យើងមិនអាចធ្វើទៅបាន។ យើងយល់ពីការឈឺចាប់របស់ប្រជាពលរដ្ឋជាទីស្រឡាញ់របស់យើង ដោយសារផ្ទះសម្បែង និងទ្រព្យសម្បត្ដិរបស់ពួកគេ ត្រូវបានភ្លើងឆេះអស់។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី បានស្ដីបន្ទោសទៅលើវិបត្ដិអាកាសធាតុ ទើបបង្កឲ្យមានភ្លើងឆេះព្រៃបែបនេះកើតឡើង។

ផ្សែងដ៏ក្រាស់នៅតែគ្របដណ្ដប់ទៅលើកោះអេវៀ (Evia) នាភាគខាងពាយព្យ រដ្ឋធានីអាថែនស៍ ជាកន្លែងដែលមានភ្លើងឆេះព្រៃ អស់រយៈពេល១សប្ដាហ៍កន្លងមកហើយ។ គ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះសម្បែងអស់ជាច្រើន ហើយព្រៃឈើរាប់សិបហិកតា នៅលើកោះ Evia តំបន់ជាយក្រុង និងផ្នែកជាច្រើនទៀត នៃប្រទេសក្រិក ត្រូវបានបំផ្លាញ។
អង្គការសហប្រជាជាតិ បានចេញសេចក្ដីរាយការណ៍ដ៏ធំមួយថា សកម្មភាពរបស់មនុស្ស កំពុងបង្កើតឲ្យមានព្រឹត្ដិការណ៍អាកាសធាតុដ៏អាក្រក់ រហូតមកដល់ពេលនេះ។

នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់នេះ បានសម្លាប់មនុស្ស៣នាក់ ហើយក្នុងនោះមានអ្នកស្ម័គ្រចិត្តពន្លត់អគ្គិភ័យម្នាក់ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ក្រុមពន្លត់អគ្គិភ័យ ជាង១ ០០០នាក់ មកពីសហភាពអឺរ៉ុប រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក ហើយយន្ដហោះពន្លត់អគ្គិភ័យ ក៏មកជួយអន្ដរាគមន៍ផងដែរ។
លោក Mitsokasis នាយករដ្ឋមន្រ្ដីក្រិក បានសន្យាថា ប្រាក់រាប់រាយលានអឺរ៉ូ នឹងជួយទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវរងគ្រោះ ដោយសារគ្រោះអគ្គិភ័យនេះ។ ទោះជាយ៉ាងណា គេមិនទាន់អាចវាយតម្លៃ ពីទំហំខូចខាតនៅឡើយទេ៕រក្សាសិទ្ធិដោយ៖សារាយSN







