រដ្ឋធានីហាណូយ ៖ ថ្វីបើបច្ចុប្បន្ន វៀតណាមកំពុងតែរងការរាតត្បាត ពីរលកចុងក្រោយ នៃជំងឺកូវីដ-១៩យ៉ាងណាក្ដី ប៉ុន្ដែប្រទេសនៅតំបន់អាស៊ានមួយនេះ នៅតែមានឱកាសនាំចេញទំនិញកើនឡើងខ្ពស់ ខណៈបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក បើកចំហទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។
សារព័ត៌មាន Vietnam Net បានផ្សាយ កាលពីថ្ងៃទី៩ ខែសីហា ថា បច្ចុប្បន្ននេះ បណ្ដាប្រទេសជាច្រើន នៅលើពិភពលោក កំពុងតែបង្កើនការចាក់វ៉ាក់សាំង និងបើកចំហទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។ នេះជាឱកាសដ៏ល្អដល់វៀតណាម ក្នុងការនាំចេញនូវផលិតផលវាយនភណ្ឌ ទ្រនាប់ជើង គ្រឿងសង្ហារឹម និងអគ្គិសនីរបស់របស់ខ្លួន។ រហូតមកដល់ពេលនេះ ការនាំចេញរបស់វៀតណាម កំពុងតែកើនឡើងគួរឲ្យកត់សម្គាល់។
បើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយរបស់ប្រទេសវៀតណាម បានឲ្យដឹងថា ចំណូលពីការនាំចេញ និងនាំចូលរបស់វៀតណាម កើនឡើងគួរឲ្យកត់សម្គាល់ ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ២០២១។ តម្លៃនាំចូល-នាំចេញ សរុប ៣៧១,១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ពោលគឺកើនឡើង២៩,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ រីឯតម្លៃ នៃការនាំចេញសរុប ប្រមាណ ១៨៤,៣៣ពាន់លានដុល្លារ ពោលគឺកើន២៤,៨ភាគរយ។ ចំណែកតម្លៃនាំចូលសរុប ប្រមាណ១៨៦,៨៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ពោលគឺកើនឡើង ៣៤,៤ភាគរយ។

រហូតមកដល់ពេលនេះ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់តិចតួចដល់ទំនិញនាំចូល និងនាំចេញរបស់វៀតណាម នៅក្នុងខែកក្កដា។ ការនាំចេញសរុប នៅក្នុងខែកក្កដា ប្រមាណ២៦ពាន់លានដុល្លារ ធ្លាក់ចុះ៤,៤ភាគរយ ហើយការនាំចូលសរុប ២៦ពាន់លានដុល្លារ ក៏បានធ្លាក់ចុះ០,៦ភាគរយផងដែរ។
បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា វៀតណាម មានអ្នកឆ្លងកូវីដ-១៩ សរុប ២១៩ ៧៤៥ ហើយក្នុងនោះ មានអ្នកស្លាប់ ៣ ៧៥៧នាក់ និងមានអ្នកជាសះស្បើយ ៧៥ ៩២០នាក់ ហើយអ្នកជំងឺ ១៤០ ០៦៨នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ៖សារាយSN













