រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រុមឧទ្ទាមតាលីបង់ កំពុងតែបង្កើនការវាយលុក ចូលកាន់កាប់ទីក្រុងសំខាន់ៗ ក្រោយពេលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត បានសម្រេចដកកងទ័ពរបស់ខ្លួន ចេញពីអាហ្វហ្គានីស្ថាន ទើបប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឲ្យយន្ដហោះទម្លាក់គ្រាប់បែក B-52 វាយប្រហារទៅលើទីតាំងនានារបស់ក្រុមនេះ។

លោក Fawad Aman អ្នកនាំពាក្យ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងថា យន្ដហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក បានវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់ក្រុមឧទ្ទាមតាលីបង់ នៅក្នុងខេត្ត Jawzjan និងខេត្ត Sheberghan នាភាគខាងជើង អាហ្វហ្គានីស្ថាន។ ការវាយប្រហារ ដោយយន្ដហោះទម្លាក់គ្រាប់បែករបស់អាមេរិកនេះ ធ្វើឲ្យកងជីវពលតាលីបង់ រងការខូចខាតយ៉ាងដំណំ។
បណ្ដាញទូរទស្សន៍ TV channel Tolo បានផ្សាយថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិ បានបញ្ជាដល់កងយន្ដហោះទម្លាក់គ្រាប់បែក B-52 ឲ្យវាយប្រហារទៅលើគោលដៅសំខាន់របស់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន។ សកម្មភាពកងទ័ពអាកាសរបស់អាមេរិកនេះ គឺការពារដល់សម្ពន្ធមិត្ត ក្រោយពេលក្រុមជីវពលនេះ បង្កើនការវាយប្រហារ ចូលកាន់កាប់ទីក្រុងសំខាន់ៗជាច្រើន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោកឧត្ដមសេនីយ៍ Nicole Ferrara អ្នកនាំពាក្យ បញ្ជាការកណ្ដាលកងទ័ពអាកាសសហរដ្ឋអាមេរិក ប្រាប់ដល់បណ្ដាញផ្សព្វផ្សាយ តាម Email ថា កងទ័ពអាកាសរបស់សហរដ្ឋអាមរិក បានបើកប្រតិបត្ដិការវាយប្រហារទៅលើក្រុមតាលីបង់។ ប្រតិបត្ដិការនេះ ដើម្បីការពារដល់ដៃគូអាហ្វហ្គានីស្ថានរបស់យើង។ ជាមួយគ្នានេះ ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងកាប៊ូល ក៏បានអំណាវនាវដល់ប្រជាពលរដ្ឋរបស់ខ្លួន ត្រូវចាកចេញពីប្រទេសអាហ្វហ្គានីស្ថានជាបន្ទាន់ផងដែរ៕ រក្សាសិទ្ធិដោយ៖សារាយSN






