រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន បានបន្ថែមកំហឹងដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ឲ្យកាន់តែខឹងសម្បាខ្លាំងឡើងបន្ថែមទៀត ដោយអនុញ្ញាតឲ្យលក់សព្វាវុធ មានតម្លៃ៧៥០លានដុល្លារសហរដ្ឋអាមេរិក ទៅឲ្យកោះតែវ៉ាន់ ក្រោយពេលរដ្ឋបាលមុនរបស់លោក ដូណាល់ ត្រាំ បានសម្រេចចិត្តលក់គ្រឿងសឹកទំនើបៗ មានតម្លៃជិត២ពាន់លានដុល្លារទៅឲ្យដែនកោះនេះ។

សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ កាលពីថ្មីនេះថា កាលពីឆ្នាំកន្លងទៅ ក្រសួងការបរទេសចិន បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន លក់គ្រឿងសព្វាវុធធំៗរបស់សហរដ្ឋអាមេរិកជាច្រើន ដូចជា ក្រុមហ៊ុន Lockheed Martin ក្រោយពេលរដ្ឋាភិបាលទីក្រុងប៉េកាំង ស្រាវជ្រាវដឹងថា រដ្ឋាភិបាលមុនរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យលក់គ្រឿងសព្វាវុធទៅឲ្យកោះតៃវ៉ាន់ មានតម្លៃ១,៨ពាន់លានដុល្លារអាមេរិក។
ភ្នាក់ងារសហប្រតិបត្ដិការសន្ដិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បានប្រកាសព័ត៌មាន កាលពីថ្ងៃពុធ (ទី៤ ខែសីហា ឆ្នាំ២០២១) ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យលក់គ្រឿងសព្វាវុធ មានតម្លៃ ៧៥០ដុល្លារសហរដ្ឋអាមេរិកទៅឲ្យការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌របស់រដ្ឋាភិបាលទីក្រុងតៃប៉ិ នៅលើទឹកដីសហរដ្ឋអាមេរិក (TECRO) នូវប្រព័ន្ធមីស៊ីលផ្លោងធុនមធ្យម ១០៥ មីល្លីម៉ែត្រ M109A6 (155mm M109A6 Paladin Medium Self-Propelled Howitzer Systems) រាប់សិបដើម និងសម្ភារសឹកពាក់ព័ន្ធដទៃទៀត។
បន្ថែមទៅលើប្រព័ន្ធមីស៊ីលផ្លោងចំនួន៤០ដើមនោះ ការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌ទីក្រុងតៃប៉ិ នៅសហរដ្ឋអាមេរិក បានស្នើទិញគ្រឿងសឹកជាច្រើនទៀត រួមមាន យានសម្រាប់បំពាក់កាំភ្លើងយ័ន្ដ ប្រភេទ M9992A2 ចំនួន២០គ្រឿង, យានប្រភេទ M88A2 (M88A2 Hercules vehicles) ចំនួន៥គ្រឿង, ម៉ាស៊ីន M2 Chrysler ចំនួន៥គ្រឿង, កាំភ្លើងយ័ន្ត ចំនួន ៥០ដើម, កាំភ្លើងជម្រើសពហុមុខងារ ចំនួន ១ ៦៩៨ គ្រឿង និងប្រព័ន្ធទិន្នន័យយុទ្ធសាស្ត្រកាំភ្លើងធំដ៏ទំនើប ហៅកាត់ AFATDS ព្រមទាំងគ្រាប់មីស៊ីលនាំផ្លូវផ្សេងៗទៀត។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការលម្អិត អំពីលទ្ធភាព នៃការលក់គ្រឿងសឹកនេះ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យ។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានសាទរដល់ការសម្រេចចិត្តរបស់រដ្ឋបាល លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើង នៅក្នុងបណ្ដាញសង្គមធ្វីធើរ ថា ការលក់គ្រឿងសឹកសង្រ្គាមទាំងនេះ អាចជួយឲ្យដែនកោះតៃវ៉ាន់ អាចការពារខ្លួនឯងបាន ហើយក៏ការពារសន្ដិភាព និងស្ថិរភាព នៅក្នុងតំបន់ ថែមទៀតផង។
ដោយឡែក រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែលើកឡើង នៅក្នុងសង្រ្គាមពាក្យសម្ដី ប្រឆាំងនឹងកោះតៃវ៉ាន់ ថា ចិននឹងលើកកងទ័ព ចូលលុកលុយកាន់កាប់ដែនកោះមួយនេះ នៅក្នុងពេលណាមួយ ប្រសិនបើរដ្ឋាភិបាលទីក្រុងតៃប៉ិ ហ៊ានប្រកាសពីឯករាជភាព ផ្ដាច់ចេញពីប្រទេសចិន។ ជាមួយគ្នានេះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសឲ្យកងទ័ពរំដោះប្រជាជនចិន ត្រៀមលក្ខណៈធ្វើសង្រ្គាមជានិច្ច។

ជាមួយនឹងការប្រកាសរបស់ប្រធានាធិបតីចិននោះ កងទ័ពរំដោះប្រជាជនចិន តែងតែបញ្ជូនយន្ដហោះ និងនាវាចម្បាំងជាច្រើនគ្រឿង ហោះ និងបើកចូល រំលោភលើដែនអាកាសរបស់កោះតៃវ៉ាន់ ជាញឹកញាប់។ រដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកដែនកោះតៃវ៉ាន់ ជាអាណាខេត្តរបស់ខ្លួន ដែលមិនអាចកាត់ផ្ដាច់ ចេញពីប្រទេសចិនបានឡើយ ហើយចិនតែងតែគំរាមដល់បណ្ដាប្រទេសណា ដែលលូកដៃចូល ជួយដល់កោះតៃវ៉ាន់ថែមទៀតផង។
ដោយឡែក លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-Wen) ប្រធានាធិបតីកោះតៃវ៉ាន់ តែងតែអះអាងថា លោកស្រីត្រូវតែការពារដែនកោះមួយនេះឲ្យបាន មិនឲ្យដែនកោះនេះ ធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់ចិនប៉េកាំងនោះឡើយ បើទោះជាត្រូវចំណាយទំហំប៉ុនណា និងបូជាពលីកម្មយ៉ាងណាក៏ដោយ។ ជាមួយនឹងការអះអាងរបស់ស្រ្ដីឆ្នោម នៅលើដែនកោះតៃវ៉ាន់នេះ រដ្ឋាភិបាលទីក្រុងតៃប៉ិ បានចំណាយលុយជាច្រើនពាន់លានដុល្លារសហរដ្ឋអាមេរិក ទិញយន្ដហោះចម្បាំងទំនើបៗ និងប្រព័ន្ធការពារ ព្រមទាំងគ្រឿងសឹកជាច្រើនទៀត ត្រៀមលក្ខណៈធ្វើសង្រ្គាមជាមួយចិន គ្រប់កាលៈទេសៈ។

ក្រុមអ្នកវិភាគយោធាអន្ដរជាតិ បានលើកឡើងថា ចិនមិនហ៊ានលើកទ័ពទៅសង្រ្គប់ ចូលកាន់កាប់ដែនកោះតៃវ៉ាន់នោះទេ ព្រោះអ្នកនៅពីក្រោយខ្នងដែនកោះមួយនោះ មិនមានអ្នកណាខ្លាំងជាងសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តនោះឡើយ។ បើចិនហ៊ានបង្កហេតុ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច ពិតជានឹងលូកដៃចូល ហើយសង្រ្គាមនឹងផ្ទុះឡើងកាន់តែធំ។ ចិន នឹងត្រូវបាត់បង់ ហើយរងការខូចខាតយ៉ាងខ្លាំង ព្រោះចិនមានតែម្នាក់ឯង ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មានគ្នាច្រើន ហើយសុទ្ធតែជាប្រទេសអ្នកមានថែមទៀតផង៕ រក្សាសិទ្ធិដោយ៖សារាយSN































