បរទេស ៖ ក្រោយរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះមក ពួកយោធានៅតែបន្ដ សម្លាប់ប្រជាពលរដ្ឋរបស់ខ្លួន ហើយចុងក្រោយមន្រ្ដីការទូត នៃប្រទេសនេះ ក៏បានព្រមានដល់អង្គការសហប្រជាជាតិ (UN) អំពីការសម្លាប់យ៉ាងរង្គាល ដោយពួកយោធា នៅក្នុងប្រទេសភូមា។

លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា (ភូមា) ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានប្រាប់ដល់ស្ថាប័នកំពូលរបស់ពិភពលោកមួយនេះ ថា ការសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ដោយពួកយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្ដ។ យ៉ាងតិចណាស់ មានមនុស្ស៤០នាក់ ត្រូវបានពួកយោធាសម្លាប់ នៅក្នុងតំបន់ Sagaing កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ។
ឯកអគ្គរដ្ឋទូតភូមា ប្រចាំ នៅ UN រូបនេះ បានមិនព្រមចុះចេញពីតំណែងរបស់លោក ថ្វីបើពួកយោធា បានបណ្ដេញរូបលោក ចេញពីតំណែងជាឯកអគ្គរដ្ឋទូត ប្រចាំ នៅ UN ក្រោយពេលពួកយោធារឹបអូសអំណាច ក្នុងរយៈ៦ខែកន្លងមកនេះក្ដី។ លោក Kyaw Moe Tun បានព្រមាន ថា ការសម្លាប់យ៉ាងរង្គាល ដោយពួកយោធា នៅក្នុងប្រទេសភូមា នៅតែបន្ដ។

លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតប្រចាំ UN បានផ្ញើលិខិតមួយច្បាប់ជូនទៅលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយរៀបរាប់ថា សាកសពរបស់ពលរដ្ឋភូមា យ៉ាងតិច៤០នាក់ ដោយរួមទាំងកុមារផងដែរ ត្រូវបានរកឃើញ នៅក្នុងទីក្រុង Kani ស្ថិតក្នុងតំបន់ Sagaing នាភាគពាយព្យ ប្រទេសមីយ៉ាន់ម៉ា កាលពីខែកក្កដា។ នេះបើយោងតាមទីភ្នាក់ងារ AFP បានរាយការណ៍ កាលពីថ្ងៃពុធ (ទី៤ ខែសីហា ឆ្នាំ២០២១)។
លោក Kyaw Moe Tun បានចោទប្រកាន់ថា ពួកយោធាបានធ្វើទារុណកម្ម និង សម្លាប់បុរស ចំនួន១៦នាក់ នៅក្នុងភូមិមួយ នៃទីក្រុង Kani នៅក្នុងអំឡុងថ្ងៃទី៩ និងទី១០ ខែកក្កដា ក្រោយពេលអ្នកស្រុក១០ ០០០នាក់បានរត់គេចចេញពីតំបន់នោះ។ សាកសព១៣នាក់ផ្សេងទៀត ត្រូវបានរកឃើញ ក្នុងរយៈពេលជាច្រើនថ្ងៃ ក្រោយមានការប៉ះទង្គិចគ្នា រវាងអ្នកប្រយុទ្ធក្នុងតំបន់ និង ពួកសន្ដិសុខរបស់របបយោធាភូមា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ ដោយឡែក បុរសចំនួន១១នាក់ផ្សេងទៀត រួមទាំងកុមារអាយុ១៤ឆ្នាំម្នាក់ផងដែរ ត្រូវបានពួកយោធាភូមាសម្លាប់ ហើយបានបើកការបាញ់ប្រហារទៅលើភូមាមួយផ្សេងទៀត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

បើតាមអង្គការឃ្លាំមើលក្នុងស្រុក បានឲ្យដឹងថា មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយ កាន់តែធ្ងន់ធ្ងរ ចាប់តាំងពីពួកយោធារបស់ប្រទេសនេះ ធ្វើរដ្ឋប្រហាររឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សាន់ស៊ូជី ហើយមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោកស្រី។ រដ្ឋប្រហារយោធានេះនាំឲ្យមានការបង្ក្រាបយ៉ាងព្រៃផ្សៃ ដោយបានសម្លាប់ពលរដ្ឋជាង៩០០នាក់។
លោកស្រី Retno Marsudi រដ្ឋមន្រ្ដីក្រសួងការបរទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២ ខែសីហា បានជំរុញដល់របបគ្រប់គ្រងយោធាភូមា ត្រូវតែអនុញ្ញាតឲ្យមានការតែងតាំងប្រេសិតពិសេសរបស់ប្រជាជាតិអាស៊ាន ចុះទៅសម្របសម្រួល និងដោះស្រាយបញ្ហា នៅក្នុងប្រទេសនេះ។

អស់រយៈពេល៦ខែកន្លងមកនេះ ក្រោយពេលកងទ័ពបានផ្ដួលរំលំរដ្ឋាភិបាល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ របស់មីយ៉ាន់ម៉ា (ភូមា) ប្រមុខការទូតប្រជាជាតិអាស៊ាន កាលពីថ្ងៃទី២ ខែសីហា បានជួបប្រជុំគ្នា ដើម្បីបញ្ចប់បេសកជន ដែលមានភារកិច្ចបញ្ចប់នូវអំពើហិង្សា និងលើកកម្ពស់ការសន្ទនា រវាងរបបយោធា និងគូប្រជែងរបស់ពួកគេ។
ធនាគារពិភពលោក បានថ្លែង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា សេដ្ឋកិច្ចរបស់ភូមា ត្រូវគេរំពឹងថា នឹងធ្លាក់ចុះ រហូតដល់១៨ភាគរយ នៅក្នុងឆ្នាំ២០២១ ។ ការដាំក្បាលចុះបែបនេះ ក៏ដោយសារតែការកើនឡើង នូវភាពវឹកវរពាសពេញប្រទេស ក្រោយរដ្ឋប្រហារ និងរលកទី៣ នៃជំងឺកូវីដ-១៩។

លោកស្រី មីឆែលឡេ បាសេលេត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ថា ប់តាំងពីការធ្វើរដ្ឋប្រយោធានោះមក ប្រជាពលរដ្ឋភូមា ជិត៩០០នាក់ ត្រូវបានគេសម្លាប់ ហើយពលរដ្ឋប្រមាណជាង ២០០ ០០០នាក់ បង្ខំឲ្យរត់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការវាយឆ្មក់របស់យោធាយ៉ាងសាហាវព្រៃផ្សៃទៅលើស្រុក និងភូមិនានារបស់ពួកគេ។ ការរងទុក្ខ និងអំពើហិង្សា នៅទូទាំងប្រទេសបែបនេះ គឺជាការជំរុញឲ្យទៅរកផ្លូវដ៏អាក្រក់ សម្រាប់ការបរាជ័យរបស់រដ្ឋ ឬសង្គ្រាមស៊ីវិលកាន់តែធំ។
អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ពលរដ្ឋភូមាជាង៦លាននាក់ កំពុងតែប្រឈមនឹងការខ្វះខាត ស្បៀងអាហារយ៉ាងខ្លាំង ហើយពលរដ្ឋ ជិតពាក់កណ្ដាល នឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ នៅដើមឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ៖សារាយSN









