រដ្ឋធានីវ៉ាស៊ីនតោន ៖ សារព័ត៌មាន BBC ចេញផ្សាយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ថា ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិក បានប្រកាស អំពីប្រព័ន្ធបច្ចេកវិទ្យាថ្មី ស្វែងរកសម្ភាររំលោភផ្លូវភេទទៅលើកុមារ (CSAM) នៅលើទូរស័ព្ទរបស់អតិថិជន។ បច្ចេកវិទ្យាថ្មីនេះ នឹងជួយស្វែងរក (Search) តាមកម្មវិធី CSAM នេះ។

ក្រុមហ៊ុន Apple បានឲ្យដឹងថា ប្រសិនបើវាស្វែងរកឃើញហើយ មនុស្សដែលអ្នកត្រួតពិនិត្យនឹងវាយតម្លៃ ហើយរាយការណ៍ទៅអ្នកអនុវត្ដច្បាប់។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញនៅតែមានការព្រួយបារម្ភ អំពីសិទ្ធិឯកជនរបស់បុគ្គល ដែលបច្ចេកវិទ្យានេះ អាចពង្រីកការស្កែនទៅលើគោលបំណងដែលត្រូវហាមឃាត់ ឬក៏ការថ្លែងខាងនយោបាយផងដែរ។ ក្រុមអ្នកជំនាញ ព្រួយបារម្ភថា បច្ចេកវិទ្យាដ៏ទំនើបថ្មីនេះ អាចជាឧបករណ៍មួយ សម្រាប់អាជ្ញាធររដ្ឋាភិបាល ប្រើប្រាស់ខាងចារកម្ម ដើម្បីតាមដាន អំពីសកម្មភាពរបស់ប្រជាពលរដ្ឋ។

ក្រុមហ៊ុន Apple បានបញ្ជាក់ថា Version ថ្មី នៃ iOS និង iPadOS នឹងត្រូវបញ្ចេញលក់ នៅចុងឆ្នាំនេះ។ ទូរស័ព្ទទាំងនេះ នឹងមាន Application ថ្មី ជួយកំណត់ការពង្រីកការស្កែន CSAM ខណៈកំពុងរចនា សម្រាប់ការប្រើប្រាស់ជាលក្ខណៈឯកជន។
ប្រព័ន្ធថ្មីនេះដំណើរការ ដោយប្រៀបធៀបរូបភាពទៅនឹងមូលដ្ឋានទិន្នន័យរូបភាពរំលោភបំពានផ្លូវភេទលើកុមារ ដែលត្រូវបានចងក្រង ដោយមជ្ឈមណ្ឌលជាតិ សម្រាប់ការបាត់ខ្លួន និងការកេងប្រវ័ញ្ចកុមារ (NCMEC) និងអង្គការសុវត្ថិភាពកុមារផ្សេងៗទៀត៕
រក្សាសិទ្ធិដោយ៖សារាយSN





