រាជធានីបាងកក ៖ រហូតមកដល់ពេលនេះ ស្ថានភាពកូវីដ-១៩ នៅតែបន្ដញាំញីប្រទេសថៃ និង ពិភពលោក ធ្វើឲ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ខាតបង់ប្រាក់ចំណូល អស់រាប់រយលានពាន់ដុល្លារ ហើយស្របគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិថៃ (THAI) កំពុងតែប្រឈមមុខនឹងហិរញ្ញវត្ថុយ៉ាងខ្លាំង រហូតប្រកាសលក់អចលនទ្រព្យ និងអគារជាច្រើនរបស់ក្រុមហ៊ុន ដើម្បីស្ដារស្ថានភាពពាណិជ្ជកម្មឡើងវិញ។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានដកស្រង់ប្រភពព័ត៌មានពីក្រុមហ៊ុនអាកាសចរណ៍ ហើយយកមកចុះផ្សាយ នៅថ្ងៃទី៤ ខែសីហា ថា ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិថៃ (THAI) កំពុងតែដាក់លក់អចលនទ្រព្យ និងអគារជាច្រើនរបស់ក្រុមហ៊ុន នៅជុំវិញប្រទេសថៃ។ ការប្រកាសលក់បែបនេះ ក៏ដើម្បីប្រមូលលំហូរសាច់ប្រាក់ យកមកស្ដារពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដែលកំពុងរងគ្រោះ ពីវិបត្ដិកូវីដ-១៩នេះឡើងវិញ។
ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិថៃ បានបញ្ជាក់ថា ក្រុមហ៊ុននឹងលក់ទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ខ្លួន សម្រាប់បង្កើននូវលំហូរសាច់ប្រាក់ ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុល ចំនួន២៤៥ពាន់លានបាត (លុយថៃ) ឬស្មើនឹងជាង ៧,៤២ពាន់លានដុល្លារសហរដ្ឋអាមេរិក តាមរយៈការពង្រីកការទូទាត់លើការលើកលែងការប្រាក់ និងការដោះស្រាយបំណុល។ ក្រៅពីនេះ ក្រុមហ៊ុន ក៏បានបង្ហាញ ពីគម្រោងឈប់ដោយគ្មានប្រាក់ឈ្នួល និងកាត់បន្ថយប្រាក់ខែរបស់បុគ្គលិកបន្ថែមតៀតផង។

អចនទ្រព្យ និងអគារជាច្រើនរបស់ក្រុមហ៊ុន នឹងត្រូវលក់នោះ រួមមាន នៅក្រុងបាងកក និងខេត្តនានា រួមមាន ខេត្ដ Khon Kaen, Chiang Mai, Chiang Rai, Phuket និងខេត្ត Phitsanulok ។ រីឯអគារច្រើន នឹងត្រូវដាក់លក់នោះ មានដូចជា ការិយាល័យបម្រើការងារដល់ក្រុមហ៊ុនអាកាសចរណ៍ ហើយក្នុងនោះមានអគារកម្ពស់៤ជាន់ នៅតាមផ្លូវ Silom Road, អគារការិយាល័យកម្ពស់៨ជាន់ ដោយមានចំណតរថយន្ដកម្ពស់៦ជាន់ នៅតាមផ្លូវ Lan Luang Road និងអគារកម្ពស់២ជាន់ ដែលហៅថា «Rak Khun Thao Fa» នៅលើដី នៃអាកាសយានដ្ឋាន Don Mueang ៕ រក្សាសិទ្ធិដោយ៖សារាយSN




