ទីក្រុងឡុងដ៍ ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានសហការជាមួយនឹងក្រុមហ៊ុននានា ដើម្បីបញ្ចុះតម្លៃលើការធ្វើដំណើរ និង តម្លៃអាហារ សម្រាប់ការលើកទឹកចិត្តដល់យុវវ័យ ឲ្យនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងកូវីដ។

សារព័ត៌មាន BBC បានផ្សាយ កាលពីថ្ងៃទី១ ខែសីហា ថា រដ្ឋាភិបាលអង់គ្លេស បានបញ្ចុះតម្លៃអាហារ និងការធ្វើដំណើរតាមរថយន្ដ សម្រាប់លើកទឹកចិត្តដល់យុវវ័យ ឲ្យនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ។
Pizza Pilgrims ជាក្រុមហ៊ុនមួយ ដែលចូលរួម ក្នុងគម្រោងនេះ បានបញ្ជាក់ថា ក្រុមហ៊ុនអាចផ្តល់ភីហ្សា ដោយឥតគិតថ្លៃមួយចំនួនដល់ក្មេងៗ ប្រសិនបើក្រុមហ៊ុននេះ ត្រូវបានជ្រើសរើសធ្វើជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត បានផ្តល់ការជិះរថយន្ដតាក់ស៊ី ដោយឥតគិតថ្លៃផងដែរ ដើម្បីជួយប្រជាជនឱ្យទៅទទួលបានការចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ថា ការលើកទឹកចិត្តផ្សេងទៀតអាចត្រូវផ្ដល់ឲ្យ រួមមាន «ប័ណ្ណទូទាត់ ឬលេខកូដបញ្ចុះតម្លៃ សម្រាប់ប្រជាជនដែលចូលរួម នៅទីតាំងចាក់វ៉ាក់សាំង និង ការចុះឈ្មោះតាមបណ្ដាញសង្គម NHS ហើយការផ្តល់ជូនយ៉ាងពិសេស សម្រាប់ភោជនីយដ្ឋាន»។

រហូតមកដល់ពេលនេះ យុវជនអង់គ្លេស មានអាយុចាប់ពី១៨-២៩ ជាង៦៨ភាគរយ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ ខណៈមនុស្សពេញវ័យឡើងទៅប្រហែល៨៨,៦ភាគរយ បានចាក់វ៉ាក់សាំង១ដូសហើយដែរ។ នៅក្នុងចក្រភពអង់គ្លេស បានចាក់វ៉ាក់សាំង សរុប ៨៥លានដូស ក្នុងចំណោមពលរដ្ឋ៦៦,៦៥លាននាក់។ គិតត្រឹមវេលាខាងលើ ពលរដ្ឋអង់គ្លេសពេញវ័យ ជាង៧២,៥ភាគរយ បានទទួលការចាក់វ៉ាក់សាំងចំនួន២ដូស។
លោក Sajid Javid រដ្ឋមន្រ្ដីក្រសួងសុខាភិបាលចក្រភព បានបញ្ជាក់ថា លោក Nadhim Zahawi មន្រ្ដីជាន់ខ្ពស់ទទួលបន្ទុកវ៉ាក់សាំង ជំរុញឲ្យពលរដ្ឋ ទទួលបានការចាក់វ៉ាក់សាំងឲ្យបាន២ដូសរបស់ពួកគេ។ រក្សាសិទ្ធិដោយ៖សារាយSN








