ទីក្រុងណៃពិដោរ៖ មេដឹកនាំរបបគ្រប់គ្រងយោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន ហើយតាំងខ្លួន ជានាយករដ្ឋមន្រ្ដី បន្ដគ្រប់គ្រងប្រទេស ចាប់តាំងពីពេលនេះ រហូតដល់ខែសីហា ឆ្នាំ២០២៣ ទើបរៀបចំការបោះឆ្នោតជាថ្មី។

សារព័ត៌មាន CNA បាន ផ្សាយ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ថា លោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង (Min Aung Hlaing) ដែលដឹកនាំ ធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សាន់ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាស ធ្វើជានាយករដ្ឋមន្រ្ដី ហើយដាក់ប្រទេស ក្នុងគ្រាអាសន្ន ចាប់ពីពេលនេះ រហូតដល់ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ Min Aung Hlaing បានសន្យារៀបចំបោះឆ្នោតឲ្យមានពហុបក្ស ប្រកបដោយសេរី និងយុត្ដិធម៌។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងវិបត្ដិនយោបាយ កាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលលោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង បានរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សាន់សូជី ។ បន្ទាប់ពីមានរដ្ឋប្រហារយោធានោះ ក៏លេចចេញនូវការតវ៉ា និងការបំផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពរដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច តែងតែកើតឡើងជាញឹកញាប់ នៅតាមរដ្ឋនានា រួមមាន រដ្ឋកាឈីន រដ្ឋការ៉ែន និងរដ្ឋមន…ជាដើម។ ការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធនេះ បានបង្ខំឲ្យប្រជាពលរដ្ឋយ៉ាងតិច២សែននាក់ បានរត់ភៀសខ្លួនចោលផ្ទះសម្បែង។

រហូតមកដល់ពេលនេះ ការតវ៉ាជាច្រើន នៅតែកើតឡើង ហើយក្រុមអ្នកតវ៉ាក់បានប្រឆាំងនឹងប្រព័ន្ធសុខាភិបាល ដែលដួលរលំ ចំពេលការផ្ទុះឡើងនូវជំងឺកូវីដ-១៩កាន់តែខ្លាំង។ ចំណែកសាកសពរបស់អ្នកកើតជំងឺកូវីដ-១៩ ត្រូវបានគេដឹកតាមម៉ូតូ និងរទេះគោ យកទៅបូជា ដែលមើលទៅគួរឲ្យអាណោចអាធ័មបំផុត។ បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មីយ៉ាន់ម៉ា មានអ្នកឆ្លងកូវីដ-១៩ សរុប ៣០២ ៦៦៥នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំងនោះ មានអ្នកស្លាប់ ៩ ៧៣១នាក់ និង មានអ្នកជាសះស្បើយ ២១៣ ២២៧នាក់។

លោកស្រី មីឆែលឡេ បាសេលេត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្លាប់បញ្ជាក់កាលពីពេលកន្លងមកថា ចាប់តាំងពីការធ្វើរដ្ឋប្រយោធាមក ប្រជាពលរដ្ឋភូមា ជិត៩០០នាក់ ត្រូវបានគេសម្លាប់ ហើយពលរដ្ឋប្រមាណជាង ២០០ ០០០នាក់ ត្រូវរត់ភៀសខ្លួន ដោយសារតែការវាយឆ្មក់របស់យោធាយ៉ាងសាហាវព្រៃផ្សៃទៅលើស្រុក និងភូមិនានារបស់ពួកគេ។ ការរងទុក្ខ និងអំពើហិង្សា នៅទូទាំងប្រទេសបែបនេះ គឺជាការជំរុញឲ្យទៅរកផ្លូវដ៏អាក្រក់ សម្រាប់ការបរាជ័យរបស់រដ្ឋ ឬសង្គ្រាមស៊ីវិលកាន់តែធំ។
ធនាគារពិភពលោក ធ្លាប់លើកឡើង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា សេដ្ឋកិច្ចរបស់ភូមា ត្រូវគេរំពឹងថា នឹងធ្លាក់ចុះ រហូតដល់១៨ភាគរយ នៅក្នុងឆ្នាំ២០២១ ។ ឱនភាពសេដ្ឋកិច្ចដ៏ខ្លាំងបែបនេះ បានកើតឡើង ក្រោយពេលមានរដ្ឋប្រហារ និងវិបត្ដិជំងឺកូវីដ-១៩ចុងក្រោយនេះ៕ រក្សាសិទ្ធិដោយ៖សារាយSN









