រដ្ឋធានីសេអ៊ូល៖ រលកចុងក្រោយ នៃជំងឺកូវីដ-១៩ នៅតែបន្ដកាន់តែខ្លាំង នៅក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើឲ្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានសម្រេចផ្អាកសមយុទ្ធយោធាជាមួយនឹងសហរដ្ឋអាមេរិក ហើយក៏ដើម្បីស្ដារទំនាក់ទំនងជាមួយកូរ៉េខាងជើង កាន់តែប្រសើរឡើង ដើម្បីឈានដល់ការរសាយអាវុធមហាប្រល័យលោក។

សារព័ត៌មានកូរ៉េខាងត្បូង KBS បានផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ថា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាស ពីការផ្អាកធ្វើសមយុទ្ធយោធា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ការសម្រេចខាងលើ ក៏ដោយសារស្ថានភាពកូវីដ-១៩ កំពុងឆ្លងរាលដាលកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការផ្អាកសមយុទ្ធយោធានេះ ក៏ជាវិធីសាស្រ្ដមួយ ជួយបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសកូរ៉េទាំងពីរ ឱ្យកាន់តែប្រសើរឡើង ដើម្បីឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធបរមាណូថែមទៀតផង។
កូរ៉េខាងជើង តាំងពីដំបូងមក តែងតែប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពយោធា រវាង កងទ័ពអាមេរិក និងកូរ៉េខាងត្បូង។ កូរ៉េខាងជើង ចាត់ទុកការធ្វើសមយុទ្ធយោធារបស់កងទ័ពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាការត្រៀមលក្ខណៈចូលឈ្លានពានទឹកដីកូរ៉េខាងជើង។

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ថា ការបង្ហាញពីសុទិដ្ឋិនិយមរបស់កូរ៉េខាងត្បូង បានកើតឡើង ក្រោយពេលប្រទេសទាំងពីរបានសម្រេចតភ្ជាប់ឡើងវិញខ្សែទូរស័ព្ទទំនាក់ទំនង នៅតំបន់ព្រំដែន។ នេះជាសញ្ញាដ៏ល្អ សម្រាប់ប្រទេសទាំងពីរបង្កើនទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង។
ប្រទេសកូរ៉េខាងទាំង២ បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្នា ក្រោយបរាជ័យ នៅក្នុងជំនួបកំពូលរវាងមេដឹកនាំ នៃប្រទេសបងប្អូននេះ កាលពីខែមិថុនា ឆ្នាំ២០២០។ ភ្លាមៗនោះ មេដឹកកូរ៉េខាងជើង បានបញ្ជាឲ្យបំផ្ទុះអគារទំនាក់ទំនងព្រំដែនអន្ដរកូរ៉េចោល។ ប៉ុន្ដែកាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសបងប្អូនទាំង២នេះ បានតភ្ជាប់ទំនាក់ទំនង និងបង្កើតនូវទំនុកចិត្ដគ្នាឡើងវិញ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូង ឈប់ធ្វើសមយុទ្ធរួមនោះ ជាសញ្ញាល្អបំផុត សម្រាប់អូសទាញកូរ៉េខាងជើងឲ្យវិលត្រឡប់ចូល មកកាន់តុចរចា ស្តីពីការរំសាយកម្មវិធីបរមាណូ៕រក្សាសិទ្ធិដោយ៖សារាយSN












