ទីក្រុងតែលអាវីវ ៖ ក្រោយពេលមានការវាយប្រហារទៅលើនាវាដឹកប្រេងមួយគ្រឿង នៅក្នុងសមុទ្រអារ៉ាប់ ដោយបានបណ្ដាលឲ្យនាវិកអង់គ្លេស និងរ៉ូម៉ានី ស្លាប់នោះមក រដ្ឋាភិបាលអ៊ីស្រាអែល បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារនោះ។
ឧប្បត្ដិហេតុនេះ បានកើតឡើង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅឆ្នេរសមុទ្ររបស់អូម៉ង់ ស្ថិតក្នុងសមុទ្រអារ៉ាប់។ ផ្លូវ MV Mercer ត្រូវបានប្រតិបត្ដិការ ដោយក្រុមហ៊ុន Zodiac Maritime ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ ស្ថិតក្នុងសមុទ្រអារ៉ាប់ កាលពីថ្ងៃព្រហស្បតិ៍។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ថា នាវារងការវាយប្រហារនោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្ររបស់លោក Eyal Ofer មហាសេដ្ឋីអ៊ីស្រាលអែល។
ទោះជាយ៉ាងណា ព័ត៌មានពិស្ដារ ពាក់ព័ន្ធនឹងការវាយលើនាវាដឹកប្រេង នៅមិនទាន់ច្បាស់ នៅឡើយ។ ដោយឡែកអ៊ីរ៉ង់ ក៏មិនទាន់បានឆ្លើយតប ជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែលដែរ។ ហេតុការណ៍នោះ បានកើតឡើង ចំពេលស្ថានភាព កាន់តែតានតឹង នៅក្នុងតំបន់។ ជាមួយគ្នានេះដែរ ក៏មានសេចក្ដីរាយការណ៍ថា មានដ្រូនមួយគ្រឿង ពាក់ព័ន្ធនឹងការវាយប្រហារនោះ។

លោក Yair Lapid រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ីស្រាអែល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានស្ដីបន្ទោសថា ការវាយប្រហារភេរវកម្មទៅលើនាវាដឹកប្រេងនោះ គឺអ៊ីរ៉ង់ជាអ្នកនៅពីក្រោយខ្នង។ អ៊ីរ៉ង់ ជាមិនត្រឹមតែជាបញ្ហាជាមួយនឹងអ៊ីស្រាអែល ប៉ុណ្ណោះទេ ប៉ុន្ដែវាជាបញ្ហារបស់ពិភពលោកផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ថា អង់គ្លេសកំពុងតែបង្កើតក្រុមស៊ើបអង្កេតបន្ទាន់ ជុំវិញករណីវាយប្រហារនេះ។ យើងត្រូវតែនៅជាមួយមនុស្សជាទីស្រលាញ់របស់ជនជាតិអង់គ្លេសម្នាក់ ដែលបានបាត់បង់ជីវិត បន្ទាប់ពីមានឧប្បត្តិហេតុមួយ បានកើតឡើង នៅលើនាវាដឹកប្រេងមួយគ្រឿង នៅក្រៅឆ្នេរសមុទ្រអូម៉ង់។ បើយោងតាមច្បាប់អន្ដរជាតិ នាវានោះត្រូវតែអនុញ្ញាតឲ្យធ្វើនាវាចរណ៍ដោយសេរី។
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃសុក្រ (ទី៣០ ខែកក្កដា ឆ្នាំ២០២១) ក្រុមហ៊ុន Zodiac Maritime បានប្រកាសថា ការវាយប្រហារទៅលើនាវាដឹកប្រេងរបស់ខ្លួន បានបណ្ដាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត។ ប៉ុន្ដែក្រុមហ៊ុនក៏មិនបានរាយការណ៍ អំពីចំនួនអ្នករងរបួសនោះដែរ។ ហេតុការណ៍នោះបានកើតឡើង ខណៈនាវាដឹកប្រេងកំពុងតែធ្វើនាវាចរណ៍ ក្រោមការគ្រប់គ្រងរបស់នាវិក២នាក់ ហើយវាមានដំណើរឆ្ពោះទៅកាន់កន្លែងសុវត្ថិភាពរបស់កងទ័ពជើងទឹកអាមេរិក៕រក្សាសិទ្ធិដោយ៖សារាយSN




