រដ្ឋធានីហាណូយ ៖ ក្រោយពេលទៅដល់ទឹកដីវៀតណាម កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ភ្លាម រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានគូសបញ្ជាក់ ពីតម្រូវការចាំបាច់ ត្រូវតែគោរពច្បាប់អន្ដរជាតិ នៅក្នុងដែនសមុទ្រចិនខាងត្បូង ហើយការថ្លែងបែបនេះ ថ្វីបើមិននិយាយឲ្យចំឈ្មោះប្រទេសក្ដី ប៉ុន្ដែគេអាចដឹងបានថា សហរដ្ឋអាមេរិក ថ្លែងសំដៅទៅកាន់មហាយក្សចិន។

សារព័ត៌មានវៀតណាម (Vietnam News) បានផ្សាយ កាលពីថ្ងៃទី២៩ ខែកក្កដា ថា លោកឧត្ដមសេនីយ៍ Văn Giang រដ្ឋមន្រ្ដីក្រសួងការពារជាតិវៀតណាម និងលោក Lloyd Austin ប្រមុខក្រសួងការពារជាតិសហរដ្ឋអាមេរិក បានគូសបញ្ជាក់ ពីតម្រូវការចាំបាច់ ត្រូវតែគោរពច្បាប់អន្ដរជាតិ នៅក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងជំនួប នាទីក្រុងហាណូយ នោះ ប្រមុខក្រសួងការពារជាតិ នៃប្រទេសទាំង២ បានបញ្ជាក់ថា ប្រទេសទាំង២ នឹងឈ្វេងយល់ ពីគ្នាទៅវិញទៅមកចំពោះការគោរពសិទ្ធិស្របច្បាប់ នៃប្រទេសនានា ដែលមានជាប់ឆ្នេរសមុទ្រ ហើយមានជំនឿទៅលើដំណោះស្រាយជម្លោះ និងការប៉ះទង្គិចគ្នា តាមរយៈមធ្យោបាយសន្ដិវិធី។ ប្រទេសទាំង២ បានចែករំលែកនូវទំនុកចិត្ត នៅក្នុងការថែរក្សាសន្ដិភាព ស្ថិរភាព សន្ដិសុខ បទដ្ឋាន និង សេរីភាព នៃការហោះហើរ និងការធ្វើនាវាចរណ៍ តាមផ្លូវទឹក និងមហាសមុទ្រ ក្រោមច្បាប់អន្ដរជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨០ ស្ដីពីច្បាប់សមុទ្រ ហៅកាត់ «UNCLOS» ។
លោករដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងពេញទំហឹងនូវវិបុលភាព និងឯករាជភាពដល់ប្រទេសវៀតណាម ដែលបានចូលរួមចំណែកដល់សន្ដិសុខអន្ដរជាតិ។ ក្រៅពីនេះ លោករដ្ឋមន្រ្ដី ក៏បានប្រកាស ផ្ដល់ជំនួយសម្ភារវេជ្ជសាស្រ្ដដល់វៀតណាម និង សហប្រតិបត្ដិការ សម្រាប់វេជ្ជសាស្រ្ដយោធា ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ផងដែរ។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ (ហៅកាត់ អាស៊ាន) ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូករុស្ស៊ី ចិន អាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) អូស្រ្តាលី នូវែលហ្សេឡង់ដ៍ និងឥណ្ឌា (ហៅកាត់ ADMM+) ដើម្បីថែរក្សាសន្តិភាព ក្នុងតំបន់ និងពិភពលោក។
សារព័ត៌មាន CNA បានផ្សាយ កាលពីថ្ងៃទី២៨ ខែកក្កដា ថា អាមេរិកតែងតែចាត់ទុកចិន ជាចំណុចស្នូល នៃគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បញ្ហានេះ ធ្វើឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ត្រូវតែប្រជែង លើភូមិសាស្រ្ដនយោបាយដ៏សំខាន់ជាមួយទីក្រុងប៉េកាំង។
លោ Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ខណៈមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែកក្កដា បានសង្កត់ធ្ងន់ថា «ឥរិយាបថធម្មតារបស់ទីក្រុងវ៉ាស៊ីនតោន ផ្ដោតទៅលើអស្ថិរភាព ចាប់តាំងពីដែនកោះតៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង។ ដូច្នេះ អាមេរិកត្រូវតែស្វែងរកនូវទំនាក់ទំនង ប្រកបដោយស្ថិរភាពជាចំហ សម្រាប់ប្រទេសទាំង២ ដើម្បីកាត់បន្ថយនូវភាពតានតឹង។

លោ Lloyd Austin បានបញ្ជាក់ទៀតថា «យើងនឹងមិនរួញរាទេ ប្រសិនបើផលប្រយោជន៍របស់យើង ត្រូវរងនូវការគំរាមកំហែង បើទោះជាយើងមិនចង់ប្រឈមមុខក៏ដោយ។ ខ្ញុំប្ដេជ្ញាស្វែងរកទំនាក់ទំនង ប្រកបដោយការស្ថាបនា និង មានតុល្យភាពអំណាចជាមួយនឹងចិន ដោយរួមទាំងវិបត្ដិ ដែលចេះតែកើនឡើង ពាក់ព័ន្ធនឹងកងទ័ពរំដោះប្រជាជនចិន (PLA) ។
សារព័ត៌មាន CNA បានបន្ដថា មន្រ្ដីការទូតចិនម្នាក់ នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ដ៏កម្រជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា កំពុងតែបង្កើត «សត្រូវស្រមោល» សម្រាប់បង្វែរចំណាប់អារម្មណ៍ អំពីបញ្ហាផ្សេងៗ ក្នុងតំបន់ និងស្វែងរកឱកាសមក សង្កត់លើចិន។
លោក Austin បានបន្ថែមថា បណ្ដាប្រទេសមហាអំណាចធំៗ ចាំបាច់ត្រូវតែធ្វើជាគំរូ តាមតម្លាភាព និងទំនាក់ទំនងគ្នា។ លោករដ្ឋមន្រ្ដី ថ្លែងបែបនេះ មុនពេលទៅបំពេញទស្សនកិច្ច នៅវៀតណាម និងហ្វីលីពីន នាចុងសប្ដាហ៍នេះ។ លោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ អំពីសារសំខាន់ នៃសម្ពន្ធមិត្ត ខណៈបណ្ដាប្រទេសនានា នៅក្នុងតំបន់ កំពុងតែតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ជុំវិញការព្រួយបារម្ភ អំពីឥរិយាបថដែលកំពុងតែកើនឡើងរបស់ទីក្រុងប៉េកាំង ខណៈប្រទេសក្នុងតំបន់ ត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារដ៏ធំរបស់ចិន។
លោកមន្រ្ដីការពារជាតិអាមេរិក បានបញ្ជាក់បន្ថែមថា «យើងនឹងមិនសួរដល់បណ្ដាប្រទេសទាំអស់ នៅក្នុងតំបន់ ត្រូវជ្រើសរើស រវាងអាមេរិក និងចិន នោះទេ។ ប៉ុន្ដែជាការពិត មិត្តរបស់យើងជាច្រើន នៅក្នុងតំបន់ មានទំនាក់ទំនងជាមួយអាមេរិកយូរជាចិន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានបង្កើនការដាក់ទណ្ឌកម្មទៅលើចិន បន្ថែមទៀត ក្រោមការចោទប្រកាន់ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស នៅក្នុងខេត្តស៊ីជាង ( Xinjiang ) និងហុងកុង។ ទណ្ឌកម្មរបស់ប្រធានាធិបតីអាមេរិកនេះ បានផ្ដោតគោលដៅទៅលើមន្រ្ដីចិនជាច្រើននាក់។
ក្រុមអ្នកវិភាគ បានលើកឡើងថា ដំណើរមកកាន់តំបន់អាស៊ានរបស់ប្រមុខក្រសួងការពារជាតិ សហរដ្ឋអាមេរិករូបនេះ ជាសញ្ញាបង្ហាញថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឲ្យចិន ពង្រីក ឥទ្ធិពលគ្របដណ្ដប់ ទាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ាននោះឡើយ។ ចិនតែងតែអះអាងថា ភាគច្រើន នៃដែនសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរទៅដោយជីវចម្រុះ ឧស្ម័ន និងរ៉ែជាច្រើនប្រភេទនោះ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។ ដោយសារតែការអះអាងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទើបបង្កឲ្យមានជម្លោះជាមួយនឹងវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប៊្រុយណេ។
ស្របគ្នានេះដែរ សហរដ្ឋអាមេរិក តែងតែបញ្ជូនកងនាវាចម្បាំង និងនាវាផ្ទុកយន្ដហោះ ឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ក្រោមរូបភាពថា នេះជាសេរីភាព នៃការធ្វើនាវាចរណ៍ ស្របតាមច្បាប់អន្ដរជាតិ។ ទន្ទឹមគ្នានេះ អង់គ្លេស ជប៉ុន អូស្រ្ដាលី បារាំង ក៏បានបញ្ជូននាវាចម្បាំងមកកាន់តំបន់នេះ ទើបធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិន។
បើតាមការប៉ាន់ប្រមាណ ពាណិជ្ជកម្មឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ទៅកាន់ទីផ្សារពិភ
ពលោក មានទំហំទឹកប្រាក់ប្រហែល ៣លានលានដុល្លារ ឬ($3Tillion = 3 000 000 000 000) ៕ រក្សាសិទ្ធិដោយ៖សារាយSN







