Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនយក្សល្បីល្បាញ៣ នៅលើពិភពលោក ចំណេញប្រាក់ជាង៥០ពាន់លានដុល្លារ

រដ្ឋធានីវ៉ាស៊ីនតោន ៖ សារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២១ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់សហរដ្ឋអាមេរិក ចំនួន៣ រួមមាន Apple, Microsoft និង ក្រុមហ៊ុន Google ម្ចាស់ Alphabet ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនទាំង៣នេះរកបានប្រាក់ចំណេញរួមគ្នា ប្រមាណជាង ៥០ ពាន់លានដុល្លារអាមេរិក នៅក្នុង១ត្រីមាស ចាប់ពីខែមេសា-មិថុនា។ របាយការណ៍របស់ក្រុមហ៊ុនទាំងនោះ ចង់បង្ហាញពីឥទ្ធិពល និងជោគជ័យ ដែលមិនមិនមានក្រុមហ៊ុនណាប្រៀបផ្ទឹមបាន។

ប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានហូរចូលក្រុមហ៊ុននីមួយៗ តាមវិធីសាស្រ្ដរកប្រាក់ចំណូលផ្សេងៗគ្នា ដែលក្រុមហ៊ុន បានបូកបញ្ចូលតម្លៃទីផ្សារ រហូតដល់ ៦,៤ ពាន់ពាន់លានដុល្លារអាមេរិក (US$6.4 trillion) ដែលកើនឡើងជាងទ្វេដង នៃតម្លៃរួម ខណៈមានការរាតត្បាត ពីជំងឺកូវីដ-១៩ ចាប់ផ្តើមផ្ទុះឡើង អស់រយៈពេលជា១៦ខែកន្លងមកនេះ។

ទោះជាយ៉ាងណា រហូតមកដល់បច្ចុប្បន្ន ទូរស័ព្ទម៉ូដែល iPhone ដំបូងរបស់ Apple ក៏មានសមត្ថភាព តភ្ជាប់បណ្ដាញ 5G ផងដែរ។ iPhone ស៊េរីថ្មីនេះ បន្ដផ្ដល់ប្រាក់ចំណូល និងប្រាក់ចំណេញ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញមួយនេះ កាន់តែកើនឡើងបន្ថែមទៀត។

តាមរយៈការលក់ iPhone ដែលប្រកាស ពីកំណើនទ្វេដង ធៀបនឹងឆ្នាំមុន សម្រាប់ត្រីមាសទី ៣ ប្រាក់ចំណេញ និងប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple សម្រាប់ខែមេសា- មិថុនា គេអាចប៉ាន់ស្មានបានយ៉ាងងាយស្រួលជាងអ្នកវិភាគទៅទៀត។ ក្រុមហ៊ុន Cupertino នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រកចំណូលបាន២១,៧ ពាន់លានដុល្លារ ឬ១,៣០ដុល្លារអាមេរិក ក្នុងហ៊ុន ដែលស្ទើរតែទទួលបានប្រាក់ចំណេញទ្វេដង ក្នុងរយៈពេលដូចគ្នា បើធៀប កាលពីឆ្នាំមុន។ ប្រាក់ចំណូលនេះ បានកើនឡើង ៣៦ភាគរយ ដែលមានទឹកប្រាក់៨១,៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ថ្លៃងនៅក្នុងសន្និសីទសន្និសីទ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ជាមួយអ្នកវិភាគនោះ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានលើកឡើងថា បច្ចុប្បន្ន ការរីករាលដាលយ៉ាងឆាប់រហ័ស ពីជំងឺកូវីដ-១៩ Delta (Delta Variant) កំពុងតែបង្កើតជាចម្ងល់ ពីការបន្សល់ទុកពីឆ្នាំ។ រីឯផ្លូវវិលទៅរកភាពល្អប្រសើរឡើងវិញ ហាក់នៅមានភាពមិនប្រាកដប្រជានេះ។ ដោយសារតែបញ្ហានេះ ទើបក្រុមហ៊ុន Apple ពន្យារពេល ក្នុងការវិលត្រឡប់ ចូលមកកាន់ការិយាល័យរបស់បុគ្គលិក ចាប់ពីខែកញ្ញាដល់ខែតុលា ថ្វីត្បិតតែហាង ភាគច្រើនរបស់ក្រុមហ៊ុន Appple បានបើកដំណើរហើយក្ដី។

ទូរស័ព្ទម៉ូដែល iPhone 12 ដែលត្រូវបានបញ្ចេញលក់ កាលពីពេលថ្មីៗនេះ កំពុងតែទទួលការនិយមបំផុត ក្នុងចំណោមទូរស័ព្ទ របស់ក្រុមហ៊ុន Apple ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នេះជាទូរស័ព្ទដំបូង ដែលដំណើរការលើប្រព័ន្ធ 5G ដែលត្រូវបានបង្កើតឡើង នៅជុំវិញពិភពលោក។ ដោយឡែក ការលក់ iPhone របស់ក្រុមហ៊ុន Apple មានចំនួនសរុប ជិត ៤០ ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយ ពោលគឺកើនឡើង៥០ភាគរយ បើធៀបនឹងឆ្នាំមុន។

ស្របគ្នានេះដែរ បើក្រឡេកមើលទៅលើក្រុមហ៊ុន Google វិញ ក៏កំពុងកាក់កបយ៉ាងខ្លាំង ដោយរកបានចំណូលគួរឲ្យកត់សម្គាល់បំផុត នៅក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ខណៈការរាតត្បាត ពីជំងឺកូវីដ-១៩ ទើបធ្វើឲ្យអតិថិជន និងដៃគូផ្សាយពាណិជ្ជកម្ម ត្បិតត្បៀត លើការចំណាយ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក៏មានវ៉ាក់សាំងហើយដែរ ដែលបានជួយពលរដ្ឋ ទប់ទល់ប្រឆាំងនឹងជំងឺរាតត្បាត និងការរីករាលដាលជាថ្មី។ ចំណែកតម្រូវការដ៏ចាំបាច់ ក៏កំពុងតែជំរុញឱ្យអ្នកផ្សាយពាណិជ្ជកម្ម ហ៊ានចំណាយកាន់តែច្រើន ដោយមានដំណាក់កាលធំៗ ចូលមកកាន់ក្រុមហ៊ុន Google និង បិតារបស់ក្រុមហ៊ុនសាជីវកម្ម Alphabet។

ក្រោយភាពល្បីល្បាញរបស់ក្រុមហ៊ុនGoogle បានជួយឲ្យ Alphabet រកប្រាក់ចំណូលបាន១៨,៥៣ពាន់លានដុល្លារ ឬស្មើនឹង ២៧,២៦ ក្នុងមួយហ៊ុន នៅក្នុង១ត្រីមាស ដែលកើនឡើង ជិតបីដង ពីប្រាក់ចំណូល កាលពីឆ្នាំមុន ដែលមានត្រឹមតែ៦,៩៦ពាន់លានដុល្លារអាមេរិក ឬ ១០,១៣ ដុល្លារអាមេរិក ក្នុងមួយហ៊ុន។

លោក Sundar Pichai នាយកប្រតិបត្ដិ Google បានបញ្ជាក់ថា ប្រាក់ចំណួល ពីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google កើនឡើង៦៩ភាគរយ គិតជាទឹកប្រាក់ ៥០,៤៤ពាន់លានដុល្លារ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Microsoft ត្រូវបានរាយការណ៍ ពីប្រាក់ចំណូលឆ្នាំសារពើពន្ធ ត្រីមាសទី៤ ចំនួន១៦,៥ពាន់លានដុល្លារ គឺកើនឡើង៤៧ភាគ បើធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ បណ្ដាញប្រាក់ចំណូលសុទ្ធ គឺ២,១៧ដុល្លារ ក្នុងមួយហ៊ុន កើនលើសពីការរំពឹងទុករបស់ Wall Street ។ ក្រុមហ៊ុនផលិត Software មួយនេះ ត្រូវបានគេព្យាករ ពីប្រាក់ចំណូល កើនដល់៤៦,២ពាន់លានដុល្លារ នៅក្នុងត្រីមាននេះ ដែលបញ្ចប់ត្រឹម ថ្ងៃទី៣០ ខែកក្កដា គឺកើនឡើង២១ភាគរយ បើធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។

ក្រុមអ្នកវិភាគ បានព្យាករថា ក្រុមហ៊ុន Microsoft នឹងរកប្រាក់ចំណូលបាន១,៩១ដុល្លារ ក្នុង១ហ៊ុន សម្រាប់ខែមេសា-មិថុនា ដែលមានប្រាក់ចំណូលកើនដល់ ៤៤,១ពាន់លានដុល្លារដោយសារតម្រូវការ Software ពីក្រុមហ៊ុន៕ រក្សាសិទ្ធិដោយ៖ សារ៉ាយ SN

×