Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ នៅលើពិភពលោក មានអ្នកបាត់បង់ជីវិតដោយកូវីដ ជាង៩ពាន់នាក់ ក្នុងនោះឥណ្ឌូនេស៊ី ស្លាប់ជាង២ ០០០នាក់

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានអ្នកបាត់បង់ជីវិត ដោយជំងឺកូវីដ-១៩ ចំនួន ៩ ២៤១នាក់ ហើយក្នុងនោះឥណ្ឌូនេស៊ី មានករណីស្លាប់ថ្មី ចំនួន ២ ០៦៩នាក់។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ថា នៅលើពិភពលោក មានករណីឆ្លងកូវីដ-១៩ថ្មី ៥៥៩ ៩០១នាក់ និងករណីស្លាប់ថ្មី ៩ ២៤១នាក់។ គិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ១៩៥ ៩១៧ ៧៥៩នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ១៩២ ១៥៦នាក់ និងមានអ្នកជាសះស្បើយ ១៧៧ ៦២៣ ៦៩២នាក់។

សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះ ដោយជំងឺដ៏កាចសាហាវនេះខ្លាំងជាងគេ នៅលើពិភពលោក។ ប៉ុន្ដែរហូតមកដល់ពេលនេះ ឥណ្ឌូនេស៊ី កំពុងប្រឈមមុខនឹងវិបត្ដិសុខភាពនេះកាន់តែខ្លាំងឡើង ដោយមានករណីបាត់បង់ជីវិតថ្មី បង្កឡើង ដោយកូវីដ ជាង២ ០០០នាក់ ។ នេះជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយជំងឺកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។

ឥណ្ឌូនេស៊ី មានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ ចំនួន ២ ០៦៩នាក់ និងមានករណីឆ្លងថ្មី ៤៥ ២០៣នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣,២លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៨៦ ៨៣៥នាក់ និងមានអ្នកជាសះស្បើយ ជិត២,៦លាននាក់ ហើយអ្នកជំងឺជាង៥,៥សែននាក់ កំពុងសម្រាកព្យាបាល។

គិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាលើកដំបូង នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ មានប្រទេស និងដែនដី ចំនួន២២២ កំពុងតែរងគ្រោះពីវិបត្ដិសុខភាពជាសកលនេះ។

ដោយឡែក ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្បាញ អ៊ីតាលី….ជាដើម៕រក្សាសិទ្ធិដោយ៖សារាយSN

×