Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីការពារជាតិអាមេរិក មកកាន់សិង្ហបុរី បង្កើនទំនាក់ទំនងយោធា យូរអង្វែង

សិង្ហបុរី ៖ ប្រមុខក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៧ ខែកក្កដា) បានអញ្ជើញមកដល់ប្រទេសសិង្ហបុរី ហើយវត្ដមានរបស់មន្រ្ដីជាន់ខ្ពស់យោធារបស់មហាអំណាចលោកខាងលិច នាពេលនេះ ក៏ជាការបង្ហាញនូវសន្ដិភាព ភាពរុងរឿង និងស្ថិរភាព និងជាសញ្ញាមួយបង្ហាញថា សហរដ្ឋអាមេរិក មិនចង់ឲ្យចិនយកឥទ្ធិពលរបស់ខ្លួន គ្របដណ្ដប់មកលើតំបន់អាស៊ាន និងអាស៊ី-ប៉ាស៊ីហ្វិកនោះឡើយ។

សារព័ត៌មាន CNA បានផ្សាយ ថា លោក Lloyd J Austin III រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កំពុងតែបំពេញទស្សនកិច្ច នៅក្នុងប្រទេសសិង្ហបុរី ហើយលោកជាសមាជិកគណៈរដ្ឋមន្រ្ដីដំបូងរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក Austin នឹងស្នាក់នៅ ប្រទេសសិង្ហបុរី ចន្លោះពីថ្ងៃចន្ទ-ពុធ មុនពេលបន្ដដំណើរ ទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសវៀតណាម និងហ្វីលីពីន។

នៅក្នុងដំណើរទស្សនកិច្ច កាលពីព្រឹក ថ្ងៃអង្គារ (ទី២៧ ខែកក្កដា ឆ្នាំ២០២១) នោះ លោក Austin បានជួបពិភាក្សាជាមួយនឹងលោក Ng Eng Hen រដ្ឋមន្រ្ដីក្រសួងការពារជាតិសិង្ហបុរី ហើយជួបដាច់ដោយឡែកជាមួយនឹងលោក លី សៀនឡុង ( Lee Hsien Loong) នាយករដ្ឋមន្រ្ដីសិង្ហបុរី។

ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បានបញ្ជាក់ថា រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក និងសិង្ហបុរី បានឯកភាពគ្នា លើទំនាក់ទំនងដ៏អស្ចារ្យ និងយូរអង្វែង រវាងប្រទេសទាំង២។ ជាមួយគ្នា ភាគីទាំង២ បានសម្ដែងនូវការពេញចិត្ដ ចំពោះកិច្ចសហប្រតិបត្ដិការ កាន់តែរឹងមាំ ថ្វីបើមានការរីករាលដាល់ ពីជំងឺកូវីដ-១៩ក៏ដោយ។ រដ្ឋមន្រ្ដីក្រសួងការពារជាតិទាំង២ ក៏បានផ្លាស់ប្ដូរទស្សនៈ ជុំវិញការវិវឌ្ឍន៍នូវភូមិសាស្រ្ដនយោបាយ និងបញ្ហាសន្ដិសុខ ក្នុងតំបន់ផងដែរ។ ភាគីទាំង បានឯកភាពគ្នា លើចំណុចសំខាន់ៗ នៃនិរន្ដរភាពទំនាក់ទំនងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។

ក្រសួងការពារជាតិសិង្ហបុរី បានបន្ដថា ការគាំទ្រនេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើជំនឿរួមគ្នាថា វត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ មានសារៈសំខាន់ សម្រាប់សន្តិភាព ភាពរុងរឿង និងស្ថិរភាព។ អ្វីជាការកត់សម្គាល់នោះ កងទ័ពសិង្ហបុរី និងសហរដ្ឋអាមេរិក ត្រូវហ្វឹកហ្វឺនរួមគ្នា នៅក្នុងសមយុទ្ធយោធាទ្វេភាគី និងពហុភាគី ដូចជា សមយុទ្ធលើកទី៣ Pacific Griffin ជាដើម។

ជាមួយនឹងការចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ក្នុងការបង្កើតកងទ័ពអាកាសរបស់សាធារណរដ្ឋសិង្ហបុរី ដែលហ្វឹកហ្វឺន នៅកោះហ្គាមរបស់សហរដ្ឋអាមេរិកនោះ ភាគីទាំង២បានគូសបញ្ជាក់ អំពីចំណងមិត្តភាពការពារជាតិ ដែលមានជាយូរមកហើយ និងមានគោលដៅជាច្រើនបន្ដទៀត។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី អូស្ទីន ក៏បានថ្លែងអំណរគុណ ដល់សិង្ហបុរី ចំពោះការគាំទ្រភស្ដុភារ ដែលអនុញ្ញាត់ដល់យន្ដហោះ និងកងនាវា ក៏ដូចជា ការពង្រាយនាវាពិឃាដ US Littoral Combat និងយន្ដហោះ P-8 Poseidon ជាដើម។

លោករដ្ឋមន្រ្ដី Austin ក៏បានសង្កត់ធ្ងន់ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យតម្លៃដល់វត្ដមានហ្វឹកហ្វឺ របស់កងទ័ពរបស់សិង្ហបុរី នៅលើទឹកដីអាមេរិក។ ប្រមុខក្រសួងការពារជាតិទាំង២ បាននិយាយថា ពួកគេទន្ទឹងរង់ចាំ «ឱកាសបណ្តុះបណ្តាលទ្វេភាគីកម្រិតខ្ពស់ថ្មី រួមទាំងកិច្ចសហប្រតិបត្តិការ នាពេលអនាគត ខណៈសហរដ្ឋអាមេរិក ទទួលការហ្វឹកហ្វឺនដល់យន្តហោះចម្បាំង F-35B របស់សិង្ហបុរី នាពេលអនាគត»៕ រក្សាសិទ្ធិដោយ៖សំណាងSN

×