រដ្ឋធានីសេអ៊ូល ៖ ក្រោយពេលទំនាក់ទំនងទ្វេភាគី ត្រូវបរាជ័យ នៅក្នុងជំនួបកំពូល រវាងមេដឹកនាំកូរ៉េខាងជើង និងខាងត្បូង នោះមក លោក គីម ជុងអ៊ុន បានសម្រេចចិត្តយ៉ាងតក់ក្រហល់ បញ្ជាឲ្យគេកម្ទេចអគារការិយាល័យទំនាក់ទំនងអន្ដរកូរ៉េ កាលពីខែមិថុនា ឆ្នាំ២០២០ ប៉ុន្ដែមកដល់ថ្ងៃទី២៧ ខែកក្កដា ប្រទេសទាំងពីរ បានព្រមព្រៀង តភ្ជាប់នូវទំនាក់ទំនងគ្នាឡើងវិញហើយ។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា ថា កូរ៉េខាងជើង បានកាត់ផ្ដាច់ខ្សែទូរស័ព្ទ hotline នៅក្នុងខែមិថុនា ឆ្នាំ២០២១ ក្រោយបរាជ័យ នៅក្នុងជំនួបកំពូល រវាងមេដឹកនាំប្រទេសទាំង២។ ប៉ុន្ដែភ្លាមៗនោះ កូរ៉េខាងជើង បានបំផ្ទុះកម្ទេចការិយាល័យអន្ដរកូរ៉េ នៅតាមព្រំដែន ដែលត្រូវបានកសាងឡើង សម្រាប់ធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង។
បើតាមការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា មេដឹកនាំ នៃប្រទេសទាំង២ បានព្រមព្រៀងគ្នា កសាងនូវទុកចិត្ដ និងធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើងវិញ ក្រោយពេលមេដឹកនាំទាំង២ បានផ្ញើលិខិតផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមក ចាប់តាំងពីខែមេសា មក។

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានឲ្យដឹងថា «បើតាមកិច្ចព្រមព្រៀង ដែលធ្វើឡើង រវាងមេដឹកនាំទាំង២ គឺកូរ៉េខាងត្បូង និងខាងជើង បានដាក់ចេញនូវវិធានការ បើកឲ្យប្រតិបត្ដិការខ្សែទំនាក់ទំនងឡើងវិញនូវអន្ដរកូរ៉េ ចាប់ពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ មេដឹកនាំកំពូលបានឯកភាពគ្នា ធ្វើឱ្យមានការបោះជំហាន ក្នុងការស្វែងរកនូវទំនុកចិត្តគ្នាទៅវិញទៅមក និងជួយជំរុញឲ្យមានការផ្សះផ្សាគ្នា» ៕រក្សាសិទ្ធិដោយ៖ សារាយSN










