Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមយោធាមីយ៉ាន់ម៉ា ចាប់ម្ចាស់ពានរង្វាន់ណូប៊ែលឃុំ និងចោទការបោះឆ្នោតមិនយុត្ដិធម៌

រដ្ឋធានីណៃពិដោរ ៖ រហូតមកដល់ពេលនេះ ពួកមេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា (ភូមា) ក្រោយចាប់ខ្លួនលោកស្រី អ៊ុង សាន់ស៊ូជី ឃុំឃាំងរួចមក ពួកគេបានប្រឌិតរឿងព្រហ្មទណ្ឌជាច្រើនករណី និងច្រានចោលលទ្ធផលបោះឆ្នោត ឆ្នាំ២០២០ ក្រោមលេសថា ការបោះឆ្នោតនោះ មិនត្រឹមត្រូវ និងយុត្ដិធម៌ ទើបជួយឲ្យគណបក្សរបស់លោកស្រី ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។

សារព័ត៌មាន France24 បានផ្សាយថា ពួកគ្រប់គ្រងយោធាភូមា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានច្រានចោលលទ្ធផលបោះឆ្នោត ឆ្នាំ២០២០ ខណៈគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី បានឈ្នះភ្លូកទឹកភ្លូកដី។ ពួកយោធាមីយ៉ាន់ម៉ា បានចាត់ទុកការបោះឆ្នោតនោះ មិនត្រឹមត្រូវ និងយុត្ដិធម៌។

គណៈកម្មការរៀបចំការបោះឆ្នោតរបស់ពួកយោធាមីយ៉ាន់ម៉ា បានឲ្យដឹងថា បើតាមការស៊ើបអង្កេត គឺរកឃើញមានការក្លែងបន្លំសន្លឹកឆ្នោត ជាង១១លានករណី ទើបជួយឲ្យគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី ឈ្នះភ្លូកទឹកភ្លូកដី។ ពួកយោធា ធ្លាប់ប្រាប់ ក្រោយការធ្វើរដ្ឋប្រហារថា ពួកគេនឹងរៀបចំការបោះឆ្នោតជាថ្មី នៅក្នុងរយៈពេល២ឆ្នាំទៀត។ ក្រៅពីនេះ ពួកយោធានៅតែបន្ដគំរាមកំហែង រំលាយគណបក្ស NLD របស់លោកស្រី អ៊ុង សានស៊ូជី ។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលពួកយោធាធ្វើរដ្ឋប្រហារ រឹបអូសអំណាច និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានសូជី (Aung San Suu Kyi) ហើយមន្រ្ដីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមអង្គការឃ្លាំមើល នៅក្នុងស្រុក បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូល ក្នុងភាពវឹកវរ ក្រោយពេលពួកយោធា រឹបអូសអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។ អំពើរដ្ឋប្រហារយោធានោះ បានសម្លាប់មនុស្សជាង៩០០នាក់ ហើយប្រជាពលរដ្ឋជាង៥០០០នាក់ផ្សេងទៀត ត្រូវចាប់ខ្លួន។ ចំណែកពលរដ្ឋរាប់សែននាក់ផ្សេងទៀត បានរត់ភៀសខ្លួន ក្រោយមានការវាយប្រហារគ្នា រវាងកងទ័ពរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតាមបណ្ដារដ្ឋជាច្រើន រួមមាន រដ្ឋកាឈីន និងរដ្ឋការ៉ែន…ជាដើម។

ធនាគារពិភពលោក បានថ្លែង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ត្រូវគេរំពឹងថា នឹងធ្លាក់ចុះ រហូតដល់១៨ភាគរយ នៅក្នុងឆ្នាំ២០២១ ។ ការដាំក្បាលចុះបែបនេះ ក៏ដោយសារតែការកើនឡើងនូវភាពវឹកវរពាសពេញប្រទេស ក្រោយរដ្ឋប្រហារ និងរលកទី៣ នៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖សារាយSN

×