Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំងទាំងអស់ នៅលើពិភពលោក អាចការពារការឆ្លងវីរុសបម្លែងខ្លួន Delta ដែរឬទេ?

បរទេស ៖ រហូតមកដល់ពេលនេះ មនុស្សទៅទាំងពិភពលោក នៅតែកើតការងឿងឆ្ងល់ថា តើវ៉ាក់សាំងទាំងអស់ ដែលអង្គការសុខភាពពិភពលោក អនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ សម្រាប់ទប់ស្កាត់ ប្រឆាំងនឹងជំងឺកូវីដ-១៩នោះ អាចទប់ទល់នឹងវីរុសបម្លែងខ្លួនថ្មីបានដែរឬទេ?

បើតាមឃ្លីបវីដេអូទំព័របណ្ដាញសង្គមហ្វេសប៊ុក របស់អង្គការសុខភាពពិភពលោក ចេញផ្សាយ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា លោកស្រីវេជ្ជបណ្ឌិត Soumya Swaminathan ប្រធានក្រុមអ្នកវិទ្យាសាស្រ្ដរបស់អង្គការសុខភាពពិភពលោក បានពន្យល់ថា យើងនឹងនិយាយ អំពីវីរុស Delta ជាវីរុសបម្លែងខ្លួនទី៤ ដែលអង្គការ WHO កំពុងតែព្រួយបារម្ភ ដោយសារវាឆ្លងល្បឿន ជាងវីរុសបម្លែងខ្លួនណាៗទាំងអស់។ វីរុស Delta អាចទប់ទល់នឹងអង់ទីគ័រ ដែលមាននៅក្នុងឈាមរបស់យើង។ នេះមានន័យថា យើងត្រូវការកម្រិតអង់ទីគ័រខ្ពស់បំផុត ដើម្បីទប់ទល់នឹងវីរុសបម្លែងខ្លួនប្រភេទនេះ បើប្រៀបទៅនឹងវីរុសបម្លែងខ្លួន Alpha ។

លោកស្រីប្រធានក្រុមអ្នកវិទ្យាសាស្រ្ដរបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា យើងមានព័ត៌មានល្អ គឺថាគ្រប់វ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោក ហៅកាត់ WHO អនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នេះ អាចការពារទប់ទល់នឹងការវិវឌ្ឍ ទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរ ការបញ្ជូនទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យ និងការស្លាប់ ក្នុងពេលឆ្លងវីរុស Delta នេះ។ បើតាមមាការសិក្សាទៅ លើប្រទេសជាច្រើន ជាកន្លែង ដែលលេចឡើងនូវវីរុស Delta បង្ហាញថា អ្នកដែលទទួលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហាក់ដូចជា មិនសូវឈឺធ្ងន់ រហូតដល់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនោះឡើយ។

លោកស្រីប្រធានក្រុមអ្នកវិទ្យាសាស្រ្ដរបស់អង្គការសុខភាពពិភព បានបន្ដថា បើដូច្នេះ អ្នកចាំបាច់ត្រូវតែចាក់វ៉ាក់សាំង ឲ្យបានពេញលេញ ដើម្បីជួយបង្កើនភាពស៊ាំពេញលេញដល់អ្នក ហើយវាអាចការពារអ្នក ប្រឆាំងនឹងវីរុស Delta។ អ្វីដែលសំខាន់ខ្លាំងនោះ គឺអ្នកត្រូវតែចាក់វ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោក បានអនុញ្ញាតឲ្យប្រើប្រាស់ ព្រោះវានឹងជួយការពារអ្នក ប្រឆាំងនឹងវីរុស Delta ហើយវីរុសបម្លែងខ្លួនដទៃទៀត។

លោកស្រីវេជ្ជបណ្ឌិត បានបន្ដថា ចំណុចសំខាន់ សម្រាប់ការចាក់វ៉ាក់សាំង គឺពិតជាជួយការពារអ្នក មិនឲ្យឈឺធ្ងន់ធ្ងរ ព្រោះអ្វីដែលយើងចង់បានសម្រាប់មនុស្ស ប្រសិនបើពួកគាត់ឆ្លងវីរុស គឺពួកគាត់នឹងជាសះស្បើយពីជំងឺនេះ ហើយក៏មិនធ្លាក់ខ្លួនឈឺធ្ងន់ផងដែរ។ ដូច្នេះការចាក់វ៉ាក់សាំងទាំងអស់ ពិតជាល្អប្រសើរខ្លាំងណាស់។ ថ្វីបើវ៉ាក់សាំងទាំងអស់ នឹងមានកម្រិតបង្កើតអង់ទីគ័រផ្សេងៗគ្នា ក៏ដោយ។ រីឯវ៉ាក់សាំងទាំងអស់ អាចមានប្រសិទ្ធភាព ចន្លោះពី៧០ភាគរយទៅ៩០ភាគរយ។ ប៉ុន្ដែទោះជាយ៉ាងណា វានឹងអាចការពារអ្នក មិនឲ្យឈឺធ្ងន់។

លោកស្រីប្រធានក្រុមអ្នកវិទ្យាសាស្រ្ដរបស់អង្គការសុខភាពពិភព បានបន្ថែមទៀតថា គ្រប់វ៉ាក់សាំងទាំងអស់ គឺល្អប្រសើរខ្លាំងណាស់ ហើយវាមានប្រសិទ្ធភាព រហូតដល់៩០ភាគរយ បើទោះជាវ៉ាក់សាំងទាំងអស់ មានការការពារផ្សេងៗគ្នា ទប់ទល់នឹងការឆ្លងវីរុស យ៉ាងណាក៏ដោយ។ បើតាមការគិត អ្នកត្រូវតែចាក់វ៉ាក់សាំង ព្រោះវាអាចការពារអ្នក ពីការឆ្លងមេរោគ ហើយអ្នកមិនអាចធ្លាក់ខ្លួនឈឺធ្ងន់បានទេ។ ប៉ុន្ដែបច្ចុប្បន្ននេះ នៅមិនទាន់មានវ៉ាក់សាំងណា ដែលយើងចាក់ហើយ អាចការពារបាន១០០ភាគរយនោះដែរ៕ រក្សាសិទ្ធិដោយ៖សារ៉ាយ SN

×