រដ្ឋធានីប៊ែរឡាំង៖ ស្របពេលមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី២១ ខែកក្កដា ឆ្នាំ២០២១) នោះ តំណាងរាស្រ្ដអាល្លឹម៉ង់ មកពីបក្សសង្គមប្រជាធិបតេយ្យ ចង់ឲ្យការស្ថាបនាបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី សាងសង់រួចរាល់ កាន់តែឆាប់រហ័ស និងដាក់ឲ្យដំណើរ ក្នុងពេលខាងមុខ តាមតែអាចធ្វើទៅបាន។

បើតាមទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋរុស្ស៊ី បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា លោក Rolf Mutzenich មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SPD) បានប្រាប់ដល់សមាគមបណ្ដាញផ្សព្វផ្សាយ Redaktionsnetzwerk Deutschland របស់អាល្លឺម៉ង់ថា ការសាងសង់ប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 2 នឹងត្រូវសាងសង់រួចរាល់ ហើយដាក់ឲ្យវាដំណើរការ ក្នុងពេលដ៏ខ្លីខាងមុនេះ។
លោក Rolf Mutzenich បានបន្ដថា «នេះជាការត្រឹមត្រូវ សម្រាប់ការបញ្ចប់នូវសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 និងដាក់ឲ្យដំណើរការ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ យើងមានតម្រូវការចាំបាច់នូវឧស្ម័ន តាមបច្ចេកវិទ្យាអន្ដរកាល ព្រោះអាល្លឺម៉ង់ ចង់ផ្លាស់ប្ដូរនូវប្រភពថាមពលឲ្យកាន់លឿន ស្របពេលអាល្លឺម៉ង់ចង់បោះបង់ចោលការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងធ្យូងថ្ម។ ជាមួយគ្នានេះដែរ លោកសូមស្វាគមន៍ដល់កិច្ចព្រមព្រៀង រវាង សហព័ន្ធន៍អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ជុំវិញប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 2 ។
តំណាងរាស្រ្ដអាល្លឺម៉ង់ បានបន្ថែមថា មេដឹកនាំ SPD បានធានាថា អាល្លឺម៉ង នឹងនៅតែគាំទ្រដល់អ៊ុយក្រែន។ យើងនឹងមិនទុកឲ្យអ៊ុយក្រែន ត្រូវប្រឈមមុខនឹងបញ្ហានោះដែរ។ លើសពីនេះទៅទៀត យើងថែមទាំងចង់ពិភាក្សា ជាមួយនឹងអ៊ុយក្រែន ជុំវិញកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យផលិតអ៊ីដ្រូសែនផងដែរ»។

ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា កាលពីថ្ងៃពុធ (ទី២១ ខែកក្កដា ឆ្នាំ២០២១) មុននេះ អាមេរិក និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នា ជុំវិញគម្រោងប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 2 ។ ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់ថា ការដាក់ទណ្ឌកម្មរបស់ខ្លួន នឹងមិនអាចបញ្ឈប់ការអនុវត្ដការស្ថាបនាប្រព័ន្ធបង្ហូរឧស្ម័នរបស់រុស្ស៊ីបានឡើយ។
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 2 ត្រូវបានសាងសង់រួចរាល់ ប្រហែល៩៩% ហើយ។ ប៉ុន្ដែអាមេរិកមិនអាចបញ្ឈប់ការសាងសង់គម្រោងរបស់រុស្ស៊ីនេះបានទេ។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក នៅតែរក្សាសិទ្ធិ ក្នុងការឆ្លើយតបទៅនឹងការប្រើប្រាស់ថាមពលរបស់រុស្ស៊ី ដែល«ជាអាវុធភូមិសាស្ត្រនយោបាយ» នៅក្នុងតំបន់អឺរ៉ុប និង «ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន»។

ដោយឡែក លោក Dmitry Peskov អ្នកនាំពាក្យ វិមានក្រឹមឡាំង បានថ្លែងថា រុស្ស៊ីបានបញ្ជាក់ម្ដងហើយម្ដងទៀតថា ប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 2 ជាគម្រោងពាណិជ្ជកម្ម ត្រូវបានអនុវត្ដរួមគ្នាជាមួយនឹងភាគីអឺរ៉ុប។ ទោះជាយ៉ាងណា លោកនៅតែងឿងឆ្ងល់ ចំពោះចេតនារបស់ប្រទេសមួយចំនួន ដែលបានកំណត់ជោគវាសនាប្រព័ន្ធបង្ហូរឧស្ម័ននេះ កំពុងស្ថិតក្រោមឥទ្ធិពលនយោបាយ។ ប៉ុន្ដែរដ្ឋាភិបាលទីក្រុងមូស្គូ សូមបញ្ជាក់សាជាថ្មីថា រុស្ស៊ី មិនដែលយកប្រភពធនធានថាមពល ជាឧបករណ៍ខាងនយោបាយ សម្រាប់ដាក់សម្ពាធទៅលើប្រទេសណាឡើយ៕ រក្សាសិទ្ធិដោយ៖សារ៉ាយ SN



















