Wednesday, September 28, 2022

ឯកឧត្តម សេង ឈួន ចុះដោះស្រាយសំណូមពរ ៣ចំណុច ដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ របស់តំណាងក្រុមយានយន្តដឹកជញ្ជូន លើបញ្ហាដឹកលើសទម្ងន់កម្រិតកំណត់ នៅផ្លូវក្រវ៉ាត់ក្រុងទី២

ភ្នំពេញ-ខេត្តកណ្តាល​ ៖ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់បានដឹកនាំគណៈប្រតិភូ និងគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ចុះដោះស្រាយ និងពិនិត្យសំណូមពរបស់តំណាងក្រុមយានយន្តដឹកជញ្ជូន លើបញ្ហាដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល។

តំណាងរបស់យានយន្តដឹកជញ្ជូនទាំង ៥រូប បានស្នើសុំដំណោះស្រាយ ៣ចំណុច ដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ រួមមាន៖
១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។
២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា
៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។

ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំ បានទទួលពិនិត្យសំណូមពរទាំង ៣ចំណុចខាងលើ និងគោរពរាយការណ៍ ជូនឯកឧត្តមទេសរដ្ឋមន្រ្តី ដើម្បីស្វែងរកដំណោះស្រាយ សមស្របណាមួយជូន និងស្នើសុំឱ្យក្រុមយានយន្តដឹកជញ្ជូនទាំងអស់ កុំប្រមូលផ្តុំ ជៀសវាងការឆ្លងនៃជម្ងឺកូវីដ១៩។

គួរបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានឃាត់យានយន្តដែលរក្សាទុកចំនួនមួយឆ្នាំ ១៧៣គ្រឿង ដោយអនុវត្តយ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

សូមអំពាវនាវចំពោះក្រុមហ៊ុននិងឯកជន ដែលប្រកបអាជីវកម្មផ្នែកដឹកជញ្ជូន តាមរថយន្តធុនធ្ងន់ទាំងអស់ ចូលរួមគោរពតាមនូវអនុសាសន៍ ដ៏មានអត្តន័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា “ការប្រកបមុខរបរទទួលទាន ក៏ដូចជា ការបំពេញការងារ តាមវិជ្ជាជីវៈ របស់បងប្អូនប្រថាពលរដ្ឋ ប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺថាការតបស្នងដ៏សំខាន់ ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចម្រើន អរគុណសន្តិភាព” និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាល ដើម្បីគោរព និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាប់គង់វង្សតាមអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ។

លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានសរសេរសារលើហ្វេសប៊ុកថា “ហួសថ្លែង ! មិនត្រឹមតែមិនគោរពច្បាប់ទេ ក្រុមរថយន្តធុនធំដឹកដីនៅផ្លូវ៦០ម៉ែត្រ ស្នើសុំដឹកលើសទម្ងន់ថែមទៀត។ មិនអាណិតផ្លូវថ្នល់ខ្លះទេអី? ពិតជាអាត្មានិយមមែន ដើម្បីតែផលប្រយោជន៍ខ្លួន ធ្វើអីក៏ហ៊ានដែរ។ នេះហើយភាពល្ងង់ខ្លៅរបស់មនុស្ស ! ក្រុមឡានធំដឹកដីនៅផ្លូវ៦០ម៉ែត្រ​ នាំគ្នាតវ៉ាស្នើសុំកិច្ចអន្តរាគមន៍ ពីឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ខ្លួនឯងមិនគោរពច្បាប់ហើយ នៅតវ៉ាសុំការយោគយល់ទៀត។ នាំគ្នាគោរពច្បាប់ទៅ គ្មានអ្នកណាគេទៅរំខានអស់លោកទេ”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ