នាយករដ្ឋមន្រ្តីអង់គ្លេសលោក ប៊ូរីសចនស៊ុន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ អំពីការដកកងទ័ពអង់គ្លេសទាំងអស់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលជាសញ្ញាបង្ហាញពីការបញ្ចប់បេសកកម្មយោធា របស់អង់គ្លេសនៅក្នុងជម្លោះដែលមានរយៈពេលពីរទសវត្ស។
លោកចនសុនបានប្រាប់វិមានសភាជាន់ទាបនៃសភាអង់គ្លេសថា៖ «កងទ័ពអង់គ្លេសទាំងអស់ដែលត្រូវបានចាត់ ឲ្យទៅបំពេញបេសកកម្មរបស់ណាតូ នៅអាហ្វហ្គានីស្ថានឥឡូវនេះកំពុងវិលត្រឡប់មកផ្ទះវិញហើយ»។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តីនឹងមិនបង្ហាញពីពេលវេលា ជាក់លាក់នៃការចាកចេញដោយហេតុផលសន្តិសុខនោះទេ ប៉ុន្តែលោកបានបន្ថែមថា ភាគច្រើននៃកងទ័ពអង់គ្លេសដែលនៅសេសសល់ ៧៥០ នាក់បានចាកចេញរួចហើយ។
ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះសមាជិកកងកម្លាំងប្រដាប់អាវុធអង់គ្លេសចំនួន ១៥ម៉ឺននាក់បានបំរើការ នៅប្រទេសអាហ្វហ្គានីស្ថានដែលក្នុងនោះ កងទ័ពចំនួន៤៥៧ នាក់បានស្លាប់។
ការផ្លាស់ប្តូររបស់អង់គ្លេសធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោកចូបៃ ដិន កាលពីខែមេសាថា កងទ័ពអាមេរិកទាំងអស់នឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថានមុនថ្ងៃទី ១១ ខែកញ្ញាដែលជាខួបលើកទី ២០ នៃការវាយប្រហារភេរវកម្ម ដែលធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងសង្គ្រាមយូរបំផុតរបស់ខ្លួន។
ចនសុនបាននិយាយថា ចក្រភពអង់គ្លេសនឹងប្រើគ្រប់មធ្យោបាយការទូត និងមនុស្សធម៌ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងស្ថិរភាពរបស់អាហ្វហ្គានីស្ថានក្នុងនោះ រួមមានជំនួយអភិវឌ្ឍន៍ជាង ១០០ លានផោន រឺប្រហែល ១៣៨ លានដុល្លារ នៅឆ្នាំនេះនិង ៥៨ លានផោនសម្រាប់កងសន្តិសុខនិងការពារជាតិអាហ្វហ្គានីស្ថាន៕
ប្រភព៖ News18.
រក្សាសិទ្ធិដោយ៖CEN

