យោងតាមការសិក្សាថ្មីមួយដោយប្រើប្រាស់រូបភាពផ្កាយរណប បានបង្ហាញថា ទំហំដ៏ធំនៃដីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ គឺស្ថិតនៅជិតនឹងកម្រិតទឹកសមុទ្រ។ ហើយអ្វីដែលគេបានដឹងមុន គឺបានបង្ហាញពីគ្រោះថ្នាក់ទឹកជំនន់ និងបង្កផលប្រឈមដល់មនុស្សរាប់លាននាក់។
នៅតាមបណ្តាប្រទេសដែលមានស្ថានភាពដីទាបនឹងងាយរងគ្រោះ ដោយការកើនឡើងនៃកម្ពស់ទឹកសមុទ្រ និងងាយជន់លិចដោយសារសំពាធទឹកកើនឡើង ដូចជាប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសវៀតណាម និងហ្វីលីពីន។ ហើយប្រទេសទាំងអស់នេះ នឹងធ្វើអោយប្រជាជនកាន់តែច្រើននិងត្រូវប្រឈមមុខ នឹងព្រឹត្តិការណ៍កម្រិតទឹកសមុទ្រឡើងខ្ពស់ ប្រចាំឆ្នាំដែលកាន់តែអាក្រក់ទៅ ៗ ដោយសារតែ បម្រែ បម្រួល អាកាសធាតុ។ ការវាយតម្លៃនិងការប៉ាន់ស្មានហានិភ័យទឹកជំនន់ នៅតាមឆ្នេរសមុទ្រកន្លងមកត្រូវបានកាត់បន្ថយដោយកង្វះភាពត្រឹមត្រូវ នៅក្នុងទិន្នន័យដែលផ្តល់ដោយរាដាផ្កាយរណបដែលវាស់កម្រិតកម្ពស់ដី។
ការសិក្សាបានប៉ាន់ប្រមាណថាប្រជាជនចំនួន ១៥៧ លាននាក់នៅអាស៊ីត្រូពិកបច្ចុប្បន្ន រស់នៅក្នុងតំបន់ដែលស្ថិតក្រោមនីវ៉ូទឹកសមុទ្រ២ម៉ែត្រ ដែលនេះជាផលប៉ះពាល់មួយ ត្រូវបានគេព្យាករណ៍ថាធ្ងន់ធ្ងរ។ ហើយចំនួននេះនឹងកើនឡើងគួរឲ្យកត់សម្គាល់ ប្រសិនបើកម្ពស់ទឹកសមុទ្រនៅតែកើនឡើងក្នុងប៉ុន្មានទសវត្សរ៍ ខាងមុខនេះដូចដែលពួកគេបានព្យាករណ៍។
ក្រុមអន្តររដ្ឋាភិបាលសម្រាប់ការផ្លាស់ប្តូរអាកាសធាតុរំពឹងថា កម្ពស់ទឹកសមុទ្រនឹងកើនឡើងដល់ ០,៨ ម៉ែត្រ អាចនឹងកើតឡើងនៅឆ្នាំ ២១០០ និងព្រឹត្តិការណ៍ទឹកជំនន់ខ្លាំង ដែលធ្លាប់កើតឡើងម្តងក្នុងរយៈពេល ១០០ ឆ្នាំនឹងអាចកើតឡើងជារៀងរាល់ឆ្នាំនៅចុងសតវត្សរ៍នេះ។
ការព្យាករណ៍បានបង្ហាញថា ប្រសិនបើកម្ពស់ទឹកសមុទ្រឡើងដល់ ១ ម៉ែត្រនោះតំបន់ដែលមានប្រជាជនយ៉ាងច្រើន សន្ធឹកសន្ធាប់នៅតាមដងទន្លេធំ ៗ នឹងស្ថិតនៅក្រោមនីរ៉ូទឹកសមុទ្រ ប្រជាជនប្រមាណ ១២៩ លាននាក់នៅទូទាំងពិភពលោកនឹងរស់នៅ ក្នុងហានិភ័យខ្ពស់នៃការជន់លិចដោយទឹកសមុទ្រជារៀងរហូត។
នៅក្រោមសេណារីយ៉ូនៃការកើនឡើងកំពស់ទឹកសមុទ្រ ១ ម៉ែត្រ ការព្យាករណ៍ក្នុងការសិក្សាខាងលើនឹងកើតឡើងក្នុងឆ្នាំ ២១០០ ដោយប្រជាជនចំនួន ៣៨ លាននាក់នៅវៀតណាម ប្រជាជនចំនួន២៨ លាននាក់នៅឥណ្ឌូនេស៊ី និងចំនួន ២៣ លាននាក់នៅក្នុងប្រទេសថៃនឹងរស់នៅ ក្នុងតំបន់មួយដែលមានហានិភ័យខ្ពស់ នៃការជន់លិចឆ្នេរសមុទ្រញឹកញាប់ជាង ២១ភាគរយ៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

