រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងធ្វើការដើម្បីពន្លឿនការអនុវត្តការមូលមតិគ្នា ៥ ចំណុចដែលមេដឹកនាំរបស់ប្រទេសនីមួយៗ គួរដោះស្រាយគ្នាដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Vivian Balakrishnan បាននិយាយជាលាយលក្ខណ៍អក្សរឆ្លើយតបនឹងសំណួររបស់សភាថា៖« យើងទទួលស្គាល់ថាការអនុវត្តនូវការព្រមព្រៀងមាន ៥ ចំណុចមានភាពយឺតយ៉ាវ និងមានការខកចិត្តបន្តិចបន្តួច» ។
យើងកំពុងធ្វើការនៅក្នុងអាស៊ានដើម្បីពន្លឿនដំណើរការនេះក្នុងគោលបំណងកាត់បន្ថយស្ថានការណ៍មនុស្សធម៌ ដើម្បីបញ្ឈប់អំពើហឹង្សានៅមីយ៉ាន់ម៉ា ហើយកំណត់បញ្ហានេះឡើងវិញនៅលើមាគ៌ានៃការចរចាដោយផ្ទាល់ ដែលភាគីពាក់ព័ន្ធទាំងអស់គួរដឹកនាំទៅរកភាពប្រក្រតីនៃផ្នែកសន្តិភាព និងស្ថេរភាពសម្រាប់រយៈពេលវែង” ។ នៅក្នុងខែមេសាអាស៊ានបានប្រកាសការមូលមតិគ្នា ៥ ចំណុចដើម្បីឆ្ពោះទៅរកការដោះស្រាយវិបត្តិ ទោះបីមិនទាន់មានពេលវេលាកំណត់ណាមួយ ត្រូវបានព្រមព្រៀងគ្នាក៏ដោយ។
លោក Balakrishnan បាននិយាយថា អាស៊ាននឹងមិនវង្វេងស្មារតីក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយសម្រួល និងគាំទ្រដល់ដំណើរការស្របតាមការឯកភាព ៥ ចំណុច ទោះបីជាដំណោះស្រាយនេះនឹងមិនលឿន ឬងាយស្រួលក៏ដោយ។ លោកបាននិយាយថាប្រទេសសឹង្ហបុរី បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ ដែលជាធាតុសំខាន់នៃដំណោះស្រាយ គឺស្របទៅនឹងជំហររបស់រដ្ឋ។ លោកបានបន្ថែមថាសិង្ហបុរីគោរពយ៉ាងតឹងរឹងនូវកាតព្វកិច្ចអន្តរជាតិស្តីពីការលក់ និងផ្ទេរអាវុធអន្តរជាតិ ហើយគោរពតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឬការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសណាមួយ។
សូមជម្រាបថា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន វៀតណាម និងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំអង្គការសហប្រជាជាតិលោក Kyaw Moe Tun ដែលតំណាងអោយរដ្ឋាភិបាលស៊ីវិល គឺបានជាបោះឆ្នោតគាំទ្រ ការដោះស្រាយនេះ ខណៈប្រទេសព្រុយណេ កម្ពុជា ឡាវ និងថៃបានបដិសេធ៕
ប្រភព៖រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

