អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុន បានធ្វើការតវ៉ាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បន្ទាប់ពីបុគ្គលិកសន្តិសុខ របស់មីយ៉ាន់ម៉ាបានចូលទៅ ក្នុងផ្ទះរបស់បុគ្គលិកស្ថានទូតជប៉ុន និងបុគ្គលិកជំនួយនៅទីក្រុងយ៉ាំងហ្គូន កាលពីខែមេសាហើយបានទាមទារ ឱ្យមានវិធានការដើម្បីទប់ស្កាត់ការកើតឡើងបញ្ហានោះឡើងវិញ។
លោក Katsunobu Kato លេខាធិការខុទ្ទកាល័យបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា
ខណះបុគ្គលិកទាំងអស់ មិនត្រូវបានគេធ្វើបាបពីកងកម្លាំងសន្តិសុខ ប៉ុន្តែវា«បានបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព របស់ជនជាតិជប៉ុន» និងបានរំលោភលើអនុសញ្ញា ទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។
សន្ធិសញ្ញានេះ ចែងពីការការពារអ្នកការទូតពីការចាប់ខ្លួន ឬការឃុំឃាំង និងភាពមិនអាចរំលោភបំពាន បាននៃទីតាំងបេសកកម្ម(កន្លែងស្ថានទូត) ។
លោកកាតូបាននិយាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសុំអភ័យទោសចំពោះ ឧប្បត្តិហេតុដែលបានកើតឡើងនៅយប់ថ្ងៃទី ១៧ ខែមេសានៅឯគេហដ្ឋាន របស់បុគ្គលិកនៅឯស្ថានទូតជប៉ុនក្នុងទីក្រុងយ៉ាំងហ្គូន និងជាសមាជិក នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕
ប្រភព៖ The Japan times
រក្សាសិទ្ធិដោយ៖CEN

