នេះជាហេតុការណ៍គ្រោះមហន្តរាយធម្មជាតិដ៏មហារន្ធត់បំផុតមួយ ដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុន ត្រូវបានគេថតបាន ខណៈពេលដែលការបាក់ដីភក់ដ៏ខ្លាំងក្លាមួយ បានបំផ្លាញ Atami ដែលបណ្តាលឱ្យមនុស្សប្រមាណ ១៩ នាក់បាត់ខ្លួន។

នៅក្នុងខ្សែវីដេអូទូរទស្សន៍ បានបង្ហាញដីភក់អាចត្រូវបានគេមើលឃើញថា បានបាក់ចុះពីលើភ្នំ បានធ្លាក់ចូលផ្ទះប្រជាពលរដ្ឋយ៉ាងសាហាវ និងបណ្តាលឱ្យអ្នកស្រុករត់គេចខ្លួន ដើម្បីរួចផុតពីអាយុជីវិតរបស់ពួកគេ។
នៅក្នុងវីដេអូ ក៏បានបង្ហាញរលកទឹក និងដីភក់ដែលបានបាក់ចុះពីលើភ្នំ បានវាយប្រហារផ្តួលរំលំដើមឈើ ផ្ទះថ្មធំៗឲ្យដួលរាបដល់ដី រួចបន្តគ្របដណ្តប់លើរថយន្តជាច្រើនគ្រឿង ដែលឃើញហើយពិតជាស្លុតរន្ធត់ខ្លាំងណាស់។
ជាលទ្ធផល ផ្ទះប្រជាពលរដ្ឋចំនួន ៨០ ខ្នង ត្រូវបានកប់ក្នុងដីភក់។ ហើយនៅពេលនេះផងដែរ កម្លាំងសង្គ្រោះប្រមាណ ១០០០ នាក់ កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងគ្រោះមហន្តរាយនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសជប៉ុន កំពុងស្ថិតនៅក្នុងរដូវវស្សាប្រចាំឆ្នាំរបស់ខ្លួន ដែលអាចមានរយៈពេលរហូតដល់ច្រើនសប្តាហ៍ ដែលជារឿយៗបង្កឱ្យមានទឹកជំនន់ និងការបាក់ដីកើតឡើង។
អ្នកជំនាញដែលត្រូវបានសម្ភាស ដើម្បីពន្យល់ពីស្ថានភាពនេះបន្ថែមទៀត បាននិយាយថា ការផ្លាស់ប្តូរអាកាសធាតុកាន់តែខ្លាំងឡើង បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







