ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានព្រមានថា ប្រជាជនហ្វីលីពីនណាដែលបដិសេធ ចាក់វ៉ាក់សាំងបង្ការប្រឆាំងវីរុសកូវីដ១៩ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ ខណៈប្រទេសហ្វីលីពីន កំពុងប្រយុទ្ធប្រឆាំងទៅនិងជំងឺនេះដែលកំពុងផ្ទុះឡើងដ៏អាក្រក់ នៅក្នុងចំណោមប្រទេសដទៃទៀតនៅអាស៊ី ដែលមានចំនួនករណីកើតជំងឺកូវីដជាង ១,៣ លាននាក់ និងស្លាប់ ២៣,០០០ នាក់ ផងដែរ។

លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅថ្ងៃច័ន្ទ បន្ទាប់ពីមានរបាយការណ៍ថា មានចំនួនមនុស្សទៅចាក់តិចខ្លាំង នៅតាមកន្លែងចាក់វ៉ាក់សាំងជាច្រើន នៅក្នុងរដ្ឋធានី Manila ថា “អ្នកជ្រើសរើសវ៉ាក់សាំង ឬក៏យកជម្រើសខ្ញុំនឹងអោយអ្នកជាប់គុក” ។
ការចេញមកព្រមានបែបនេះរបស់លោក Duterte គឺត្រូវបានធ្វើឡើង ផ្ទុយពីការលើកឡើង របស់មន្រ្តីក្រសួងសុខាភិបាលរបស់គាត់ ដែលបាននិយាយថា បើទោះបីមានការជម្រុញនៅក្នុងការចាក់វ៉ាក់សាំងនេះក៏ដោយ ក៏ប៉ុន្តែ ការផ្ដល់ជូននូវការចាក់វ៉ាក់សាំងនេះ គឺត្រូវបានធ្វើឡើងដោយការស្ម័គ្រចិត្ដ។

តែទោះយ៉ាងណា លោក Duterte បាននិយាយថា “កុំធ្វើឱ្យខ្ញុំខុសឲ្យសោះ ព្រោះពេលនេះ ក្នុងប្រទេសកំពុងជួបវិបត្តិមួយនេះ។ ខ្ញុំពិតជាធុញទ្រាន់ចំពោះប្រជាជនហ្វីលីពីនណា ដែលមិនអើពើចំពោះគោលការណ៍ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ទាក់ទងទៅនិងការចាក់វ៉ាក់សាំងនេះណាស់”។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរហ្វីលីពីនបានចាក់វ៉ាក់សាំង ការពារប្រជាជនទើបតែបានចំនួន ២,១ លាននាក់ ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាវា គឺជាដំណើរការមានលក្ខណៈយឺតយ៉ាវ ដល់គោលដៅរបស់រដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ៧០ លាននាក់ នៅក្នុងប្រទេសហ្វីលីពីន មានចំនួនសរុប ១១០ លាននាក់ នៅឆ្នាំនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















