ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រកន្លងទៅថា អ៊ីស្រាអែល នឹងបញ្ជូនវ៉ាក់សាំង COVID-១៩ យ៉ាងតិចបំផុត ១ លានដូសទៅកាន់អាជ្ញាធរប៉ាឡេស្ទីន (PA) ក្រោមកិច្ចព្រមព្រៀងមួយ ដើម្បីចែករំលែកការចាក់ថ្នាំបង្ការនៃការឆ្លង។ ការបញ្ចូនខាងលើនេះ គឺដើម្បីជំរុញសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ West Bank និងតំបន់ហ្គាហ្សាដែលប៉ាឡេស្ទីនបានកាន់កាប់។
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានប្រកាសឡើងដោយការិយាល័យថ្មី របស់នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ីស្រាអែលគឺ លោក Naftali Bennett បានយល់ព្រមផ្តល់ឱ្យអ៊ីស្រាអែលនូវវ៉ាក់សាំងជាច្រើនដូស ដែលការដឹកជញ្ជូននឹងមកដល់នៅចុងឆ្នាំនេះ។
កិច្ចព្រមព្រៀងវ៉ាក់សាំងនេះ ស្ថិតក្នុងចំណោមចលនាគោលនយោបាយ ឆ្ពោះទៅរកប្រជាជនប៉ាឡេស្ទីន ដោយលោក Bennett ចាប់តាំងពីលោកបានស្បថ ចូលកាន់តំណែងកាលពីថ្ងៃអាទិត្យកន្លងទៅ និងដើម្បីជំនួសមេដឹកនាំជើងចាស់លោក Benjamin Netanyahu ។
សេចក្តីថ្លែងការណ៍រួមពីការិយាល័យរបស់លោក Bennett និងក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការពារជាតិ បាននិយាយថា អ៊ីស្រាអែលនឹងផ្ទេរទៅឱ្យប៉ាឡេស្ទីននូវវ៉ាក់សាំង Pfizer ចំនួន ១ រឺ១,៤ លានដូស។
អ៊ីស្រាអែលដែលបានដឹកនាំពិភពលោក ដោយការចាក់វ៉ាក់សាំងយ៉ាងរហ័ស បានប្រឈមនឹងការរិះគន់ ចំពោះការមិនមានវិធានការបន្ថែមទៀត ដើម្បីធានានូវការទទួលបាននូវដូសវ៉ាក់សាំង ទៅកាន់ប្រជាជនប៉ាឡេស្ទីន នៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់ក្នុងសង្គ្រាមឆ្នាំ ១៩៦៧ ។
យោងតាមមន្រ្តីប៉ាឡេស្ទីនបានបង្ហាញថា ប្រហែល ៣០ភាគរយ នៃចំនួនប្រជាជនប៉ាឡេស្ទីនដែលមានសិទ្ធិនៅតំបន់ West Bank និងតំបន់ហ្គាហ្សា បានទទួលកម្រិតថ្នាំវ៉ាក់សាំងយ៉ាងហោចណាស់មួយដង។
ក្នុងនោះ ប្រជាជនប៉ាឡេស្ទីន បានទទួល ចាក់វ៉ាក់សាំងពីប្រទេសមួយចំនួនដូចជា៖ អ៊ីស្រាអែល រុស្ស៊ី ចិន អារ៉ាប់រួម និងគំនិតផ្តួចផ្តើមចែកចាយវ៉ាក់សាំង ជាសកលរបស់ COVAX៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

