Sunday, December 5, 2021

ក្រុមហ៊ុន​សាជីវកម្ម​របស់​ចិន និង​ជួយ​រៀបចំ​ជំរុញការប្រើប្រាស់ប្រព័ន្ឋ GPS សម្រាប់បំពាក់លើយានយន្តនិងនាវានៅកម្ពុជា​

ភ្នំពេញ​៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និង​សហការ​ជាមួយក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation ជំរុញការប្រើប្រាស់ប្រព័ន្ឋ GPS សម្រាប់បំពាក់លើយានយន្ត និងនាវា នៅ កម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) និងគណៈប្រតិភូតាម ប្រព័ន្ធវីដេអូពីចម្ងាយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation ឲ្យ​ជួយរៀបចំ និងជម្រុញការប្រើប្រាស់ប្រព័ន្ឋ GPS នេះ​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះមិត្តចិនដែលសម្រេចបាន ជោគជ័យក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប Beiduo GPS នៅទូទាំងពិភព​លោក និងបានស្វាគមន៍ចំពោះក្រុមហ៊ុនដែល​បានត្រៀមបើកការិយាល័យតំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នេះ នៅក្នុងតំបន់អាស៊ាន ដើម្បី​ចូលរួមក្នុងការធានាសុវត្ថិភាព និង​ការដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា “​ក្រសួងត្រៀមលក្ខណៈជាស្រេច ក្នុង​កិច្ចសហការជំរុញការប្រើប្រាស់ ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជា ជាប្រយោជន៍ដល់ការដឹកជញ្ជូន​” ។ ប្រព័ន្ធ GPS Beidou មានសារប្រយោជន៍អាចចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ការបើកបរហួសល្បឿនកំណត់ដោយច្បាប់ និងការ​​តាមដានយានយន្តមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ជាដើម​។​

គួរ​បញ្ជក់​ថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ នៃប្រព័ន្ធ GPS BeiDou នឹងផ្តល់ដង្ហើមជីវិតថ្មី ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋា​ភិបាល និងយុទ្ធសាស្ត្រ ខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ​៕

រក្សាសិទ្ធិដោយ ៖ CEN​