Sunday, December 5, 2021

នុះ​! សម្តេច​ក្រឡាហោម ស ខេង ប្រកាស​នឹង​ត្រៀម​ទម្លាក់​ស័ក្តិ​នគរបាល​ដែល​ដុះ​ក្បាល​ពោះធំៗ​ហួសប្រមាណ ព្រោះថា​…

​នេះ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ក៏​ចូលរួម​គាំទ្រ​ផងដែរ ខណៈដែល​ពេល​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង បានប្រកាស​ពី​ការរៀបចំ​ត្រៀម​ទម្លាក់​ស័ក្តិ​មន្ត្រីនគរបាល​ទាំងឡាយណា ដែល​ដុះ​ក្បាល​ពោះធំៗ​ដ៏​ហួសប្រមាណ​ពេក ដែល​មិន​ស័ក្តិ​សមជា​សមត្ថកិច្ច​ទាល់តែសោះ​។ ការប្រកាស​បែបនេះ គឺធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​អ​ញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រថយន្ត​ចំនួន ៥០ គ្រឿង ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​១៩ នៅក្នុង​ប្រទេស​កម្ពុជា កាល​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ទាក់ទង​នឹង​បញ្ហា​នេះ សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​មាន​អ្នកព័ត៌មាន​សួរ​ខ្ញុំ​ថា តើ​កំណែទម្រង់​ពេលណា​ទើប​ចប់​? ការធ្វើកំណែទម្រង់​ត្រូវធ្វើ​រហូត​ហ្នឹង​! បើ​មន្ត្រីនគរបាល​ដុះ​ក្បាលពោះ​បែប​ហ្នឹង ទៅ​ចាប់​ជនល្មើស​ឯណា​បាន​!?»​។ ហើយ​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​សម្តេច​ក្រឡាហោម ក៏បាន​បង្គាប់​ឲ្យ​មន្ត្រីនគរបាល​ដុះ​ក្បាលពោះ​២​រូប ឡើងមក​ធ្វើ​កាយវិការ​ទុកជា​គំរូ ឲ្យ​ដេក​ផ្កាប់មុខ​ហាត់ប្រាណ ដោយ​ប្រើ​កែងដៃ​ទាំងពីរ​ជា​ទម្រ ដើម្បី​សម្រក​ក្បាលពោះ អស់​រយៈពេល​ប៉ុន្មាន​នាទី​ឡើង​ញ័រ​ជើង ឲ្យ​ដឹង​ប្រឹង​។​

​ជាមួយនឹង​ការលើកឡើង​ពី​បញ្ហា​ត្រៀម​ទម្លាក់​ស័ក្តិ​មន្ត្រីនគរបាល​ដុះ​ក្បាលពោះ​នេះ​ផងដែរ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែមថា មិនមែន​មានតែ​ការទម្លាក់​ស័ក្តិ​មន្ត្រីនគរបាល​ដែល​ដុះ​ក្បាលពោះ​ទេ គឺ​ក្រសួងមហាផ្ទៃ ក៏​នៅ​មានការ​កំណែទម្រង់​ជាច្រើន​ទៀត ហើយ​ការ​កំណែទម្រង់​នេះ​ផងដែរ គឺ​នឹងត្រូវ​ធ្វើឡើង​តាមរយៈ​ការ​បង្កើតជា​ច្បាប់​តែម្តង​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ថ្លែង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កង​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ប្រកាស​ធ្វើកំណែទម្រង់​ដូចនេះ​ផងដែរ គឺ​លែង​ឲ្យ​មាន​មន្ត្រីនគរបាល ដែល «​មិនចេះ​អក្សរ​» នៅក្នុង​ក្របខណ្ឌ​បន្ត​ទៀតហើយ ដោយ​សម្តេច​ក្រឡាហោម បាន​លើកយក​ហេតុផល​ថា កាលសម័យ​សង្គ្រាម ការជ្រើសរើស​មន្ត្រីនគរបាល​គ្រប់​ប្រភេទ ឲ្យ​តែ​កាន់​កាំភ្លើង​កើត ប៉ុន្តែ​នៅ​សម័យ​សន្តិភាព​នេះ ចំពោះ​មន្ត្រីនគរបាល​ដែល​ចូល​បម្រើ​ការងារ​ថ្មី គឺ​ត្រូវតែ​ចេះអក្សរ និង​ត្រូវតែ​ធ្លាប់​ឆ្លងកាត់​ការបណ្តុះបណ្តាល​ផ្នែក​នគរបាល ទើប​អនុញ្ញាត​ឲ្យ​ចូល​បម្រើ​ការងារ​លើ​វិស័យនេះ​បាន​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង