Monday, July 18, 2022

ផលិតផល​អន​ឡាញ​៥​មុខ ត្រូវ​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ប​ញ្ឈ​ប់​ការប្រើប្រាស់​ជាបន្ទាន់​

​នា​ព្រឹក​ថ្ងៃទី​២០​មករា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ស្តីពី​ការហាមឃាត់​ការចែក​ចាយ​និង​ប្រើប្រាស់​នូវ​ផលិតផល​អន​ឡាញ​ចំនួន​៥​មុខ ដែល​គ្មាន​លេខ​បញ្ជី​កា ឬ​លេខ​ប្រវេទន៍​ត្រឹមត្រូវ​។​

​ការហាមឃាត់​ផលិតផល​ក៏ដូចជា​គណនី​ហ្វេ​ស​បុក​បម្រើឱ្យ​ការលក់​ផលិតផល​ទាំងនោះ​រួមមាន​៖
១. RR Serum Detox by Vyta និង RR Serum Detox Cambodia កំពុង​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​ឈ្មោះ ANTI POLLUTION (RR Serum)​។​

២.BOM Store និង Ah Chhing កំពុង​ផ្សព្វផ្សាយ​លក់​វីតាមីន​ឡើង​គីឡូ គ្មាន​លេខ​បញ្ជី​កា​ពី​ក្រសួងសុខាភិបាល ព្រមទាំង​ផ្សព្វផ្សាយ​ភូតកុហក​និង​បំ​ភ្លើ​ស​ហួស​ពី​ការពិត ដូចជា ជួយ​ព្យាបាល​ជំងឺ​ធ្លាក់ស ក្តៅ​ក្នុង ក្រពះ ពោះវៀន គេង​លក់​ស្រួល​និង​មាន​ចំណង់​អាហារ។​

៣.​សិទ្ធិការ្យ Sethika, សារាយ​នឹមនួន​លក់​សារាយសមុទ្រ​ជប៉ុន​សុទ្ធ​១០០%, Lone Man, សារាយសមុទ្រ​ស្ពី​រ៉ូ​លី​ណា ផលិតផល​ជំនួយ​សុខភាព​, Deep Ocean water spirulina blend2200 tablet, ស្ពី​រ៉ូ​លី​ណា​អាហារ​សុខភាព​លេខ​១, Ame Spirulina, Marey Muorn, SI Noun Storeline កំពុង​ផ្សព្វផ្សាយ​ផលិតផល​បំប៉ន​សុខភាព SPIRULINA របស់​ជប៉ុន​ដោយ​គ្មាន​បញ្ជី​ការ​។​

៤.Organic Beauty Co.,ltd កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​និង​គ្រឿងសម្អាង​គ្មាន​លេខ​បញ្ជី​កា​។​

៥.SNT nose clinic កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល Focus Factor និង K&T collection ដោយ​គ្មាន​លេខ​បញ្ជី​កា​ត្រឹមត្រូវ​។​

​ក្រសួង​បានបញ្ជាក់​ទៀតថា រាល់​ការ​ចរាចរ​ឱសថ ឬ​ផលិតផល​គ្រឿងសម្អាង​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​លេខ​បញ្ជី​កា ឬ​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនោះ​តម្រូវឱ្យមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ផងដែរ​។ ហើយ​ដើម្បី​សុវត្ថិភាព​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​សុខភាព ឈានដល់​ការបាត់​បង់ជីវិត ក្រសួង​តម្រូវឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ប​ញ្ឍ​ប់​ការប្រើប្រាស់​ជាបន្ទាន់​។ ហើយ​ចំពោះ​គណនី​ហ្វេ​ស​បុក​ខាងលើ​ក្រសួង​នឹងមាន​វិធានការ​យ៉ាង​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​៕ រក្សា​សិទ្ធ​ដោយ​៖ កូ​លាប​ក្រហម​