Monday, July 18, 2022

ស្លាប់​២​នាក់ របួសធ្ងន់​២​នាក់ ករណី​រថយន្ត​Hyundai រេ​ចង្កូត​មក​បុក​រថយន្ត​Toyota នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ករណី​រថយន្ត​២​គ្រឿង​បុក​គ្នា​កាលពី​វេលា​ម៉ោង​ជិត​១២​យប់ ថ្ងៃទី​១៦​មករា ឆ្នាំ​២០២១ នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩៧-១៩៨​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​នេះ​កើតឡើង​រវាង​រថយន្ត ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3E-7497 ទិសដៅ​ភ្នំពេញ​-​ព្រះសីហនុ (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​) មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​រថយន្ត​ម៉ាក TOYOTA COROLLA ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ​ភ្នំពេញ 2C-0818 ដែលមាន​ទិសដៅ​ផ្ទុយគ្នា បើកបរ​ដោយ​ឈ្មោះ យី ផ​ល្លេង ភេទ​ស្រី អាយុ ៤៨​ឆ្នាំ​(​ស្លាប់​នៅ​និង​កន្លែង​) និង​អ្នករួមដំណើរ​ចំនួន ០៣​នាក់​ផ្សេងទៀត ទី​១.​ឈ្មោះ លីន អាយុ ២៩​ឆ្នាំ​(​ស្លាប់​នៅ​និង​កន្លែង​) ទី​២.​ឈ្មោះ ទេស អាទិ​ការ ភេទ​ស្រី អាយុ ៤១​ឆ្នាំ (​រងរបួស​ធ្ងន់​), ទី​៣.​ឈ្មោះ សា​សា ភេទ​ប្រុស អាយុ ១១​ឆ្នាំ (​រងរបួស​ធ្ងន់​) អ្នក​ទាំង​បួន​មាន​ទីលំនៅ​ភូមិ​ដូន​លយ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​បច្ចុប្បន្ន​សព​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ ចំណែក​អ្នករបួស​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​វត្ថុតាង​រថយន្ត​ទាំងពីរ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ករ​បាន​រត់គេចខ្លួន​បាត់ស្រមោល​៕ រក្សា​សិទ្ធិ​ដោយ​៖ កូ​លាប​ក្រហម​